ភ្នំពេញៈ ក្រសួងបរិស្ថានកម្ពុជា និងប្រទេសហុងគ្រីនឹងសហប្រតិបតិ្តការគ្នាលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើម្បីអនុវត្តគម្រោងសាកល្បងដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងទីក្រុងនៅតាមបណ្តាខេត្តមួយចំនួន។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថានក្នុងទំព័រហ្វេសប៊ុកកាលពីចុងសប្តាហ៍មុន។
ក្នុងជំនួបកាលពីថ្ងៃសុក្ររវាងលោក Zoltan Gyorgy Horvath តំណាងស្ថានទូតហុងគ្រីប្រចាំកម្ពុជា និងលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានគឺភាគីទាំង ២ បានពិភាក្សា និងពិនិត្យមើលកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងទឹកកខ្វក់នៅតាមទីក្រុងនៃខេត្តមួយចំនួន។ ទោះជាយ៉ាងណា ភាគីទាំង ២ មិនទាន់បញ្ជាក់ពេលវេលាជាក់លាក់ដែលនឹងត្រូវអនុវត្តនោះទេ ហើយក៏មិនទាន់បង្ហាញថា ខេត្តណាខ្លះដែលនឹងត្រូវចាប់ផ្តើមអនុវត្តជាបន្តបន្ទាប់នោះដែរ។
ហ្វេសប៊ុកក្រសួងបញ្ជាក់ថា៖ «ក្នុងជំនួបនេះ ភាគីទាំង ២ បានពិភាក្សាផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងរៀបចំឱ្យមានអាងប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់។ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន និងប្រទេសហុងគ្រីនឹងមានរៀបចំកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីអនុវត្តគម្រោងសាកល្បង ដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងទីក្រុងនៅតាមបណ្តាខេត្តមួយចំនួន»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានមិនទាន់អាចអធិប្បាយលម្អិតបានទេជុំវិញបញ្ហានេះកាលពីថ្ងៃចន្ទ ដោយលោកប្រាប់ថា មន្ត្រីជំនាញបាននិងកំពុងធ្វើការងារលើកិច្ចការនេះ។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព ប្រាប់ភ្នំពេញប៉ុស្តិ៍ថា បញ្ហាទឹកកខ្វក់ក្នុងទីក្រុងឃើញថានៅតែជាបញ្ហាប្រឈមច្រើនសម្រាប់កម្ពុជា។ បញ្ហាធំជាងគេគឺកើតចេញពីការរៀបចំប្រព័ន្ធលូ។ លោកថា កន្លងមករដ្ឋាភិបាលសម្រុកធ្វើតែផ្លូវ ប៉ុន្តែមិនសូវបានដាក់លូនោះទេ។ មួយវិញទៀតបឹងក្នុងទីក្រុងមួយចំនួនសម្រាប់រំដោះទឹកនោះ ត្រូវបានចាក់ដីលុប ហើយទីក្រុងអាចរំដោះទឹកគឺត្រូវពឹងលើបឹង។ តែបើទីក្រុងគ្មានបឹង ទីក្រុងនោះប្រាកដជាលិចលង់។
លោកបន្តថា នៅតាមបណ្តាខេត្ត ទឹកកខ្វក់មួយចំណែកកើតចេញពីការប្រើប្រាស់របស់ប្រជាពលរដ្ឋ ប៉ុន្តែភាគច្រើនគឺកើតចេញពីរោងចក្រ។ អាជ្ញាធរមិនបានសិក្សាស្រាវជ្រាវដើម្បីបង្ហាញ ថាតើទឹកកខ្វក់នៃរោងចក្រនោះមានជាតិពុលប៉ះពាល់សុខភាព និងបរិស្ថានយ៉ាងណានោះទេ។
លោក យ៉ង់ គិមអេង បញ្ជាក់ថា៖ «ហើយរោងចក្រនោះគាត់គិតតែផលចំណេញរបស់គាត់។ គាត់ក៏អត់មានខ្វល់ពីបរិស្ថាន ខ្វល់ថាវាធុំក្លិន វាមានការលំបាកដល់អ្នកដទៃទេ។ លទ្ធភាពនៃការត្រួតពិនិត្យរបស់អាជ្ញាធរ ខ្ញុំមិនដឹងថា លោកត្រួតពិនិត្យយ៉ាងម៉េចដែរ? ហើយនៅដដែលៗអ៊ីចឹងទៅ។ អត់សូវមានដំណោះស្រាយ។ កន្លែងខ្លះគេធ្វើល្អដែរ។ គេមានដំណោះស្រាយ។ គេឱ្យក្រុមហ៊ុនហ្នឹងដោះស្រាយ។ គេឱ្យអាជ្ញាធរថ្នាក់ក្រោមហ្នឹងចូលរួមដោះស្រាយអ៊ីចឹងទៅ។ កន្លែងណាមាន (ដំណោះស្រាយ) អ៊ីចឹងទៅធ្វើឱ្យបរិស្ថានមិនសូវមានបញ្ហាដែរ»។
កាលពីចុងឆ្នាំ ២០១៧ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងបានណែនាំឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធអនុវត្តការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងទីប្រជុំជនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងតំបន់រមណីយដ្ឋាន ឬមណ្ឌលកម្សាន្តនៅកម្ពុជាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ និងការអភិរក្សជីវចម្រុះ។
កាលពីដើមខែវិច្ឆិកា លោក Yuichi SUGANO តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា និងឧបនាយករដ្ឋមន្ដ្រី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនូវចំនួនទឹកប្រាក់ ២ ៧៧៧ លានយ៉េន ឬស្មើ ២៧ លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០២០ នៅតំបន់បឹងជើងឯកក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ដោយសាងសង់រយៈពេល ៣២ ខែ។ នេះបើតាមការប្រកាសរបស់ JICA។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីខែសីហា បានឱ្យដឹងថា នៅឆ្នាំ ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ហើយត្រូវបានព្យាករថា នឹងកើនឡើងដល់ ៤៧ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ នៅឆ្នាំ ២០២៣ និងអាចបន្តកើនឡើងរហូតដល់ ៦៤ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ នៅឆ្នាំ ២០៣០។ បញ្ហាទាំងនេះទាមទារឲ្យមានវិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាព និងបន្ទាន់ ដើម្បីកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ៕