ភ្នំពេញៈ ​កម្មករ-កម្មការិនី​ដែល​បម្រើ​​ការងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ឈ្មោះ ឆេង យ័ន្ត ប្រមាណ​ជាង​ ៤០ ​នាក់​កាលពី​ម្សិលមិញ​បាន​សម្រេច​​បញ្ឈប់​ការតវ៉ា​របស់​ពួកគេ​ដោយ​សុខចិត្ត​យល់​ព្រម​ទទួល​យក​លទ្ធផល​តាមរយៈ​ការចរចា​រវាង​អាជ្ញាធរ ​និង​ភាគី​រោងចក្រ បន្ទាប់ពី​ពួកគេ​បាន​នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​ ៣ ជុំវិញ​ករណី​រោងចក្រ​មិន​ព្រម​បើក​លុយ​ឱ្យ​ទៅ​តាម​ការសន្យា និង​បាន​ដាក់​គំនាប​មក​លើ​ពួកគេ​។ នេះ​បើ​តាម​លោក ឃឹម ស៊ុនសូដា អភិបាលរង​ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក ឃឹម ស៊ុនសូដា បាន​បញ្ជាក់​ថា​កម្មករ-កម្មការិនី​រោងចក្រ ឆេង យ័ន្ត បាន​យល់​ព្រម​ទទួល​យក​ការចរចា​គ្នា​ហើយ ដោយ​ពួកគេ​នឹង​មក​បើក​លុយ​នៅ​ថ្ងៃទី​ ២១ ​ខែ​សីហា​ខាង​មុខ​នេះ បន្ទាប់ពី​មាន​ករណី​ថៅកែ​រោងចក្រ​មិន​ព្រម​បើក​លុយ​ឲ្យ​ពួកគាត់​ទៅ​តាម​ការសន្យា​ក្នុង​អំឡុង​ពេល​ដែល​ពួកគាត់​ជាង​ ៤០ ​នាក់​បាន​លាឈប់​ពី​ការងារ និង​មាន​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគាត់​តវ៉ា​ហ្នឹង​គឺ​ដោយសារ​កន្លងមក​ពួកគាត់​ធ្វើការ​ធម្មតា​ទេ តែមួយ​រយៈពេល​ចុងក្រោយ​នេះ​ពួកគាត់​បាន​នាំ​គ្នា​សុំ​លាឈប់​ពី​ការងារ​ជា​បន្ដបន្ទាប់ ហើយ​ខាង​ភាគី​រោងចក្រ​តម្រូវ​បើក​លុយ​ក្នុង​ថ្ងៃទី​ ១០ ​ជា​រៀងរាល់​ខែ​ចំពោះ​អ្នក​ដែល​បាន​ដាក់​ពាក្យ​ឈប់​ពី​ការងារ​ទាំងនោះ ប៉ុន្ដែ​នៅពេល​ដល់​ថ្ងៃ​កំណត់​បើក​លុយ​មក​​ដល់ បែរ​ជា​រោងចក្រ​មិន​ទាន់​ព្រម​បើក​លុយ​ឲ្យ​ទៅវិញ ទើប​ពួកគាត់​បាន​នាំ​គ្នា​ចេញ​មក​តវ៉ា​»​។

កម្មការិនី​ម្នាក់​ដែល​បម្រើការ​នៅ​ក្នុង​រោងចក្រ​នោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ថៅកែ​រោងចក្រ​មិន​ព្រម​បើក​លុយ​ឲ្យ​ពួកគាត់​ទៅ​តាម​ការសន្យា និង​តាម​ថ្ងៃ​ដែល​បាន​កំណត់​បើក​ប្រាក់​ខែ​កន្លង​មក​ទេ ក្រោយ​ពេល​ពួកគេ​ប្រមាណ​ជាជាង​ ៤០ ​នាក់​បាន​លាឈប់​ពី​ការងារ​ក្នុង​​រោងចក្រ​នេះ​។

ក្រៅពី​នេះ​អ្នកស្រី​ថា​៖ «​កាលពី​ពេល​កន្លង​មក​នេះ​កម្មករ​ឈប់​មាន​ធុរៈ​ចាំបាច់ សម្រាក​ឈឺ​ទោះ​មិន​មាន​ច្បាប់​ត្រឹមត្រូវ​ក៏​មិន​បាន​កាត់​លុយ​ដែរ​។ ប៉ុន្តែ​ទើប​តែ​មក​ដល់​ខែ​នេះ​កុំ​ថា​ឡើយ​ដល់​ឈប់​អត់​ច្បាប់ សូម្បី​ឈប់​មាន​​ច្បាប់​ត្រឹមត្រូវ​ក៏​ថៅកែ​រោងចក្រ​ហ្នឹង ​កាត់​លុយ​ដែរ​គឺ​ថា​ឈប់​ ១ ​ថ្ងៃ​កាត់​ ១ ​សប្តាហ៍​ហើយ​មាន​ករណី​កម្មករ​ខ្លះ​គាត់​ឈឺ ហើយ​បាន​ឈប់​សម្រាក​ ៣ ​ថ្ងៃ​លុះ​ដល់​កាត់លុយ​រោងចក្រ​កាត់​រហូត​​ដល់​ ៣ ​សប្តាហ៍​ដែល​ស្មើ​នឹង​ ២១ ​ថ្ងៃ​ឯណោះ​ពោល​គឺ​ស្ទើរ​អស់​ប្រាក់​ខែ​ ១ ​ខែ​​ទៅ​ហើយ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួកខ្ញុំ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​លក្ខខណ្ឌ​ការងារ​»​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​ឲ្យ​ដឹងថា លោក​មិន​មាន​ភ្នាក់ងារ​នៅក្នុង​រោងចក្រ​ ឆេង យ័ន្ត នោះ​ទេ ប៉ុន្ដែ​ប្រសិន​បើ​មាន​ការ​ដាក់​គំនាប​មក​លើ​កម្មករ-កម្មការិនី​បែប​នេះ​គឺជា​ការខុស​នឹង​ច្បាប់​ការងារ​​ទាំង​ស្រុង ពីព្រោះ​ប្រសិន​បើ​កម្មករ​គេ​បាន​ដាក់​ច្បាប់​សុំ​ឈប់​សម្រាក​ត្រឹមត្រូវ​ភាគី​រោងចក្រ​មាន​សិទ្ធិ​កាត់​តែ​ត្រឹម​លុយ​ការងារ​ប្រចាំ​ថ្ងៃ និង​លុយ​រង្វាន់​ប្រចាំ​ខែ​ (​រង្វាន់​ធ្វើការ​ទៀងទាត់​) ​តែ​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​ថា​៖ «​ករណី​ហ្នឹង ខ្ញុំ​មិន​សូវ​បាន​ជួបប្រទះ​ទេ បើ​វា​កើត​មាន​ឡើង​គឺ​មាន​តែ​រោងចក្រ​តូចៗ​ប៉ុណ្ណោះ ព្រោះ​រោងចក្រ​ប្រភេទ​តូចៗ​បែបនេះ​គឺ​ច្បាប់​អ្វី​ផ្សេងៗ​គេ​មិន​សូវ​យក​ចិត្ត​ទុកដាក់​អនុវត្ត​ទេ គឺ​គេ​បញ្ជា​ស្រេច​តែ​ចិត្ត​របស់​គេ​។ ខ្ញុំ​ថា​អាជ្ញាធរ​គួរ​ពិនិត្យ​មើល​បន្ថែម​លើ​ករណី​នេះ​ព្រោះ​វា​ក៏​ប៉ះពាល់​សិទ្ធិ​កម្មករ​មួយ​ចំនួន​តូច​ដែរ​»៕