ភ្នំពេញៈ កម្មករ​រោងចក្រ Benoh Apparel ដែល​បាន​វិល​ត្រឡប់​មក​ធ្វើការ​វិញ​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល​ ២ ​ខែ​នោះ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ក្រោយ​ពី​ថៅកែ​រោងចក្រ​រត់​ចោល​កម្មករ​មិន​បើក​ប្រាក់ខែ​ឲ្យ ហើយ​ទាមទារ​សំណង​ពី​រាជរដ្ឋាភិបាល​។

កម្មករ​ប្រមាណ ២០០ នាក់​បាន​នាំ​គ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​ខាង​ក្រៅ​របង​បេតុង​រោងចក្រ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ខ្សែលួស​បន្លា​។ ប៉ូលិស​ប្រដាប់​អាវុធ​បាន​អង្កេត​មើល ខណៈ​ដែល​មេដឹកនាំ​សហជីព​បាន​និយាយ​ដាក់​ប្រដាប់​បំពង​សំឡេង​។

រោងចក្រ​នេះ​បាន​ផ្អាក​សកម្មភាព​នៅ​ក្នុង​កាលៈទេសៈ​ដ៏ចម្រូង​ចម្រាស​កាលពី​ខែ​វិច្ឆិកា​ដោយ​បាន​ប្រាប់​ទៅ​កម្មករ​ប្រមាណ ៦០០ នាក់​ក្នុង​ចំណោម​កម្មករ​ទាំងអស់ ១០០០ នាក់​ឱ្យ​ត្រឡប់​មក​ធ្វើការ​វិញ​នៅ​ខែ​មករា​ហើយ​នៅ​ពេល​នោះ​បាន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​តែ ៣០ ដុល្លារ​ប៉ុណ្ណោះ​។ ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​ ២០១៧ គឺ ១៥៣ ដុល្លារ​។

អ្នកនាង ម៉ុន មករា អាយុ ៣១ ​ឆ្នាំ​ដែល​ធ្វើការ​ក្នុង​រោងចក្រ Benoh អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ​នោះ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​កម្មករ​អាច​នឹង​មិន​ទទួល​បាន​សំណង​នោះ​ទេ ទោះបី​ជា​មាន​ការ​ជួប​ពិភាក្សា​ជាមួយ​តំណាង​មកពី​ក្រសួង​ការងារ​ក្តី​។

អ្នកនាង​ មករា បាន​និយាយ​ថា​៖ «​ដូច​គ្នា​អ្នក​តំណាង​មកពី​ក្រសួង​ការងារ​បាន​មក​ប្រជុំ​នៅ​រោងចក្រ​កាលពី​ ២ ​ខែ​មុន ហើយ​បាន​អះអាង​ថា​គាត់​ធានា​ថា​ថៅកែ​នឹង​មិន​រត់​ចោល​ទេ ហើយ​បាន​បញ្ចុះបញ្ចូល​កម្មករ​ឱ្យ​ទទួល​យក​លុយ​ចំនួន ៣០ ដុល្លារ​ក្នុង​មួយ​ខែ​»​។

លោក វង្ស សុវណ្ណ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ទទួល​បន្ទុក​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម​នៅ​ក្រសួង​ការងារ​បាន​ថ្លែង​ថា​លោក​គ្រាន់តែ​អនុវត្ត​តាម​ «​ដំណើរការ​» ​នៅ​ពេល​ចរចា​អំពី​ការ​ពន្យារ​ប្រាក់បៀវត្សរ៍​ប៉ុណ្ណោះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​វា​ជា​ការ​បិទ​ដោយ​ខុស​ច្បាប់​»​។ លោក​បាន​ពន្យល់​ថា​កម្មករ​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​បាន ដើម្បី​សុំ​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​។

កម្មករ​នាំ​គ្នា​អង្គុយ​តវ៉ា​ទាមទារ​ប្រាក់ខែ​កាលពី​ម្សិលមិញ​។ផា លីណា

អ្នកនាង​ រឹម សៅលាភ ដែល​បាន​ធ្វើការ​នៅ​រោងចក្រ Benoh នេះ​អស់​រយៈពេល ៩ ឆ្នាំ​មក​ហើយ​នោះ​លើក​ឡើង​ថា​ម្ចាស់​ផ្ទះ​ជួល​បាន​ជូន​ដំណឹង​ប្រាប់​កម្មករ​ថា​ពួកគេ​មិន​ទាន់​បង់​ថ្លៃ​ជួល​ផ្ទះ​ ៣ ​ខែ​មក​ហើយ​។

អ្នកនាង​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​ឱ្យ​ក្រសួង​ការងារ​ជួយ​ដល់​កម្មករ​ឲ្យ​ពួកគេ​ទទួល​បាន​ប្រាក់​កម្រៃ​ទៅ​តាម​ច្បាប់​។ ប្រសិន​បើ​យើង​លក់​ទ្រព្យសម្បត្តិ​រោងចក្រ​គឺ​មាន​តែ​ម៉ាស៊ីនដេរ​ចាស់ៗ​ដែល​មួយ​គ្រឿង​អាច​លក់​បាន​ត្រឹមតែ ២០ ​ដុល្លារ​ប៉ុណ្ណោះ​។ វា​មិន​យុត្តិធម៌​ទេ​»​។

លោក យ៉ុន សុខសារ៉េន ប្រធាន​សហជីព Union for Khmer Workers បាន​ថ្លែង​ថា​លោក​ត្រូវ​បាន​គេ​ទាក់ទង​ដើម្បី​ឲ្យ​ជួយ​ចរចា​អំពី​ស្ថានការណ៍​នេះ​ជាមួយ​រដ្ឋាភិបាល​។

លោក​បាន​ថ្លែង​ថា​៖ «​កម្មករ ២០០ នាក់​បាន​សុំ​ខ្ញុំ​ឱ្យ​ធ្វើ​ជា​តំណាង​ឱ្យ​ពួកគេ​។ រោងចក្រ​ត្រូវ​បាន​បិទ​ហើយ​មួយ​វិញ​ទៀត​យើង​មិន​មាន​សហជីព​ដែល​ចុះ​បញ្ជី ... ដូច្នេះ​ខ្ញុំ​មិន​បារម្ភ​ថា ខ្ញុំ​បំពាន​ច្បាប់​សហជីព​ទេ ហើយ​ខ្ញុំ​ក៏​មិន​បារម្ភ​ថា​រដ្ឋាភិបាល​នឹង​ចាត់​វិធាន​ប្រឆាំង​នឹង​សហជីព​របស់​យើង​ដែរ​។ គោលបំណង​តែ​មួយ​គត់​របស់​យើង​គឺ​ជួយ​កម្មករ​»​។

កម្មករ​ជាច្រើន​បាន​អះអាង​ថា​រោងចក្រ​នេះ​ស្ថិត​នៅ​ក្រោម​ឆត្រ​របស់​ក្រុមហ៊ុន H & M ប៉ុន្តែ​វា​មិន​ត្រូវ​បាន​ចុះ​បញ្ជី​ថា​ជា​អ្នក​ផ្គត់ផ្គង់​នៅ​លើ​គេហទំព័រ​របស់​ពួកគេ​ទេ ហើយ​តំណាង​ក្រុមហ៊ុន​ម្នាក់​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើសុំ​អធិប្បាយ​លើ​បញ្ហា​នេះ​ទេ​៕ NS