ភ្នំ​ពេញៈ កម្មករ​រោង​ចក្រ​​កាត់​ដេរ​ប្រមាណ ​៧០០ នាក់​​នៅ​រោង​ចក្រ Chim Li Cambodia PTE, LTD បាន​ធ្វើ​​ការ​តវ៉ា​បិទ​ផ្លូវ​​ជាតិ​លេខ ​៤ ​នៅ​​កំបូល ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​​កាល​ពី​ថ្ងៃ ទី​១៧​ ខែ​កញ្ញា ដើម្បី​ទាម​ទារ​អត្ថ​ប្រយោជន៍​​ពី​ម្ចាស់​រោង​ចក្រ​​ដែល​​កម្មករ​អះ​អាង​ថា ម្ចាស់​រោង​ចក្រ​មិន​ផ្តល់​ប្រាក់​អត្ថ​ប្រយោជន៍​​ដល់​ពួក​គេ​​បន្ទាប់​ពី​រោង​ចក្រ​នេះ​​បាន​បិទ​​ទ្វារ​ ​ហើយ​រោង​ចក្រ​ថ្មី​​​ដែល​កម្មករ​​ទៅ​ធ្វើ​ការ​មិន​ផ្តល់​​អត្ថ​ប្រយោជន៍​​ដដែល​ដល់​កម្មករ​ចាស់​​របស់​ខ្លួន​។

លោក យឹម​ សារ៉ាន់​ អធិការ​នគរ​បាល​ពោធិ៍​សែន​ជ័យ​ បាន​ថ្លែង​ថា កម្មករ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​តវ៉ា​​តាំង​ពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​​ម៉ោង ​១២ ថ្ងៃ​ត្រង់​ទើប​ពួក​គេ​ឈប់​។ ​រោង​ចក្រ​នេះ មាន​កម្មករ​ប្រមាណ ​​៣០០០ ​នាក់​។

លោក​បាន​ថ្លែង​ថា​៖«​​ពួក​គេ​អង្គុយ​កណ្តាលផ្លូវ​ វា​បង្ក​ឲ្យ​មាន​ការ​ស្ទះ​ចរាចរ​ណ៍​យ៉ាង​ខ្លាំង​ ប៉ុន្តែ​​មិន​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​​រវាង​កម្មករ​​​និង​​ប្រជា​ពល​រដ្ឋ​ដែល​ប្រើ​ប្រាស់​ផ្លូវ​​ទេ។ ​យើង​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា វា​ជា​ការ​តវ៉ា​ដោយ​សន្តិវិធី​»។​

លោក ថ្លែង​ថា៖«​វា​បង្ក​ឲ្យ​​មាន​ការ​ស្ទះ​ចរាចរណ៍​​យ៉ាង​ខ្លាំង​ ​ប៉ុន្តែ​មិន​មាន​កម្មករ​​អង្គុយ​នៅ​កណ្តាល​​ថ្នល់​ទេ​»។

អ្នក​ស្រី​​ ខន ថាវីរី អាយុ​៣៥​ឆ្នាំ​ ជា​កម្មករ​ម្នាក់​ ​ដែល​កំពុង​ធ្វើ​ការ​​ឲ្យ​រោង​ចក្រ​នេះ​អស់​រយៈ​ពេល​បួន​ឆ្នាំ​មក​ហើយ​ បាន​ថ្លែង​ថា​ ​អ្នក​នាង​ត្រូវ​បា​ន​​ផ្តល់​ប្រាក់​ឲ្យ​ប្រមាណ ​​៣០០​ ដុល្លារ​អាមេរិក​នៅ​ពេល​ធ្វើ​ការ​ងារ​ថែម​ម៉ោង​។

យោង​តាម​អ្នក​នាង​ ថាវ​រី ​បាន​ឲ្យ​ដឹង​ថា ​កម្មករ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ថ្មី​ ​និង​កន្លែង​ថ្មី​តាំង​ពី​ថ្ងៃ​ទី ​១៥ ខែ​សីហា ​ឆ្នាំ ​២០១៨។

អ្នក​​ ស្រី​ បាន​ថ្លែង​បន្ត​​ថា​៖«​​រោង​ចក្រ​ចង់​​​បើក​ប្រាក់​ឲ្យ​យើង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ​ប៉ុន្តែ​យើង​​មិន​យល់​ព្រម​ ដូច្នេះ​​យើង​ប្តឹង​ទៅ​ក្រសួង​។ ​ហើយ​បន្ទាប់​មក​ នៅ​ទី​បំផុត​យើង​ទទួល​បាន​​ការ​បើក​ប្រាក់​នៅ​ថ្ងៃទី​១៨ ខែ​សីហា​។ ​ទោះ​យ៉ាង​ណា​ក្តី ​រោង​ចក្រ​​គ្រាន់​តែ​អាច​​ផ្តល់​​នូវ​ប្រាក់​ខែ​របស់​យើង​ ​និង​​​ប្រាក់​បំណាច់​ឆ្នាំ​​​របស់​យើង​ចំនួន​៧៥​ដុល្លារ​»។

អ្នក​ស្រី​​បាន​ថ្លែង​បន្ត​ថា​៖ «​​យើង​បាន​ប្តឹង​ទៅ​ក្រសួង​ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ ដូច្នេះ​​​វា​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​បិទ​ផ្លូវ​នៅ​ថ្ងៃ​នេះ​​។ ​ហើយ​​យើង​ក៏​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ប្រាក់​​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​ដែរ​។ «​​ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើ​​ការ​ឲ្យ​រោង​ចក្រ​ថ្មី​​នៅ​កន្លែង​ថ្មី​​រយៈ​ពេល​​បី​ទៅ​បួន​ថ្ងៃ​ហើយ​​។ យើង​ទាម​ទារ​ឲ្យ​រោង​ចក្រ​ចាស់​​ផ្តល់​​ប្រាក់​អត្ថ​ប្រយោជន៍​ដល់​កម្មករ​​ជា​មុន​សិន​»។​

អ្នក​ស្រី​​ ថាវ​រី បាន​ថ្លែង​ថា កិច្ច​សន្យា​​របស់​អ្នក​នាង​​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​។

អ្នក​ ស្រី ថ្លែង​ថា៖«​​កិច្ច​សន្យា​​ថ្មី​របស់​ខ្ញុំ​នឹង​​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​​២០១៩។ ​ហើយ​ពួក​គេ​​បាន​នាំ​យក​កម្មករ​​ទៅ​ធ្វើ​ការ​នៅ​​រោង​ចក្រ​ថ្មី​​ ​រដ្ឋ​បាល​ថ្មី​​​នៅ​ការិយាល័យ​ថ្មី​​​បាន​ប្រាប់​យើង​ថា ​ពួក​គេ​មិន​អាច​ផ្តល់​​អត្ថ​ប្រយោជន៍​​ដូច​នៅ​​រោង​ចក្រ​ចាស់​ទេ​ ​ឧទាហរណ៍​ ​យើង​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​​​ប្រាក់​៧​ដុល្លារ​​សម្រាប់​សោហ៊ុយ​​ធ្វើ​ដំណើរ​ ប៉ុន្តែ​នៅ​កន្លែង​ថ្មី​ ​ត្រូវ​អាច​ផ្តល់​ឲ្យ​តែ​៦​ដុល្លារ​​ប៉ុណ្ណោះ»។

​លោក ហែម ហឿន មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្រសួង​ការ​ងារ បាន​ថ្លែង​ថា ក្រុម​​របស់​លោក​បាន​ជជែក​ជា​មួយ​កម្មករ​​រួ​ចហើយ​​។

លោក ថ្លែង​ថា៖ «​ឥឡូវ​នេះ យើង​កំពុង​ធ្វើ​របាយការណ៍​ ​យើង​កំពុង​សម្រួល​កម្មករ​ឲ្យ​បើក​ផ្លូវ​​។ ​យើង​ប្រាប់​ពួក​គេ​ឲ្យ​បើក​ផ្លូវ​​​និង​ដោះ​ស្រាយ​ទៅ​តាម​ច្បាប់​ ​យើង​បាន​ជជែក​ជាមួយ​កម្មករ​រួច​ហើយ​​»។

​លោក ឃុន ថារ៉ូ អ្នក​សម្រប​សម្រួល​​នៅ​អង្គការ​ Central ​បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការ​ងារ​។

លោក​បាន​ថ្លែង​ថា​៖ «​​វា​ជា​ការ​ល្អ​​ដែល​រដ្ឋា​ភិបាល​​កំពុង​ផ្តល់​ប្រាក់​បុរេ​ប្រទាន​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ប៉ុន្តែ​ពួក​គេ​មិន​អាច​​បន្ត​អនុញ្ញាត​ឲ្យ​​រោង​ចក្រ​​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​​អំពី​អត្ថ​ប្រយោជន៍​​សម្រាប់​កម្មករ​​ទៅ​តាម​ច្បាប់​នោះ​ទេ​»។

លោក​បាន​ថ្លែង​ថា៖ «​​ពួក​គេ​គួរ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​​ ​និង​ត្រួត​ពិនិត្យ​​តាម​ដាន​រោង​ចក្រ​​​​ដែល​បិទ​ទ្វារ​ ក្ស័យ​ធន​ ​និង​​ធ្វើ​ការ​ស៊ើប​អង្កេត​»៕ PS