ភ្នំពេញៈ គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិ​ការរក្សា​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ឡាវ​ បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​នៃ​ការថែរក្សា​សន្តិសុខ និង​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​បណ្ដោយ​ព្រំដែន​រវាង​កម្ពុជា-ឡាវ​ តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ (Video Conference) ​ពី​ចុង​សប្តាហ៍​មុន នៅ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​។

លោក​ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិ​ការរក្សា​សន្តិសុខ របៀបរៀបរយ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ឡាវ​ ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​កាលពី​ថ្ងៃទី​ ៦ វិច្ឆិកា ជួបប្រជុំ​ជាមួយ​ភាគី​ឡាវ ដឹកនាំ​ដោយ​លោក​ ចាន់ថន សនតាអាត នាយអគ្គសេនាធិការរង​នៃ​កងទ័ព​ប្រជាជន​ឡាវ​រួម​ជាមួយ​សមាជិក​។

បើ​តាម​មេទ័ព​រូបនេះ​កិច្ចប្រជុំ​នោះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ភាគី​ទាំង​ ២ ​ជួប​ជជែក​គ្នា​បន្ត​ក្នុង​ការពង្រឹង​ពង្រីក​ចំណង​ទាក់ទង​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សន្តិសុខ របៀបរៀបរយ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​មាន​ស្ថិរភាព សន្តិសុខ​កាន់តែ​ល្អ និង​សន្តិភាព​ពិត​។ ជាពិសេស​បង្ក្រាប​រាល់​បទល្មើស​ និង​បទឧក្រិដ្ឋ​ឆ្លងដែន​ខុសច្បាប់​។

លោក​ថា​៖ «​យើង​ជា​ប្រទេស​ជិតខាង​គ្នា អ៊ីចឹង​ត្រូវតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​អ៊ីចឹង​ហើយ​។ កិច្ចប្រជុំ​នេះ​គឺ​យើង​ប្រជុំ​ប្រចាំឆ្នាំ​ដើម្បី​ឱ្យ​ភាគី​ទាំង​ ២ ​ស្គាល់​ពី​សមាសភាព​គ្នា​ទៅវិញ​ទៅមក​។ លើសពី​នេះ​យើង​ជជែក​គ្នា​អំពី​ការទប់ស្កាត់​បទល្មើស​នានា​តាម​ព្រំដែន​កម្ពុជា-ឡាវ​ក៏​ដូចជា​បទល្មើស​ឆ្លងដែន​។ កន្លងមក​យើង​បាន​ធ្វើការ​ច្រើន​ជាមួយ​គ្នា​។ ប្រសិន​មាន​សកម្មភាព​បទល្មើស​គួរឱ្យ​សង្ស័យ​ណាមួយ​គឺ​ភាគី​ឡាវ រាយការណ៍​មក​កម្ពុជា ហើយ​កម្ពុជា​ក៏​រាយការណ៍​ប្រាប់​ទៅ​ឡាវ​វិញ​ដែរ​។ ភាគី​ទាំង​ ២ ​ចាត់​វិធានការ​ទាន់​ពេលវេលា​»​។

ក្នុង​កិច្ចប្រជុំ​លោក​ ចាន់ថន សនតាអាត សំណូមពរ​កម្ពុជា​បន្ត​ពិភាក្សា​គ្នា​ទៀត​តាម​ពេល​កំណត់​រៀងរាល់​ឆ្នាំ និង​រួមគ្នា​ដោះស្រាយ​គ្រប់​បញ្ហា​ដែល​កើតឡើង​៕