កំពតៈ នគរបាល​ខេត្តកំពត​បាន​បញ្ជូន​កម្មករសំណង់​ម្នាក់​ក្នុង​ចំណោម ៧ ​នាក់ ​ទៅ​កាន់​សាលាដំបូង​ខេត្តកំពត​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​កាំបិត​ចាក់​សម្លាប់​កម្មករសំណង់​ដូចគ្នា​នៅក្នុង​ជម្លោះ​ផឹកស៊ី​មួយ​នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​នៅក្នុង​ឃុំ​បឹងទូក ស្រុក​ទឹកឈូ​កាលពី​ថ្ងៃទី ១៨ ខែមករា​។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​ខេត្តកំពត​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​ខេត្តកំពត​បាន​ឃាត់ខ្លួន​កម្មករ​ម្នាក់​ឈ្មោះ សៀង សារ៉ែន អាយុ ៣១ ​ឆ្នាំ ​ដែល​បាន​ប្រើ​កាំបិត​ចាក់​សម្លាប់ កម្មករ​ម្នាក់ទៀត​កាល​ថ្ងៃទី ១៨ ខែ​ មករា ឆ្នាំ​ ២០២០ វេលា ម៉ោង​ប្រហែល​ ១០ ​យប់ បន្ទាប់ពី​ជនសង្ស័យ​បាន​ទាស់សម្តី​ជាមួយ​ជនរងគ្រោះ​នៅ​ឃុំ​បឹងទូក ស្រុក​ទឹកឈូ​។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ​បាន​បញ្ជាក់ថា​៖ «​ករណី​ហ្នឹង​គាត់​ឈ្លោះ​គ្នា ហើយ​ចាក់​សម្លាប់​។ គាត់​បាន​ផឹកស៊ី​ស្រវឹង ដៀមដាម​ឲ្យ​គ្នា ហើយ​ក៏​ឈ្លោះ​គ្នា ហើយ​ចាក់​សម្លាប់​ទៅ​។ យើង​បាន​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​បណ្តាល​ឲ្យ​ស្លាប់​»​។

លោក​ស្នងការ​បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ ១ ​ក្រុម​ បាន​ផឹកស៊ី​ឈ្លោះប្រកែក​គ្នា​រហូត​ធ្វើ​សកម្មភាព​ចាក់​លើ​ជនរងគ្រោះ​ឈ្មោះ​ ធី សុធា ​ភេទ​ប្រុស​អាយុ ៣១ ​ឆ្នាំ​រស់នៅ​ភូមិ​នាងគង្ហីង សង្កាត់​សំបួមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​ដែល​មក​ធ្វើ​ជា​កម្មករ​នៅទីនេះ បណ្តាល​រងរបួស​ធ្ងន់​ចំនួន ២ ​កន្លែង ហើយ​ជនរងគ្រោះ​បាន​ស្លាប់​តាមផ្លូវ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ក្រោយ​កើតហេតុ​នៅ​ម៉ោង ១១ ​យប់​ថ្ងៃទី​ ១៨ ខែ​មករា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ក្រុម​ជនសង្ស័យ​ចំនួន ៧ ​នាក់​ ហើយ​សាកសួរ​ពួកគេ​ដែល​ក្នុងនោះ​មាន​អ្នក​ដែល​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជនរងគ្រោះ​ពិតមែន​។ លោក​បន្ថែមថា​៖ «​យើង​ឃាត់ខ្លួន​បាន​ ៧ ​នាក់ ក៏ប៉ុន្តែ​យើង​សួរនាំ និង​ស្រាវជ្រាវ​ទៅ យើង​ឃើញ​មាន​ការពាក់ព័ន្ធ​តែ​ម្នាក់​ទេ ហើយ​ជនសង្ស័យ​បាន​ថ្លែងថា​មាន​តែ​ខ្លួន​ម្នាក់​ទេ ដែល​ជា​អ្នក​ចាក់សម្លាប់​មិនមាន​ពាក់ព័ន្ធ​ជាមួយ​អ្នកដទៃ​នោះទេ​»​។

លោក ងួន ម៉ាច នាយប៉ុស្តិ៍​ឃុំ​បឹងទូក​ថ្លែងថា ជនរងគ្រោះ​ឈ្មោះ​ ធី សុធា ភេទ​ប្រុស​អាយុ ៣១ ​ឆ្នាំ ​រស់នៅ​ភូមិ នាងគង្ហីង សង្កាត់​សំបួមាស ក្រុង​កំពង់ចាម បាន​ស្លាប់​តាមផ្លូវ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ជនសង្ស័យ ឈ្មោះ​ សៀង សារ៉ែន បាន​ចាក់​លើ​ជនរងគ្រោះ​នៅពេល​អ្នក​ទាំង​ ២ ​បាន​ផឹកស៊ី​ឈ្លោះ​ប្រកែក​គ្នា​។ លោក​បញ្ជាក់ថា​៖ «​នេះ​គឺជា​ករណី​ទី​ ១ ​ហើយ​ដែល​បាន​កើតឡើង​នៅក្នុង​ឃុំ​​របស់​យើង​ពី​មុន​មក​យើង​មិន​ដែលមាន​ករណី​បែប​នេះ​កើត​មាន​ឡើយ​»៕