ភ្នំពេញៈ កម្មករ ប្រធានសហជីព អ្នកនយោបាយ បារម្ភពីផលវិបាកបើសិនមានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលអ្នកវិភាគថា មានទំហំធំ តែអាចគ្រប់គ្រងបាន ខណៈពេលដែលប្រតិភូសហភាពអឺរ៉ុបកំពុងស្វែងយល់អំពីស្ថានការណ៍ពិតនៅកម្ពុជាមុនឈានដល់ការធ្វើការសម្រេចចិត្ត។
អ្នកនាង សុត សុផង បានចាកចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង កាលពី ៨ ឆ្នាំមុន ដើម្បីមកធ្វើការជាកម្មការិនី នៅរោងចក្រកាត់ដេរក្នុងទីក្រុងភ្នំពេញ។ ការងារជាកម្មករកាត់ដេរ មិនត្រឹមតែអាចឲ្យនាងជួយខ្លួនឯងនិងគ្រួសារប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យនាង អាចបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យឯកជនមួយក្នុងទីក្រុងភ្នំពេញកាលពីជាង ១ ឆ្នាំមុន។
បច្ចុប្បន្ននេះ សុផង បានចាកចេញពីវិស័យកាត់ដេរ មកធ្វើការបណ្ដោះអាសន្ននៅក្នុងវិស័យបដិសណ្ឋារកិច្ចនៅសណ្ឋាគារ។ ប៉ុន្តែនាងមានក្តីបារម្ភពីផលប៉ះពាល់នៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅលើជីវិតកម្មករជាច្រើនម៉ឺននាក់ទៀត ដែលកំពុងធ្វើការក្នុងវិស័យនេះ ក៏ដូចជាការប៉ះពាល់ដោយប្រយោលដល់ការងាររបស់នាង។
សុផង និយាយថា៖ «ខ្ញុំធ្លាប់ឮរឿង EBA តែចុងក្រោយមិនសូវបានតាមដាន។ ខ្ញុំគិតថា បើមាន EBA ប្រទេសយើងមានការវិនិយោគច្រើន។ ខ្ញុំបារម្ភថា បើគេដក EBA អាចធ្វើឲ្យមានការបិទរោងចក្រ ឬផ្ដាច់កិច្ចសន្យាកម្មករអីជាដើម ដែលធ្វើឲ្យយើងបាត់បង់ការងារ នេះជាអ្វីដែលខ្ញុំធ្លាប់គិត»។
កម្មការិនីម្នាក់ទៀត ឈ្មោះ ហ៊ាន កុសល មកពីខេត្តកំពត ដែលកំពុងធ្វើការជាកម្មការិនីរោងចក្រកាត់ដេរអស់រយៈពេល ៣ ឆ្នាំមកហើយនោះ និយាយថា នាងមិនដឹងច្បាស់ទេរឿង EBA គឺបានត្រឹមតែឮថា កម្ពុជាមិនមាន EBA ដោយសារតែបញ្ហាសិទ្ធិមនុស្ស។
សហភាពអឺរ៉ុបបានផ្ដល់ប្រព័ន្ធ អនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ» ហៅ EBA ដល់កម្ពុជាចាប់តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ។ ប៉ុន្តែកាលពីខែកុម្ភៈកន្លងទៅសហភាពអឺរ៉ុបបានចាប់ផ្ដើមដំណើរការនីតិវិធីផ្អាក EBA ពីកម្ពុជាវិញ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ។
ប្រធានសហជីពមួយចំនួន លើកឡើងថា ការបាត់បង់ EBA មិនត្រឹមតែប៉ះពាល់ដល់កម្មករកម្មការិនី ក្នុងវិស័យកាត់ដេរប៉ុណ្ណោះទេវាអាចប៉ះពាល់ដោយប្រយោល ដល់វិស័យសេដ្ឋកិច្ចនៅកម្ពុជា។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ថ្លែងថា ការរីកចម្រើនរបស់កម្ពុជា និងការស្រូបយកអ្នកវិនិយោគក្នុងវិស័យកាត់ដេរ និងស្បែកជើងមកដល់ពេលនេះ គឺដោយសារតែប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលផ្ដល់ឱកាសឲ្យកម្ពុជាបាននាំទំនិញចូលទៅទីផ្សារអឺរ៉ុប។
លោកថា បើ EBA ត្រូវបានដកហើយកម្ពុជាត្រូវបង់ពន្ធវិញនោះ វានឹងមានផលប៉ះពាល់អវិជ្ជមានដល់កម្ពុជា ដោយអ្នកវិនិយោគនឹងប្រៀបធៀបប្រទេសកម្ពុជា ទៅនឹងប្រទេសផ្សេងទៀតដែលទទួលបាន EBA ហើយគេបង្វែរទិសដៅរបស់គេទៅប្រទេសទាំងនោះ។
លោកបន្តថា អ្នកដែលរងការប៉ះពាល់ផ្ទាល់ គឺកម្មករ ដែលបាត់បង់ការងារដោយសារតែការបង្វែររោងចក្រ ហើយអ្នកដែលប៉ះពាល់ដោយប្រយោលគឺមានដូចជាអ្នកលក់ដូរ តាមរោងចក្រ ម៉ូតូឌុប កង់បី អ្នកលក់ លៀសហាល ខោអាវជជុះនិងផ្ទះជួលជាដើម។
លោកថ្លែងថា៖ «យើងនៅក្នុងវិស័យនេះ ជាកម្មករនិយោជិត យើងអត់ចង់ឃើញប្រទេសខ្មែរបាត់បង់ EB ហើយយើងចង់ឃើញការលូតលាស់ខ្លាំងជាងនេះ យើងចង់ឃើញការងារសម្រាប់ពលរដ្ឋយើងកាន់តែសម្បូរបែប»។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ថ្លែងថា៖ «កម្មករយើង នៅពេលបច្ចុប្បន្ន មានជិត ១ លាននាក់ ប៉ះពាល់មិនត្រឹមតែ ១ លាននាក់នេះទេ គឺប៉ះពាល់ដល់ក្រុមគ្រួសាររបស់គាត់ព្រោះកម្មករជាអ្នករកចំណូលដល់ក្រុមគ្រួសាររបស់គាត់»។
លោកស្រីថា បើបាត់បង់ EBA វាធ្វើឲ្យកម្មការិនីដែលជាអ្នកចំណាកស្រុកពីខេត្តផ្សេងៗ អាចត្រឡប់ទៅរកការងារដើមរបស់ពួកកាត់វិញ ប៉ុន្តែពួកគេនឹងប្រឈមបញ្ហាកាន់តែខ្លាំងដោយសារតែពួកគេខ្លះ មិនមានដីធ្វើកសិកម្មទៀតទេ ព្រោះពួកគេបានលក់ដីនោះដើម្បីកែប្រែស្ថានភាពរស់នៅ ដូចជាលក់ដីយកប្រាក់ធ្វើផ្ទះជាដើម។ ដូច្នេះ ជម្រើសសម្រាប់ពួកគាត់ គឺការធ្វើចំណាកស្រុកទៅបរទេសដើម្បីរកការងារដោយប្រថុយប្រថាន។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA ថ្លែងថា ការបាត់បង់ EBA ប៉ះពាល់មិនត្រឹមតែកម្មករប្រមាណ ៧០ ម៉ឺននាក់ទេ តែវាធ្វើឲ្យបាត់ប្រាក់ចំណូលជាតិទាំងមូល ។
លោកថា៖ «អ្នកដែលរងផល់ប៉ះពាល់ផ្សេងទៀតមានប្រហែល ១ លាននាក់តាមខ្ញុំគិត ព្រោះអ្នកកាត់ដេរគាត់ចិញ្ចឹមគ្រួសាររបស់គាត់ ហើយខ្លះជំពាក់ធនាគារ»។
លោកថាសូម្បីតែសមាគមរបស់លោកដែលស្ថិតក្នុងវិស័យដឹកជញ្ជូនក៏អាចរងផលប៉ះពាល់ដែរ ដោយសារមិនមានអ្នកជិះ។
លោក ប៉ាវ ស៊ីណា យល់ឃើញថា សហភាពអឺរ៉ុបគួរតែពិចារណារក្សាទុក EBA សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។
លោកបានសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបជាវិជ្ជមានជាច្រើនរួចហើយទៅលើការទាមទាររបស់សហភាពអឺរ៉ុប។
លោក ស៊ីណា ថ្លែងថា៖ «សម្រាប់ខ្ញុំ EU គួរតែពិចារណាលើអ្វីដែលរដ្ឋាភិបាលបានឆ្លើយតបលើវិស័យការងារតាមរយៈការផ្ដល់សិទ្ធិសេរីភាពពាក់ព័ន្ធនឹងការជួបជុំសេរីភាពសហជីពដូចជាការបញ្ឈប់ការធ្វើទុក្ខបុកម្នេញ មេដឹកនាំសហជីពជាដើម។ ខ្ញុំគិតថា គេកំពុងដោះស្រាយបញ្ហាហ្នឹងហើយ ដូច្នេះនេះជាផ្នែកមួយដែល EU គួរពិចារណា»។
លោកបន្តថា៖ «ចំណែកផ្នែកនយោបាយ វាត្រូវការពេលវេលាមួយយូរទៀត ដើម្បីដោះស្រាយបន្ត។ ចំពោះលក្ខខណ្ឌការងារ សិទ្ធិការងារ ខ្ញុំគិតថា រដ្ឋាភិបាលកំពុងធ្វើការកែប្រែស្ថានការណ៍ឲ្យស្របទៅនឹងតម្រូវការរបស់ EU ដូចជាយើងឃើញហើយថ្មីៗនេះ សាលាឧទ្ធរណ៍បានទម្លាក់បទចោទមកលើមេដឹកនាំសហជីព រួមទាំងខ្ញុំជាដើម ហើយច្បាប់ស្តីពីសហជីពកំពុងធ្វើការកែប្រែដែរ គឺយើងបានជួបប្រជុំ២ដងហើយ លើមាត្រាដែលប៉ះពាល់ដល់ដំណើរការរបស់សហជីព»។
លោកថា ក្រៅពីនេះ រដ្ឋាភិបាលក៏បានធ្វើឲ្យសេរីភាពសារព័ត៌មានប្រសើរឡើងវិញ ដូចជាការអនុញ្ញាតឲ្យមានការិយាល័យតំណាងរបស់វិទ្យុសំឡេង VOA ជាដើម។
លោក កាំង មុនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC មានការជឿជាក់ថា ឧស្សាហកម្មកាត់ដេរ មិនទំនងជាមូលហេតុនៃការដក EBA ទេ បើពិចារណាលើការវិវត្តដោយវិជ្ជមាន ដែលកម្ពុជា បានធ្វើក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ លើផ្នែកសេដ្ឋកិច្ចនិងសង្គម។
លោកថ្លែងថា៖ «យើងកំពុងធ្វើការដោះស្រាយចំណុចពាក់ព័ន្ធដែល EU មើលឃើញថា ជាការថយក្រោយនៃសិទ្ធិការងារនៅក្រោយឆ្នាំ ២០១៦ ហើយចំណុចភាគច្រើនមិនពិបាកនឹងធ្វើការកែតម្រូវទេ។ និន្នាការនៃបញ្ហាការងារ នឹងមានភាពវិជ្ជមាន ដូច្នេះបើនិយាយពីវិស័យកាត់ដេរថា ជាមូលហេតុនៃការដាក់ទណ្ឌកម្មនេះ វាគ្រាន់តែជាការប៉ាន់ស្មាន ដែលធ្វើឲ្យអ្នកវិនិយោគនិងអ្នកបញ្ជាទិញមានការព្រួយបារម្ភប៉ុណ្ណោះ»។
លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា សេដ្ឋកិច្ចកម្ពុជា នឹងរងផលប៉ះពាល់បែបអវិជ្ជមាន ប៉ុន្តែមិនរហូតថ្នាក់ខ្ទេចខ្ទីនោះទេបើសិនជាមានការដក EBA នោះ។ លោកថា ផលប៉ះពាល់អាចគ្រប់គ្រងបានប្រសិនបើរដ្ឋាភិបាលកម្ពុជា អនុវត្តវិធានការកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព។
លោកថ្លែងថា៖ «ការវិនិយោគផ្ទាល់ពីបរទេស ប្រហែលជាអាចងាកពីចិន (មកកម្ពុជា) ដោយសារតែឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម។ ដោយសារតែមានកំណើនដែលជំរុញដោយមូលធនចិន ក្នុងចំណោមកត្កាផ្សេងទៀតនោះ វានឹងបង្កើតការងារបន្ថែម និងភាពរស់រវើកនៅក្នុងវិស័យសេដ្ឋកិច្ច»។
ស្របពេលជាមួយគ្នានេះ អ្នកនយោបាយ ៣ រូប ពីអតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយស្នើឲ្យ EU រក្សា EBA សម្រាប់កម្ពុជា។ ការអំពាវនាវនេះធ្វើឡើងដោយលោក អ៊ូ ច័ន្ទរ័ត្ន លោក ជីវ កត្តា និង លោក កង គឹមហាក់ ដែលទទួលសិទ្ធិធ្វើនយោបាយឡើងវិញកាលពីខែមីនា។ អ្នកនយោបាយទាំង ៣ នាក់ ក៏បានស្នើឲ្យមេដឹកនាំនយោបាយបន្ទន់ឥរិយាបថដាក់គ្នា ដើម្បីផលប្រយោជន៍ជាតិផងដែរ៕