
កម្មករ-កម្មការិនីស្នាក់នៅបន្ទប់ជួល ស្ថិតនៅតំបន់ក្រហមតាមបណ្ដោយផ្លូវវេងស្រេង។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរប្រមាណ ១ លាន ២ សែននាក់ បានរងផលប៉ះពាល់ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានប្រកាសបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដែលមិនអាចចេញទៅធ្វើការបាន។ យោងតាមការឱ្យដឹងពីលោក ហេង សួរ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយយោងតាមរបាយការណ៍ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានកម្មកររោងចក្រប្រមាណ ៤០ ម៉ឺននាក់ ដែលស្ថិតក្នុងតំបន់ទាំងពីរនេះ មិនអាចចេញទៅធ្វើការបាន ក្រៅពីនោះក៏នៅមានកម្មករនិយោជិត ដទៃទៀតដែលកំពុងជាប់គាំងដែលសរុបជារួមខ្ទង់ ១ លាន ២ សែននាក់។
លោក ហេង សួរ ថ្លែងថា៖ «ទោះបីជាកម្មករមិនអាចទៅបំពេញការងារបាន ប៉ុន្តែពួកគាត់នៅតែទទួលបានប្រាក់ខែ ដែលគាត់បានបំពេញមុនពេលបិទខ្ទប់ ការឧបត្ថម្ភពីរោងចក្រ និងជំនួយពីរាជរដ្ឋាភិបាលផងដែរ»។
លោកបានបញ្ជាក់ទៀតថា នៅក្នុងខែមេសា កម្មករ-និយោជិតបានទៅធ្វើការពីរសប្តាហ៍ ដូច្នេះពួកគេទទួលបាន ៥០ ភាគរយនៃប្រាក់ឈ្នួលប្រចាំខែ ដោយឡែកចាប់ពីសប្តាហ៍ទី៣ និងសប្តាហ៍ទី៤ គឺស្ថិតនៅក្នុងដំណាក់កាលបិទខ្ទប់ ដូច្នេះសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC និងរោងចក្រដទៃទៀតដែលបានធ្វើការជាមួយ គឺគាត់មានប្រាក់ឧបត្ថម្ភបន្ថែម អាស្រ័យទៅលើលទ្ធភាពរបស់រោងចក្រនីមួយៗ ពីព្រោះរោងចក្រខ្លះមានអ្នកបញ្ជាទិញ ឬមានទុន ប៉ុន្តែក៏មានរោងចក្រ និងសិប្បកម្មមួយចំនួនមានទុនកម្រិតរបស់គាត់ដែរ។
លោកបន្តថា៖ «ទោះជាយ៉ាងណាក៏ដោយគ្រប់រោងចក្រទាំងអស់ត្រូវមានកញ្ចប់ឧបត្ថម្ភបន្ថែមទៅលើអ្វីដែលរាជរដ្ឋាភិបាលកំពុងផ្តល់ស្បៀងទៅដល់បងប្អូនកម្មករដែលនៅតាមផ្ទះជួល»។
លោក ហេង សួរ ថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយលើកលែងតែឆ្លងតំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺកម្មករមួយចំនួនបានចាប់ផ្តើមចេញទៅធ្វើការឡើងវិញ។
ជារួមជាង ៦០ ភាគរយនៃផ្នែករោងចក្រកាត់ដេរ គឺមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ បូកជាមួយខេត្តកណ្តាល ដោយសារនៅភ្នំពេញនៅបន្តការបិទខ្ទប់នេះ ការសម្រួលឱ្យមានចរាចរណ៍រវាងខេត្តមួយទៅខេត្តមួយនេះ គឺមិនទាន់មានអ្វីពាក់ព័ន្ធដំណើរការរោងចក្រកាត់ដេរនៅភ្នំពេញនោះទេ។
ប៉ុន្តែអាចមានកម្មករមួយចំនួនតូច ឧទាហរណ៍ព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ឬខេត្តកណ្តាល និងខេត្តតាកែវ គាត់អាចចាប់ផ្តើមឆ្លងទៅវិញទៅមកបាន អ៊ីចឹងកម្មកររោងចក្រដែលមិនស្ថិតនៅតំបន់បិទខ្ទប់អាចទៅធ្វើការនៅតាមទីតាំងរោងចក្រដែលឆ្លងខេត្តបាន អាចទទួលបានផលប្រយោជន៍ពី ៥ ទៅ ១០ ភាគរយ ដែលទទួលបានពីការបើកឱ្យមានការធ្វើដំណើរឆ្លងខេត្តវិញនេះ។
លោក ហេង សួរ បានឱ្យដឹងផងដែរថា កម្មករ-កម្មការិនីរោងចក្រ និងថ្នាក់ដឹកនាំសហជីពប្រមាណ ១០ ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី១ និងដូសទី២ ទើបចាប់ផ្តើមកាលពីថ្ងៃទី ២៥ មេសា ក្នុងរយៈពេល ២ ថ្ងៃ ចាក់ជូនកម្មករបានចំនួន ៨ ៧០០ នាក់។ ប៉ុន្តែ បើទោះបីជាគាត់ចាក់វ៉ាក់សាំងដូសទី ១ឬទី២ ក៏ដោយ បើរស់នៅតំបន់ក្រហម តំបន់លឿងទុំមិនអាចចេញធ្វើការនៅខាងក្រៅបានទេ។
ទោះជាយ៉ាងណាក៏ដោយ លោកថានៅពេលដែលមានការបែងចែកតំបន់នេះហើយ អាចមានរោងចក្រ ក្រុមហ៊ុនមួយចំនួនចាប់ផ្តើមដំណើរការឡើងវិញ។
លោកថ្លែងថា៖ «បើតាមការវាយតម្លៃបឋម ទីតាំងដែលមានរោងចក្រច្រើននៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ អាចនៅមានចំណុចប្រឈមច្រើនដែលយើងអាចរង់ចាំបន្តិច ដើម្បីឱ្យឫសគល់នៃជំងឺកូវីដ ១៩ កាត់ផ្តាច់សិន ដោយសារតាមរយៈការយកសំណាកពីតំបន់ទាំងនេះ នៅមានចំនួនវិជ្ជមានច្រើន»៕