
លោក ប្រាក់ សុខុន ជាមួយលោក Lorenzo Galanti (ឆ្វេង) ឯកអគ្គរដ្ឋទូតអុីតាលីថ្មី ប្រចាំកម្ពុជា។ ហុង មិនា
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចង់ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអុីតាលីដើម្បីដោះស្រាយបញ្ហាក្នុងប្រទេសទាំង ២ ជាអ្វីដែលមន្ត្រីការទូតអុីតាលីស្វាគមន៍។ នេះបើតាមលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការលើកឡើងកាលពីម្សិលមិញ គឺនៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន ជាមួយលោក Lorenzo Galanti ឯកអគ្គរដ្ឋទូតអុីតាលីថ្មី ប្រចាំកម្ពុជាដែលទើបត្រូវបានតែងតាំង។
បន្ទាប់ពីជំនួបនេះលោក កេត សោផាន់ បានប្រាប់អ្នកសារព័ត៌មានថា លោក ប្រាក់ សុខុន បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ពាក់ព័ន្ធនឹងនយោបាយដើម្បីធ្វើជាយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំង ២។
លោកថា យន្តការនេះ ភាគីទាំង ២ អាចជួបពិភាក្សាគ្នាឲ្យបានទៀងទាត់ ក្នុងការកំណត់បញ្ហាអ្វីដែលប្រទេសទាំង ២ មានឧទាហរណ៍ដូចថ្មីៗនេះ សហភាពអឺរ៉ុបបានអនុម័តវិធានការជុំវិញការនាំអង្ករពីកម្ពុជាជាដើម។
លោកថា៖ «ឯកឧត្តម ប្រាក់ សុខុន បានឆ្លៀតលើកឡើងអំពី EBA នៃ EU នេះ ហើយក៏និយាយពីនយោបាយក្រោយពីបោះឆ្នោតគឺបានប្រកបដោយសន្ដិភាព គ្មានអំពើហិង្សា និងខិតខំអនុវត្តវិធានការជាច្រើន រួមទាំងលំហនយោបាយ»។
លោក សោផាន់ ថា លោក ប្រាក់ សុខុន បានស្នើឲ្យបង្កើនកំណើនពាណិជ្ជកម្មរវាងប្រទេសទាំង២ហើយគួររៀបចំឲ្យមានវេទិកាគណៈប្រតិភូទស្សនកិច្ចរវាងប្រទេសទាំង ២ ឲ្យបានញឹកញាប់ និងទៀងទាត់។
លោកបន្តថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន គឺជាចំណុចសំខាន់ដើម្បីឲ្យប្រទេសទាំង ២ ស្គាល់គ្នាកាន់តែច្រើន។ ក្នុងនោះប្រទេសទាំង ២ មានអនុស្សរណៈចំនួន ២ ដែលបានចុះហត្ថលេខារួចហើយគឺអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងវប្បធម៌។
ក្នុងជំនួបនោះ លោក Lorenzo Galanti បានស្វាគមន៍សំណើកម្ពុជាដោយលោកថ្លែងថា អុីតាលីមានចំណងទាក់ទងគ្នាជាមួយកម្ពុជាយូរឆ្នាំមកហើយ ដោយបាននិងកំពុងបន្តទំនាក់ទំនងនេះថែមទៀត។ លោកបានទទួលស្គាល់ការរីកចម្រើនរបស់កម្ពុជា។
លោកថា៖ «ពិសេសហេដ្ឋារចនាសម្ព័ន្ធ សំណង់ កំណើនប្រាក់ខែកម្មករ ជារួមគឺសេដ្ឋកិច្ចកម្ពុជា រីកចម្រើនខ្លាំងលោកសូមអបអរសាទរ»៕