
កម្មការិនីដួលសន្លប់បានបញ្ជូនមកមន្ទីរព្យាបាលខេត្តតាកែវ ម្សិលមិញ។ រូប CEN
តាកែវៈ កម្មកររោងចក្រកាត់ដេរនៅរោងចក្រ វូណាមី ចំនួន ៤៤ នាក់ នៅខេត្តតាកែវត្រូវបានគេដឹកយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានដួលសន្លប់តាមគ្នាជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃម្សិលមិញ។ មន្ត្រីក្រសួងការងារបាននិយាយថា ក្រសួងនឹងមានវិធានការដើម្បីការពារកុំឱ្យមានកម្មករដួលសន្លប់បន្ថែមទៀត។
លោក ភួម ឈីម អភិបាលស្រុកបាទីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា កម្មករនៅក្នុងរោងចក្រកាត់ដេរឈ្មោះ វូណាមី ស្ថិតក្នុងភូមិសំរោង ឃុំសូភី ស្រុកបាទី ដែលបានដួលសន្លប់ចំនួន ៤៤ នាក់ គឺត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងតាមគ្លីនិកដែលស្ថិតនៅក្បែររោងចក្រនោះ។
លោកបន្តថា មន្ត្រីមន្ទីរការងារខេត្ត មន្ត្រីបេឡាជាតិរបបសន្ដិសុខសង្គម និងកាកបាទក្រហមខេត្តជាដើមបានចុះទៅសួរសុខទុក្ខ និងផ្ដល់អំណោយមួយចំនួនឲ្យទៅដល់ក្រុមកម្មករដួលសន្លប់ទាំងនោះដោយសង្គ្រោះ និងបានពិនិត្យឃើញថា ពួកគាត់មានអាការធូរស្បើយវិញហើយ។
លោកថា៖ «នៅភូមិសាស្ដ្រខ្ញុំនេះ គឺពិតជាមានករណីកម្មករដួលសន្លប់មែន។ ប៉ុន្តែខ្ញុំមិនអាចបកស្រាយថា តើមូលហេតុអ្វីបានជាដួលសន្លប់ ហើយចាំសួរមន្ត្រីក្រុមការងារក្រសួងជំនាញវិញ»។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជាបង្ហោះតាមហ្វេសប៊ុកថា កម្មករ-កម្មការិនីទាំងនោះបានដួលសន្លប់នៅម៉ោង ៨ និង ២០ នាទីព្រឹក ដោយលោកបានចាត់ទុកការដួលសន្លប់របស់កម្មករនេះថា គឺបង្ហាញពីការមិនយកចិត្តទុកដាក់របស់និយោជកមកលើកម្មករ។
លោក ប៉ាវ ស៊ីណា បានប្រាប់ភ្នំពេញប៉ុស្ដិ៍បន្ថែមថា ករណីដួលសន្លប់នេះគឺផ្ដើមចេញពីកម្មការិនីម្នាក់ដែលមិនស្រួលខ្លួន និងស្លេកស្លាំងបានដួលសន្លប់មុនគេ និងបានធ្វើឱ្យកម្មករដែលមានស្មារតីទន់ខ្សោយមួយចំនួនទៀតដួលសន្លប់តាមក្រោយជាបន្តបន្ទាប់។ ជាទូទៅការដួលសន្លប់ដោយសារកត្តាសុខភាពបែបនេះ គឺដោយសារក្រុមកម្មករបរិភោគអាហារខ្វះជីវជាតិ និងគ្មានអនាម័យ និងបូករួមទាំងបរិយាកាសមិនល្អនៅក្នុងរោងចក្រ។
លោកថា៖ «សម្រាប់ខ្ញុំគឺស្នើសុំដល់ស្ថាប័នជំនាញដូចជាក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម និងក្រសួងការងារជាដើម ធ្វើការត្រួតពិនិត្យរោងចក្រទាំងអស់ឱ្យបានដិតដល់ ហើយប្រសិនបើរកឃើញមានរោងចក្រមិនបានគោរពទៅតាមបទដ្ឋានច្បាប់តម្រូវទេ គឺត្រូវតែមានវិធានការឱ្យបានច្បាស់លាស់ ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់កម្មករ»។
លោកបន្ថែមថា៖ «ហើយខ្ញុំក៏ស្នើដល់ក្រសួងពាក់ព័ន្ធបន្ថែមដែរ គឺធ្វើម៉េចយកចិត្តទុកដាក់ដោយមានកម្មវិធីចុះពិនិត្យសុខភាពកម្មករនៅតាមរោងចក្រឱ្យបានញឹកញាប់បន្តិច ដើម្បីតាមដានអំពីសុខភាពពួកគាត់ ដោយសារពួកគាត់ត្រូវធ្វើការតាំងពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ហើយមិនសូវមានពេលគ្រប់គ្រាន់ដើម្បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យនោះទេ»។
លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីបានថ្លែងថា កម្មការិនីដែលបានដួលសន្លប់មុនគេគឺជាស្ដ្រីមានផ្ទៃពោះដែលចូលធ្វើការក្នុងរោងចក្រវិញ ក្រោយពីទើបនឹងហត់នឿយក្នុងការរៀបចំពិធីបុណ្យសពឱ្យម្ដាយ។
លោកថា៖ «នារីម្នាក់គាត់ពោះធំ ហើយគាត់ទើបធ្វើបុណ្យម្ដាយហើយ ដល់ហើយមកធ្វើការងារវិញ បែបហត់នឿយ និងទ្រុឌទ្រោមក៏វិលមុខដួលសន្លប់អ៊ីចឹងទៅ ហើយកម្មករផ្សេងៗទៀតឃើញក៏ដួលសន្លប់តៗគ្នាទៅ។ កម្មករយើង ឱ្យតែបានដួល ១ ដួល ២ គឺដឹងតែដួលជាហូរហែហើយ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ក្រសួងនឹងពិនិត្យអំពីករណីដួលសន្លប់នៅក្នុងរោងចក្រនេះ ហើយចាត់វិធានការដើម្បីទប់ស្កាត់កុំឱ្យមានករណីដួលសន្លប់កម្មករបែបនេះកើតឡើងបន្តទៀត។ លោកថា៖ «ខាង ប.ប.ស និងមន្ទីរការងារបានចុះអន្តរាគមន៍ដោយទី ១ ខិតខំសង្គ្រោះ ទី ២ ព្យាបាល ហើយទី ៣ យើងនឹងពិនិត្យវាយតម្លៃរកមូលហេតុ ដើម្បីចាត់វិធានការបង្ការ»៕