ភ្នំពេញៈ កម្មករ​ប្រមូល​សំរាម​ប្រមាណ​ជិត​ ២ ០០០ ​នាក់​ កាលពី​ម្សិលមិញ​បាន​អះអាង​ថា នឹង​បន្ត​កូដកម្ម​ដើម្បី​ទាមទារ​ផលប្រយោជន៍​មួយចំនួន​ពី​ក្រុមហ៊ុន​ស៊ីនទ្រី ក្រោយពី​ទទួល​ដំណឹង​ថា នឹង​មាន​ការផ្លាស់ប្ដូរ​ក្រុមហ៊ុន​ថ្មី​ ឬ​ក៏​បំបែក​ក្រុមហ៊ុន ដោយហេតុ​នាំឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​ពួកគេ​ដែល​មានចែង​ក្នុង​ច្បាប់​ការងារ​។

កូដករ​ទាំងអស់​នោះ​បាន​បង្ហាញ​កង្វល់​ពី​ការបាត់បង់​ផលប្រយោជន៍​របស់​ពួកគេ​ដូចជា ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជួស​ការជូន​ដំណឹង​មុន ប្រាក់ខែ​ចុងក្រោយ និង​ការឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សេសសល់ ខណៈ​ដែល​សមត្ថកិច្ច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អះអាង​ថា ក្រុមហ៊ុន​ស៊ីនទ្រី​នៅ​ដំណើរការ​ជាធម្មតា និង​ឱ្យ​កម្មករ​វិលត្រឡប់​ទៅ​ធ្វើការ​ជាធម្មតា​វិញ​។

លោក ហួត ហៃ នាយក​នៃ​គណៈនាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ១ ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​បាន​ឱ្យដឹងថា ការទាមទារ​របស់​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​នេះ​មិន​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ទេ បើ​យោង​តាម​ច្បាប់​ស្តីពី​ការងារ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

លោក ហៃ ថ្លែងថា​៖ «​ការទាមទារ​នេះ​លុះត្រាតែ​ក្រុមហ៊ុន​បានបញ្ចប់​ការងារ​របស់​ពួកគាត់ ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​ពុំបាន​បញ្ចប់​ការងារ​របស់​ពួកគាត់​ទេ ក្រុមហ៊ុន​កំពុងតែ​ដំណើរការ​ធម្មតា​។ សូម​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​បញ្ឈប់​ការធ្វើ​កូដកម្ម​ដោយ​យក​បញ្ហា​សំរាម​ជា​ចំណាប់ខ្មាំង ដើម្បី​ទាមទារ​លក្ខខណ្ឌ​ដែល​ខុសច្បាប់ ហើយ​ត្រូវ​ចូល​បំពេញ​ការងារ​ផ្តល់​សេវា​ប្រមូល ​និង​ដឹកជញ្ជូន​សំរាម​តាម​ធម្មតា​វិញ​យ៉ាងយូរ​បំផុត​នៅ​ថ្ងៃ​ចន្ទ ទី​ ៥ ខែតុលា​ជា​កំហិត​។ បើ​មិន​ដូច្នេះ​ទេ រដ្ឋបាល​​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​ជ្រើសរើស​កម្មករ​ថ្មី​ដើម្បី​បំពេញ​ការងារ​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ដោយ​មិន​ទទួល​យក​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​ឡើយ​»​។

ទោះ​យ៉ាងណា​ក៏ដោយ​លោក ហួត ហៃ បាន​ឱ្យ​ដឹងថា សាលា​រាជធានី​ភ្នំពេញ​មិនទាន់​អាច​បញ្ជាក់​បាន​ទេ​ទាក់ទង​នឹង​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​ដែល​នឹង​ដេញថ្លៃ​បាន​។

លោក ម៉ី ផាន អគ្គលេខាធិការ​នៃ​សហជីព​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ថា កម្មករ​នៅ​បន្ត​ធ្វើ​ការទាមទារ​ដដែល​ និង​មិន​វិល​ត្រឡប់​ទៅ​ចូល​ធ្វើការ​វិញ​តាម​ការបង្គាប់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទេ ដោយសារ​មិនទាន់​មាន​ដំណោះស្រាយ​សម្រាប់​ពួកគេ​។

លោក ផាន បាន​អះអាង​ថា កម្មករ​ផ្ទុះ​ការទាមទារ​នេះ​បន្ទាប់ពី​ពួកគេ​ទទួល​បាន​ព័ត៌មាន​តៗ​គ្នា​ថា សាលាក្រុង​បាន​កំពុង​ដាក់ឱ្យ​ដេញថ្លៃ​ឱ្យមាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​ចំនួន​ ៣ ដែល​ធ្វើឱ្យ​កម្មករ​ទាំងអស់​មាន​ការព្រួយបារម្ភ​ពី​ការបំបែក​ក្រុមហ៊ុន និង​បំបែក​កម្លាំង​កម្មករ និង​ភ័យខ្លាច​មិន​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​។

លោក​បាន​ថ្លែងថា៖ «​សាលាក្រុង​ឱ្យ​យើង​ចូលធ្វើការ​វិញ ប៉ុន្តែ​ពួកយើង​នៅ​បន្ត​ការចរចា​ទៀត​ដើម្បី​រក​ចំណុច​ស្របគ្នា ពីព្រោះ​តាម​ទម្លាប់​របស់​កម្មករ​បើ​គាត់​ទាមទារ​ហើយ​គាត់​មិនទាន់បាន​គឺ​ពួកគាត់​មិន​ចូលធ្វើការ​វិញ​ទេ ឬ​បើ​មានការ​ឆ្លើយតប​ដោយ​សមស្រប​ណាមួយ​ដែល​ពួកគាត់​អាច​ទទួល​យក​បាន​ហើយ​មាន​ការធានា​ពី​សាលាក្រុង​ ឬ​ពី​ក្រុមហ៊ុន​លើ​ការទាមទារ​របស់គាត់​ទើប​ពួកគាត់​ព្រម​ចូល​វិញ​»​។

កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​បាន​ធ្វើ​កូដកម្ម​មាន​ ៣ ​ផ្នែក​គឺ​ក្រុម​កើប​តាម​ឡាន ក្រុម​កើប​តាម​រទេះតូច និង​ផ្នែក​ទី​ ៣ ​គឺ​ផ្នែក​បោសសម្អាត​។

លោក ម៉ី ផាន បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន សហជីព រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​បាន​ធ្វើការ​ជួបចរចា​គ្នា​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​មិនមាន​លទ្ធផល​ទេ ដែល​ធ្វើឱ្យ​កម្មករ​នៅ​បន្ត​តវ៉ា​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​ភាគី​ទាំងអស់​នឹង​ធ្វើ​ការចរចា​គ្នា​បន្តទៀត​។ កម្មករ​ដឹង​ពី​ផល​លំបាក​របស់​ប្រជាពលរដ្ឋ និង​ការប៉ះពាល់​បរិស្ថាន​នៅពេល​ដែល​មាន​សំរាម​ពាសពេញ​ទីកន្លែង​ដូចនេះ ប៉ុន្តែ​ការទាមទារ​របស់​កម្មករ​ក៏​ជា​ចំណែក​មួយ​របស់​ពួកគាត់​នៅក្នុង​ផ្លូវច្បាប់​ការងារ​ដោយសារ​ពួកគាត់​ខ្លាច​បាត់បង់​​អត្ថប្រយោជន៍​នានា​នៅពេល​ដែលមាន​ដូរ​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​។

តំណាង​ក្រុមហ៊ុន​ ស៊ីនទ្រី លោក ងួន ស៊ីផេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្មករ​ប្រមូល​សំរាម​នៅតែ​បន្តធ្វើ​ការតវ៉ា​ដដែល​ដោយ​ពុំទាន់​មាន​ដំណោះស្រាយ​ណាមួយ​ឡើយ ហើយ​ជំនួប​​ចរចា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​។

ក្នុង​អំឡុង​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​រថយន្ត​ដឹក​សំរាម​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ សង្កាត់​ទាំង​ ១០៥ រួមទាំង​ភ្នាក់ងារ​អនាម័យ​ចំនួន ២ ​នាក់​ក្នុង​ ១ ​សង្កាត់ ចេញ​អន្តរាគមន៍​ប្រមូល​សំរាម​តាម​មូលដ្ឋាន​នានា​នៅ​រាជធានី​ភ្នំពេញ​។

លោក តាំង ណារ័ត្ន ពលរដ្ឋ​ក្នុង​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ បាន​និយាយថា សម្រាប់​បញ្ហា​សំរាម​កកស្ទះ​នៅ​លើ​វិថី​ធំៗ​មិនសូវ​ជាមាន​បញ្ហា​ ឬ​មាន​ការកកស្ទះ​សំរាម​ទេ ទោះបី​ជា​ពេល​មាន​ ឬ​មិនមាន​កម្មករ​ស៊ីនទ្រី​ក៏ដោយ ប៉ុន្តែ​នៅតាម​ផ្លូវ​តូចៗ​ ឬ​ផ្លូវឌឿងហែម គឺ​មាន​សំរាម​ច្រើន គរ​ចោល​រាល់ថ្ងៃ​។

លោក ណារ័ត្ន បាន​ថ្លែងថា​៖ «​ខ្ញុំ​សុំ​សរសើរ​នូវ​ការខំប្រឹងប្រែង​របស់​មន្ត្រីសង្កាត់ ខណ្ឌ​ទាំងអស់​ក្នុង​អំឡុង​ពេលនេះ ដែល​ពួកគាត់​បាន​ធ្វើ​ការប្រមូល​សំរាម​ជូន​ពលរដ្ឋ​»​។

លោក នេត្រ ភក្ត្រា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​នៅ​ថ្ងៃ​ម្សិលមិញ​ថា បរិមាណ​សំរាម​ដែល​ផលិត​បាន​គឺ​មាន​ជាង​ ១ ​ម៉ឺន​តោន​ក្នុង​ ១ ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ដែល​ក្នុង​ ១ ​ឆ្នាំ​មាន​សំរាម​ប្រមាណ​ជា​ជិត​ ៤ ​លាន​តោន​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​គឺ​សំរាម​ដែល​បង្កើតឡើង​គឺ​ចន្លោះ​ពី​ ២ ៧០០ ​ទៅ​ ៣ ០០០ ​តោន​ នៅក្នុង​ ១ ​ថ្ងៃ​ ដែល​នៅក្នុង​នោះ​ ៥៧ ​ភាគរយ​ជា​សំណល់​សរីរាង្គ ជិត​ ២០ ​ភាគរយ​ ជា​សំណល់​ប្លាស្ទិក ហើយ​សល់​ពី​នោះ​ជា​សំណល់​រឹង និង​សំណល់​ឧស្សាហកម្ម​ផ្សេងៗ​៕

វីដេអូ៖