កណ្តាលៈ អយ្យការអមសាលាដំបូងខេត្តកណ្តាលបានសម្រេចឃុំខ្លួនក្រុមជនសង្ស័យ ៤ នាក់នៅពន្ធនាគារខេត្តកណ្តាលកាលពីថ្ងៃទី ៦ កុម្ភៈបន្ទាប់ពីសមត្ថកិច្ចបញ្ជូនដល់តុលាការប៉ុន្មានម៉ោងពាក់ព័ន្ធនឹងការសម្លាប់ជនរងគ្រោះម្នាក់នៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល ប្រាប់ពីម្សិលមិញថាក្រុមជនសង្ស័យទាំង ៤ នាក់ដែលពាក់ព័ន្ធនឹងការសម្លាប់បុរសម្នាក់នៅស្រុកពញាឮនោះត្រូវបានចៅក្រមស៊ើបសួរចោទនិងបញ្ជូនពួកគេទៅឃុំនៅពន្ធនាគារខេត្តកណ្តាលហើយកាលពីម្សិលមិញ។
លោកបញ្ជាក់ថា៖ «ពួកគេត្រូវចោទពីបទឃាតកម្មតាមបញ្ញត្ដិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។ បើតាមមាត្រា ១៩៩ នេះ ប្រសិនបើតុលាការរកឃើញថា ក្រុមជនសង្ស័យពិតជាមានកំហុសមែននោះ ពួកគេនឹងត្រូវមានទោសជាប់ពន្ធនាគារពី ១០ ឆ្នាំទៅ ១៥ ឆ្នាំ។
លោក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តកណ្តាលប្រាប់ថាជនសង្ស័យទាំង ៤ នាក់ ដែលពាក់ព័ន្ធការធ្វើឲ្យស្លាប់មនុស្សនោះគឺឈ្មោះឡេង ម៉ៅ អាយុ ៤៦ ឆ្នាំ ឡេង សុភ័ណ្ឌ អាយុ ៣១ ឆ្នាំ សាត សទ្ធារៈ អាយុ ២២ ឆ្នាំ និងឈ្មោះ អេង ប៊ុនធឿន អាយុ ២៧ ឆ្នាំ។ ឯបុរសរងគ្រោះឈ្មោះ ជឿន ម៉ក់ អាយុ ៣១ ឆ្នាំ ពួកគេជាកម្មករបែត្រីដូចគ្នា។
លោកប្រាប់ថា ដើមហេតុក្នុងរឿងនេះ មុនដំបូងក្រុមជនសង្ស័យទាំង ៤ នាក់បានទៅទារលុយថ្លៃពលកម្មពីម្ចាស់បែត្រី។ ប៉ុន្តែពេលទៅដល់បែត្រីនោះមិនឃើញម្ចាស់ក៏សួរទៅជនរងគ្រោះ ហើយជនរងគ្រោះប្រាប់ថាថៅកែមិននៅប៉ុន្តែមិនដឹងជាយ៉ាងម៉េចក៏ទាស់សម្តីគ្នា។ ពេលនោះជនសង្ស័យម្នាក់ក្នុងចំណោម ៤ នាក់បានយកដំបងឈើគប់លើជនរងគ្រោះតែចៃដន្យក៏ត្រូវចំសៀតផ្កាប្រកាច់ ហើយត្រូវក្រុមកម្មករលើបែនោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ១ តែក៏ដាច់ខ្យល់ស្លាប់ទៅ។
លោក ពេញ វុទ្ធី នាយផ្នែកព្រហ្មទណ្ឌនៃអធិកាដ្ឋាននគរបាលស្រុកពញាឮបានឲ្យដឹងដែរថា ករណីនេះ បានកើតឡើងនៅម៉ោង ១២ និង ៣០ នាទីថ្ងៃទី ៥ ខែមករា នៅចំណុចគន្លងដាយលេខ ១១ សេ ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
លោកបញ្ជាក់ស្រដៀងគ្នាដែរថា នៅមុនកើតហេតុក្រុមជនសង្ស័យបានជិះទូកទៅទារប្រាក់ថ្លៃពលកម្មពីម្ចាស់គន្លងដាយលេខ ១១ (C) ចំនួន ១០ ម៉ឺនរៀល។ ពេលនោះជនរងគ្រោះប្រាប់ក្រុមជនសង្ស័យថា ម្ចាស់គន្លងដាយមិននៅហើយក៏ទាស់សម្តីគ្នា។
លោកបន្តថាភ្លាមនោះក៏ស្រាប់តែជនសង្ស័យម្នាក់ទៀតឈ្មោះ ឡេង សោភ័ណ្ឌ ស្ទុះទៅយកដំបងឈើមូលគប់លើជនរងគ្រោះឈ្មោះ ជឿន ម៉ក់ ចំត្រង់គុម្ពត្រចៀកខាងឆ្វេងបណ្តាលឲ្យប្រកាច់បែកពពុះមាត់ និងផ្អើលដល់ពលរដ្ឋជិតខាងក៏បានយកជនរងគ្រោះបញ្ជូនទៅគ្លីនិកឯកជន នៅភូមិព្រែកក្តី ប៉ុន្តែពេលមកដល់គ្លីនិកក៏ដាច់ខ្យល់ស្លាប់តែម្ដង។
លោកថា ក្រោយបង្កហេតុជនសង្ស័យទាំង ៤ នាក់បាននាំគ្នារត់គេចខ្លួន ប៉ុន្តែដោយមានការរាយការណ៍ប្រាប់ពីអ្នកនៅកន្លែងកើតហេតុសមត្ថកិច្ចរបស់លោកក៏ស្ទាក់ចាប់បានមកវិញ។ រីឯវត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីក្រុមជនសង្ស័យមានដំបងឈើមូល ១ ប្រវែង ០,៦២ ម៉ែត្រ។
លោកបន្តថា ក្រោយកើតហេតុ នគរបាលប៉ុស្ដិ៍រដ្ឋបាល បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយគ្រូពេទ្យឃុំ ពិនិត្យលើសាកសព ឃើញមានស្លាកស្នាមរលាត់ជាំ ១ កន្លែងប្រវែង ២ សង់ទីម៉ែត្រ ចំណុចគុម្ពត្រចៀកខាងឆ្វេង ដោយក្រុមជំនាញពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយសារត្រូវដំបងនៅគុម្ពត្រចៀកពិតប្រាកដមែន៕