
កម្មកររោងចក្រធ្វើដំណើរតាមរថយន្តឈ្នួលពេលចេញ និងទៅធ្វើការ។ ហុង មិនា
ភ្នំពេញៈ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កម្មករនិយោជិតរាប់ម៉ឺននាក់ក្នុងចំណោមកម្មករក្នុងគ្រប់វិស័យប្រមាណជិត ២ លាននាក់ បានស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ ១៩ ខណៈគ្រូពេទ្យត្រូវបានបណ្ដុះបណ្ដាលសម្រាប់កម្មវិធីចាក់វ៉ាក់សាំងនេះបានចាប់ផ្ដើមកាលពីម្សិលមិញ។
លោក អ៊ុក ចាន់ធូ ប្រធាននាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃម្សិលមិញថា មកដល់ពេលនេះ ក្រសួងការងារកំពុងតែធ្វើចលនាបន្ថែមទៀតជាមួយនឹងក្រុមអធិការកិច្ចការងារទៅដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ដើម្បីឱ្យពួកគាត់ផ្ញើឈ្មោះកម្មករបន្តទៀត។
លោកបានថ្លែងថា៖ «ការចាប់ផ្តើមចាក់វ៉ាក់សាំងមិនទាន់បានកំណត់ថ្ងៃជាក់លាក់នៅឡើយទេថា តើអាចនឹងចាក់មុនចូលឆ្នាំ ឬក្រោយពិធីបុណ្យចូលឆ្នាំនៅឡើយទេ ព្រោះថ្នាក់ដឹកនាំមិនទាន់បានកំណត់ទេ ប៉ុន្តែការបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យគឺយើងចាប់ផ្តើមធ្វើនៅព្រឹកថ្ងៃនេះតាមរយៈអនឡាញ (Video Conference)»។
លោក ចាន់ធូ ថ្លែងថា ការបណ្តុះបណ្តាលគ្រូពេទ្យនេះគឺពីក្រសួងសុខាភិបាល មកពេទ្យការងារក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង ដែលមាន ២ កន្លែង គឺនៅទីស្តីការក្រសួងការងារសាល B និង ១ ទៀតនៅនាយកដ្ឋានពេទ្យការងារ។ ក្នុង ១ កន្លែងៗមានគ្រូពេទ្យដែលទទួលការបណ្តុះបណ្តាលនេះចំនួន ១៥ នាក់ តាមប្រព័ន្ធអនឡាញដើម្បីឱ្យគិលានុបដ្ឋាកគិលានុបដ្ឋាយិការៀនពីរបៀបនៃការចាក់វ៉ាក់សាំងនេះ ប៉ុន្តែលោកជឿជាក់ថា ក្រុមគ្រូពេទ្យទាំងនេះនឹងឆាប់ចេះដោយសារពួកគាត់ជាគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា។
លោក អ៊ុក ចាន់ធូ បានបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំមិនទាន់បានកំណត់នូវកាលបរិច្ឆេទច្បាស់លាស់ទេ ប៉ុន្តែថ្នាក់ដឹកនាំបានឱ្យខ្ញុំទៅពិនិត្យទីតាំងដូចអ្វីដែលយើងបានធ្វើក្នុងពេលសម្តេចនាយករដ្ឋមន្ត្រីចុះសំណេះសំណាលជាមួយនឹងបងប្អូនកម្មករកាលពីឆ្នាំ ២០១៧-២០១៨ ដែលទីតាំងអាចមាននៅសួនវឌ្ឍនៈ ១ សួនវឌ្ឍនៈ ២ សួនកាណាឌីយ៉ា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្នុងតំបន់បឹងបៃតង»។
លោកថា ក្រសួងក៏កំពុងតែពិនិត្យមើលទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញដែលមានចំនួន ៥៧ ទីតាំង ប៉ុន្តែបានបង្រួមមកនៅចំនួន ៤១ ទីតាំង ប៉ុន្តែថ្នាក់ដឹកនាំនឹងធ្វើការពិនិត្យមើលថា តើត្រូវដំឡើងទាំង ៥៧ ទីតាំង ឬតែ ៤១ ទីតាំងសម្រាប់កម្មករនិយោជិតជាង ១ លាន ៨ សែននាក់នៅគ្រប់វិស័យ។
ក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរបានសហការគ្នាដែលសរុបទាំងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតមានប្រមាណជាង ៥០០ នាក់ហើយ សម្រាប់ត្រៀមចាក់វ៉ាក់សាំងជូនកម្មករ និយោជិត។
លោក ចាន់ធូ ថ្លែងថា៖ «ដើម្បីការពារនូវអាយុជីវិតសូមឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ត្រូវតែចាក់វ៉ាក់សាំងដើម្បីការពារខ្លួនពីជំងឺកូវិដ១៩ ប៉ុន្តែនៅតែបន្តការការពារដដែលទោះបីជាយើងចាក់វ៉ាក់សាំងក៏ដោយ»។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានផ្ញើលិខិតស្នើឱ្យសមាគម រោងចក្រកាត់ដេរនៅកម្ពុជាជួយសម្របសម្រួលជាមួយម្ចាស់ ឬនាយករោងចក្រសម្រាប់រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងវីដ ១៩។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សមាគមបានរៀបចំផ្សព្វផ្សាយនូវកិច្ចការងារនេះទៅដល់រោងចក្រទាំងអស់រួចហើយ ហើយក៏មានការចូលរួមក្នុងកម្រិតខ្ពស់ពីរោងចក្រ សហគ្រាសផងដែរ ដោយគិតត្រឹមថ្ងៃទី ២៩ ខែមីនា នេះមានគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតចំនួន ៥៣៤ នាក់។
លោកបានប្រាប់ថា៖ «យើងបានបញ្ជូនបញ្ជីឈ្មោះទាំងអស់នៅក្រសួងការងាររួចហើយដើម្បីរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសមុននឹងចាក់វ៉ាក់សាំង ហើយជាជំហានដំបូងក្រសួងសុខាភិបាលបានបង្រៀននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារពីនីតិវិធីបច្ចេកទេសក្នុងការចាក់នេះ»។ លោក កាំង ម៉ូនីកាថា នាពេលខាងមុខឆាប់ៗនេះ ក្រសួងនឹងបង្រៀនបន្តមកដល់ក្រុមគ្រូពេទ្យរបស់រោងចក្រដែលសមាគមបានបញ្ជូនបញ្ជីឈ្មោះរួចរាល់ហើយផងដែរ ដែលការបង្រៀននេះគឺធ្វើឡើងតាមរយៈអនឡាញ។
លោកថា៖ «ស្របពេលគ្នានេះដែរ យើងកំពុងជំរុញរោងចក្រឱ្យបញ្ជូនឈ្មោះកម្មករដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ ពីព្រោះការចាក់នេះមិនមែនចាក់កម្មករទាំងអស់ទេ គឺយើងចាក់តាមការស្ម័គ្រចិត្ត ហើយយើងត្រូវការពេលវេលាដើម្បីពន្យល់ណែនាំដល់កម្មករឱ្យយល់ ហើយស្ម័គ្រចិត្តចាក់»។
លោក សុទ្ធ សំអុល កម្មកររោងចក្រ ១ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ ១ ក្នុងខណ្ឌមានជ័យបានអះអាងថា បានចុះឈ្មោះចាក់វ៉ាក់សាំងរួចហើយ។ លោកថា៖ «ខ្ញុំបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយមិនមានអ្នកណាបង្ខំឡើយ ដោយសារខ្ញុំចង់ការពារខ្លួនខ្ញុំ និងក្រុមគ្រួសារពីមេរោគនេះ»។
លោកថា កម្មករប្រហែលជា ៨០០ នាក់ ហើយក្នុងរោងចក្រលោកបានចុះឈ្មោះចាក់វ៉ាក់សាំង ប៉ុន្តែក៏មានកម្មករមួយចំនួនក៏មិនចង់ចាក់វ៉ាក់សាំងដែរ តែវាជាការសម្រេចចិត្តរបស់ពួកគាត់៕