កណ្ដាលៈ ក្រុម​កម្មករ​ជាង ១០០ ​នាក់​ក្នុង​ចំណោម​ ៣០០ ​នាក់​ដែល​កំពុង​បម្រើការ​នៅក្នុង​រោងចក្រ Prestige Garment Co., LTD ស្ថិត​នៅក្នុង​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​ដោយ​មិន​ចូលធ្វើការ​ចាប់​តាំងពី​ថ្ងៃ​ចន្ទ ទី​ ២៤ ខែ​ធ្នូ រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ ក្រោយពី​រោងចក្រ​បណ្ដេញ​តំណាង​របស់​ពួកគេ​ម្នាក់ ព្រោះ​តែ​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​សហជីព​នៅ​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​។

យោងតាម​ឯកសារ​ដែល​ភ្នំពេញ​ ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា លោក ហួន សុវ៉ិត បាន​ដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​សហជីព​មូលដ្ឋាន​ទៅ​មន្ទីរ​ការងារ​កាលពី​ថ្ងៃ​ ២១ ខែ​ធ្នូ ក្រោយពី​កម្មករ​បោះឆ្នោត​ឲ្យ​ជាប់​ជា​តំណាង​ពួកគេ​កាលពី​ថ្ងៃទី​ ២០ ខែ​ធ្នូ ដើម្បី​ការពារ​សិទិ្ធ​កម្មករ​នៅក្នុង​រោងចក្រ​។

លោក ហួន សុវ៉ិត បាន​ឲ្យ​ដឹង​ថា​លោក​បាន​ចាប់ផ្តើម​ធ្វើការ​ក្នុង​រោងចក្រ​នេះ​ចាប់តាំងពី​ខែ​ឧសភា​ឆ្នាំ​ ២០១៨ ដោយ​មាន​កិច្ចសន្យា​ ៣​ ​ខែ​ម្តង តែ​រោងចក្រ​បាន​បញ្ឈប់​ការងារ​របស់​លោក​នៅ​ថ្ងៃទី​ ២២ ​ខែ​ធ្នូ ២ ​ថ្ងៃ​មុន​កិច្ចសន្យា​ផុតកំណត់​។

លោក សុវ៉ិត ថ្លែង​ថា​៖ «​បច្ចុប្បន្ន​រោងចក្រ​នេះ​ពុំ​មាន​សហជីព​ទេ ទើប​ខ្ញុំ​បាន​ចាប់ផ្តើម​រៀបចំ​ឯកសារ ហើយ​ដោយសារ​តែ​គេ​បាន​ដឹងថា ខ្ញុំ​បាន​រៀបចំ​ឯកសារ​ចុះ​បញ្ជី​សហជីព​ទើប​គេ​បណ្តេញ​ខ្ញុំ​ចេញ ខ្ញុំ​បាន​សួររក​មូលហេតុ​ថា តើ​ខ្ញុំ​បាន​ធ្វើអ្វី​ខុស​ទើប​បាន​ជា​បណ្តេញ​ខ្ញុំ​ចេញ គេ​ថា​អត់​មាន​មូលហេតុ​អ្វី​ទេ​»​។

លោក​ថ្លែង​ថា​ នៅ​ក្នុ​រោងចក្រ​នេះ​កម្មករ​រង​ការគាបសង្កត់ ហើយ​រោងចក្រ​នេះ​មិនទាន់​ចូល​ជា​សមាជិក ប.ស.ស ទេ​ដូច្នេះ​យើង​បាន​ជំរុញ​ឲ្យ​គាត់​ចូល​ជា​សមាជិក ប.ស.ស ដើម្បី​ឲ្យ​​កម្មករ​ទទួល​បាន​អត្ថប្រយោជន៍​»​។

អ្នកស្រី​ ស៊ិន រស្មី អាយុ​ ៣៣ ​ឆ្នាំ​បាន​ចូល​ធ្វើការ​រោងចក្រ​នេះ​តាំង​ពី​ខែ​ ៨ បាន​ចូលរួម​ធ្វើ​កូដកម្ម​នៅ​ពី​មុខ​រោងចក្រ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការតវ៉ា​នេះ​មាន​គោលបំណង​សុំ​ឲ្យ​ខាង​រោងចក្រ​ទទួល​យក​តំណាង​របស់​កម្មករ​ឲ្យ​ចូល​ធ្វើ​ការងារ​វិញ និង​សម្រួល​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ​ឲ្យ​មាន​ភាពប្រសើរឡើង​។

អ្នកស្រី​បញ្ជាក់​៖ «​កូន​ខ្ញុំ​ឈឺ​អត់​ឲ្យ​ខ្ញុំ​ឈប់​ទេ ប្រាប់​ថា​វា​ជា​រឿង​គ្រួសារ​ដល់​អ៊ីចឹង​ខ្ញុំ​បាន​សុំ​ឲ្យ​គាត់​ជា​តំណាង​ជួយ​សុំច្បាប់​ឲ្យ​ខ្ញុំ ហើយ​គេ​ក៏​បាន​អនុញ្ញាត​»​។

អ្នក​តវ៉ា​ម្នាក់​ទៀត​អ្នកស្រី រឿន ស្រីម៉ុច​អាយុ​ ៣១ ​ឆ្នាំ​បាន​អះអាង​ថា​៖ «​យើង​អត់​ថែម​ម៉ោង ដល់​ម៉ោង​ ៦ គេ​ហៅ​ទៅ​ស្តី​ឲ្យ ពេល​ខ្ញុំ​សុំ​ច្បាប់​ថា ឈឺ គេ​ប្រាប់​ថា អត់​ខ្វល់​បើ​ទោះបី​ជា​យើង​មាន​សំបុត្រ​ពេទ្យ​ក៏​គេ​កាត់លុយ​យើង​ដែរ ដូច្នេះ​លោក ហួន សុវ៉ិត ជា​អ្នកតំណាង​ដែល​កម្មករ​បាន​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា ដូច្នេះ​ខ្ញុំ​សំណូមពរ​ឲ្យ​រោងចក្រ​យល់ព្រម​ទទួល​យក​គាត់​ចូល​ធ្វើការ​វិញ​បើ​មិន​អ៊ីចឹង​ទេ​យើង​មិន​ព្រម​ចូល​ធ្វើការ​ទេ​»​។

កម្មករ ​១ ​រូប​ទៀត​អ្នកស្រី​ ព្រំ ចន្ទ្រា អាយុ​ ៣១ ​ឆ្នាំ​បាន​និយាយ​ថា​៖ «​យើង​យល់ព្រម​ឲ្យ​កម្មករ​មាន​សហជីព និង​អ្នក​តំណាង​កម្មករ​ និង​ឆាប់​បាន​ក្លាយ​ជា​សមាជិក ប.ស.ស​»​។

លោក​ ធុល នាង ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្តាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ខាង​មន្ទីរ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​រឿង​ការតវ៉ា​របស់​កម្មករ​នៅឡើយ​ទេ​។

លោក​ថា​៖ «​ប៉ុន្តែ​ស្អែក (​ថ្ងៃទី​ ២៦) ​ហ្នឹង​ខ្ញុំ​ និង​មន្ត្រី​របស់​ខ្ញុំ​ចុះទៅ​ហើយ​។ ​កម្មករ​គាត់​អាច​ដាក់​បណ្តឹង​មក​យើង​មក ចំណុច​អ្វី​ខ្លះ​ដែល​គាត់​ចង់​ប្តឹង យើង​នឹង​ដោះស្រាយ​ជូន​គាត់​តាមរយៈ​ច្បាប់​ការងារ យើង​នឹង​ធ្វើ​ការស៊ើបអង្កេត​ទៅ​លើ​ចំណុច​ដែល​កម្មករ​បាន​លើក​ឡើង​»​។

កងសន្តិសុខ​រោងចក្រ​បាន​រារាំង​មិន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ចូល​ជួប​តំណាង​រោងចក្រ​នោះ​ទេ​។

លោក ខេន លូ (Ken Loo) អគ្គលេខាធិការ និង​លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC រួមទាំង​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ចំពោះ​រឿង​តវ៉ា​របស់​កម្មករ​នេះ​៕