ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​មិន​យក​កម្រៃ​លើ​សេវា​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង និង​កាណូត​សាធារណៈ​របស់​រដ្ឋ​រយៈពេល​ ២ ​ឆ្នាំ​បន្ត​ទៀត ចំពោះ​កម្មករ-កម្មការិនី ស្របពេល​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ រដ្ឋាភិបាល​ក៏​នឹង​ផ្តល់​ការ​ជិះ​រថយន្តក្រុង និង​កាណូត​រយៈពេល​ ៥ ​ថ្ងៃ​ដោយ​មិន​គិតថ្លៃ​ផង​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល-រាជធានី​ភ្នំពេញ​ចុះហត្ថលេខា​ដោយ​អភិបាល​រាជធានី​លោក​ ឃួង ស្រេង កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជាក់​ថា​ការធ្វើ​ដំណើរ​តាម​រថយន្តក្រុង និង​កាណូត​សាធារណៈ​រយៈពេល​ ២ ​ឆ្នាំ​បន្ត​ដោយ​មិន​គិតថ្លៃ​នេះ​នឹង​ចាប់ពី​ថ្ងៃទី​ ១ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ ដល់​ថ្ងៃទី​ ១ ខែ​ កញ្ញា ឆ្នាំ​ ២០២១ បន្ទាប់ពី​គម្រោង​នេះ​បាន​អនុវត្ត​រយៈពេល​ ២ ​ឆ្នាំ​ រួច​មក​ហើយ​កាលពី​ឆ្នាំ​ ២០១៧​។

លិខិត​ដដែល​បន្តថា​៖ «​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក៏​ដូចជា​ជួយ​សម្រួល​ដល់​ការចំណាយ​ក្នុង​ការធ្វើ​ដំណើរ​របស់​កម្មករ-កម្មការិនី​នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ត្រី [​ហ៊ុន សែន​] បានអនុញ្ញាត​ជាគោលការណ៍​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​មិន​យក​កម្រៃ​សេវា​ចំពោះ​កម្មករ-កម្មការិនី​ទាំងអស់​ដែល​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ (City Bus) ​និង​កាណូត​សាធារណៈ​ (Taxi Boat) ដោយ​គ្រាន់តែ​បង្ហាញ​កាត​ធ្វើ​ការងារ​ទៅ​ភ្នាក់ងារ​បម្រើសេវា​របស់​រដ្ឋាករ​នឹង​ទទួល​បាន​សេវា​នេះ​ភ្លាម​»​។

ជាមួយ​គ្នា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ចេញ​លិខិត​មួយច្បាប់​ទៀត​នៅ​ថ្ងៃ​ដដែល​ដោយ​បង្ហាញ​អំពី​ទីតាំង​ចេញ​ដំណើរ​ទៅតាម​បណ្ដា​ខេត្ត និង​ផ្លូវជាតិ​ដែល​មាន​រថយន្ដក្រុង​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​ ១២០ ​គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​រយៈពេល​ ៥ ​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​ ២៦ ដល់​ថ្ងៃទី​ ៣០ ខែ​ កញ្ញា ឆ្នាំ​ ២០១៩​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​លើក​ឡើង​ថា ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំណើរ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ជួបជុំ​ក្រុមគ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏​បាន​សម្រេច​បញ្ចេញ​រថយន្ដ​ក្រុង​ទាំងនេះ​។ ក្នុង​នោះ​ដែរ​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ក៏​អាច​ប្រើប្រាស់​សេវា​រថយន្ដ​ក្រុង និង​កាណូត​សាធារណៈ ដោយ​មិន​គិត​កម្រៃ​សេវា​ដូចគ្នា​ផងដែរ​។

អាជ្ញាធរ​ភ្នំពេញ​បញ្ជាក់​ថា​៖ «​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ដ​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់​ឲ្យ​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល ដោយ​ពុំ​ដំឡើង​ថ្លៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​»​។

កម្មករ​រោងចក្រ​ម្នាក់​នៅក្នុង​រោងចក្រ W&D តាម​បណ្តោយ​ផ្លូវ​ចម្ការដូង លោក​ ប៊ុន គីមសាន ដែល​ធ្លាប់​បាន​ប្រើប្រាស់​សេវាកម្ម​ឡានក្រុង​របស់​រដ្ឋ​ជា​ញឹកញាប់​បាន​និយាយថា វា​ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​ផ្តល់​សេវាកម្ម​នេះ ដល់​កម្មករ​ដោយ​មិន​យក​ថ្លៃ​បន្តទៀត​។ លោក​ថា សេវាកម្ម​នេះ​ពិតជា​បាន​ចូលរួម​ជួយ​សម្រាល​បន្ទុក​ដល់​កម្មករ​កម្មការិនី​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ពិតមែន​។

ប៉ុន្តែ​លោក​បញ្ជាក់​ថា​៖ «​ជិះ​ពី​រោងចក្រ​មក​ផ្ទះ​ពី​ផ្ទះ​ទៅ​រោងចក្រ​គេ​អត់​យកលុយ បើ​យើង​បង្ហាញ​កាត​រោងចក្រ​ដែល​យើង​កំពុង​បំពេញការងារ​របស់​យើង​ហ្នឹង​។ គេ​មិន​យក​ថវិកា​មែន ប៉ុន្តែ​គ្រាន់តែ​ថា វា​ពិបាក​ក្នុង​ការធ្វើ​ដំណើរ ព្រោះ​វា​រាង​យឺត​បន្តិច ព្រោះ​តែ​វា​ស្ទះផ្លូវ ហើយ​ខាង​រោងចក្រ​មាន​ពេលវេលា មិន​សមស្រប​ជាមួយ​ម៉ោង​ធ្វើ​ដំណើរ​ឡាន​ហ្នឹង​»​។

លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ និយាយ​ថា ការប្រកាស​នេះ​គឺជា​រឿង​ល្អ​សម្រាប់​កម្មករ ព្រោះ​អាច​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​កម្មករ​បាន​ខ្លះ ប្រសិន​បើ​កម្មករ​ប្រើប្រាស់​សេវា​នេះ​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​។

លោក​បាន​បញ្ជាក់​ថា​៖ «​តែ​ខ្ញុំ​នៅតែ​សង្កេត​ឃើញ​ថា កម្មករ​ហាក់​ប្រើប្រាស់​សេវា​នេះ​តិចតួច​នៅ​ឡើយ ពីព្រោះ​ចរាចរណ៍​នៅក្នុង​ទីក្រុង​របស់​យើង​មាន​ភាព​កកស្ទះ​ស្ទើរតែ​គ្រប់​ផ្លូវ ដូច្នេះ​បើក​ម្មករ​ប្រើប្រាស់​សេវា​នេះ ដើម្បី​ទៅ​បំពេញ​ការងារ​អាច​នឹង​ធ្វើឱ្យ​ពួកគាត់​យឺត​ពេល​»​។

លោក​ អ៊ាន សុខឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃ​ទី​ ១ ខែ ​កញ្ញា ថា​ចំពោះ​សេចក្តី​សម្រេច​នេះ រដ្ឋាករ​ស្វយ័ត​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការអនុវត្ត​បទបញ្ជា​ថ្មី ដោយ​ធ្វើ​យ៉ាងណា​ផ្តល់​សេវា​កម្មនេះ​ឲ្យ​បានល្អ​ជូន​ប្រជាពលរដ្ឋ​ក៏​ដូចជា​កម្មករ កម្មការិនី សិស្ស និស្សិត ជាដើម​ឲ្យ​ពួកគេ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ការសម្រេច​ឲ្យ​ពួកគាត់​ជិះ​មិន​គិតថ្លៃ​នេះ​គឺ​យើង​រីករាយ ព្រោះ​បាន​សម្រួល​បន្ទុក​ចំណាយ​របស់​ពួកគាត់ ដោយ​មិន​មាន​បញ្ហា​អ្វី​ទេ​។ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការដឹកជញ្ជូន​ពី​រាជធានី​ទៅ​ខេត្ត​ពី​ខេត្ត​មក​រាជធានី​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នេះ យើង​បាន​ត្រៀម​លក្ខណៈ​រួចរាល់​អស់​ហើយ ឡាន​និង​អ្នកបើកបរ​បាន​ត្រៀម​រួច​អស់​ហើយ​ដោយ​មិនមាន​អ្វី​ព្រួយបារម្ភ​នោះទេ​»​។

បើ​តាម​លោក​​ អ៊ាន សុខឃីម ឲ្យ​ដឹងថា​ក្នុង​មួយ​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ២៥ ០០០ ​នាក់​ ប្រើប្រាស់​សេវាកម្ម​រថយន្តក្រុង និង​កាណូត​។ ក្នុងនោះ​មាន​ប្រមាណ​ ៦០ ​ភាគរយ ​ដែល​ប្រើប្រាស់​សេវាកម្ម​ទាំងនេះ​ដោយ​មិន​គិតថ្លៃ ខណៈ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្តក្រុង​ជាង​ ២៣៥ ​គ្រឿង និង​កាណូត​ ៤ ​គ្រឿង​ សម្រាប់​ផ្គត់ផ្គង់​សេវាកម្ម​នេះ​ដល់​ប្រជាពលរដ្ឋ​៕