ភ្នំពេញៈ កម្មករ​ចំនួន​ ៩៨ ​នាក់​ដែល​កំពុង​តស៊ូ​សមរភូមិ​ផ្លូវ​ច្បាប់ ដើម្បី​ប្រាក់​ឈ្នួល​ដែល​ជំពាក់​ពួកគេ​ បន្ទាប់ពី​និយោជក​របស់​ពួកគេ​រត់គេច​ចេញ​ពី​ប្រទេស បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​របស់​ចៅក្រម​ដែល​សម្រេច​ផ្តល់ ប្រាក់​មួយ​ភាគ​ធំ​នៃ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ទៅ​ម្ចាស់​ដី​រោងចក្រ​កាលពី​ថ្ងៃ​ពុធ​។

ការប្តឹង​ឧទ្ធរណ៍​នេះ​គឺជា​ដំណើរ​វិវត្តន៍​ថ្មីៗ​បំផុត​នៅ​ក្នុង​ដំណើរ​រឿង​ជិត​ ២ ​ឆ្នាំ​របស់​រោងចក្រ Co-Seek Garment Co, Ltd, ជា​របស់​ជនជាតិ​ចិន​ដែល​អតីត​កម្មករ​រោងចក្រ​នេះ​និយាយ​ថា ពួកគេ​ម្នាក់​នៅ​ត្រូវ​បាន​ជំពាក់​ប្រាក់ខែ​ពី ២០០ ទៅ ៣០០ ដុល្លារ​ព្រម​ទាំង​ប្រាក់​បំណាច់​ប្រមាណ ៨០០ ដុល្លារ​ទៀត​។

តាម​ការសម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង លាង កាលពី​ខែ​មុន​កម្មករ​នឹង​ទទួល​បាន​ប្រាក់ ៧០០០ ​ដុល្លារ​នៃ​ចំនួន​ប្រាក់ ៣៥០០០ ដុល្លារ​ពី​ការលក់​សម្ភារ និង​ទ្រព្យសម្បត្តិ​រោងចក្រ ហើយ​ចំនួន​ដែល​នៅ​សល់​បាន​ទៅ​ម្ចាស់​ដី​រោងចក្រ​លោក សួរ សារិទ្ធិ បើ​ទោះបី​ជា​មាត្រា ១២១ រហូត​ដល់​មាត្រា​ ១២៥ នៃ​ច្បាប់​ស្តីពី​ការងារ​និយាយ​ថា សំណង​កម្មករ​ត្រូវ​ដោះស្រាយ​មុន​ម្ចាស់​បំណុល​ផ្សេងៗ​ទៀត​ក្នុង​ករណី​រោងចក្រ​មួយ​ត្រូវ​ជម្រះបញ្ជី​។

អតីត​កម្មការិនី​នៃ​រោងចក្រ Co-Seek ម្នាក់​ឈ្មោះ ហន សេងហន បាន​ថ្លែង​ថា សំណុំ​រឿង​តុលាការ​ដែល​អូសបន្លាយ​ជាយូរ​មក​ហើយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​កម្មករ នៅ​ពេល​ពួកគេ​បាន​ដឹង​ថា​រោងចក្រ​នេះ​បាន​បិទទ្វារ​កាលពី​ខែ​សីហា​ឆ្នាំ​ ២០១៦​។

អ្នកនាង​ថ្លែង​ថា​៖ «​ពួកគេ​មិន​ទាន់​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​នៅ​ឡើយ​ដោយសារ​ពួកគេ​និយាយ​ថា ម្ចាស់​ដី សុំ​បំបែក​លុយ​។ តុលាការ​នៅ​មិន​ទាន់​ធ្វើ​សេចក្តី​សម្រេច​ផ្លូវការ​នៅ​ឡើយ​ទេ​»​។

លោក លាង ដែល​ជា​ចៅក្រម​នៅក្នុង​សំណុំ​រឿង​នេះ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​សេចក្តី​សម្រេច​របស់​លោក ឬ​ហេតុ​អ្វី​សំណុំ​រឿង​នេះ​ចំណាយពេល​យូរ​ក្នុង​ការ​ដោះស្រាយ​។ អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​អត្ថាធិប្បាយ​ទេ​។

ទោះ​យ៉ាង​ណា​ក្តី ជា ភារ៉ា មេធាវី​របស់​លោក សារិទ្ធិ បាន​ការពារ​សេចក្តី​សម្រេច​របស់​ចៅក្រម​ដោយ​អះអាង​ថា​លោក សារិទ្ធិ បាន​ចំណាយ​ប្រាក់​ជាង ៥០០០០ ដុល្លារ​សង​សំណង​ដល់​អតីត​កម្មករ​រោងចក្រ Co-Seek ប្រមាណ​ ៣០០ នាក់​ដែល​ជា​កម្ចី​ទៅ​ឲ្យ​រោងចក្រ​ដែល​នឹង​ត្រូវ​សង​វិញ​នៅ​ពេល​ក្រោយ​។

លោក ភារ៉ា បាន​ថ្លែង​ថា​៖ «​វា​មិនមែន​ជា​ទម្រង់​នៃ​ការជិះជាន់​កម្មករ​ទេ​»​។ «​ម្ចាស់​ដី​គ្រាន់តែ​សុំ​យក​ប្រាក់​វិញ​ដែល​គាត់​បាន​បើក​ឲ្យ​កម្មករ ៣៣១ ​នាក់​ដោយសារ​គាត់​ភ័យខ្លាច​ថា កម្មករ​នឹង​ធ្វើ​បាតុកម្ម​ និង​ការតវ៉ា​នៅ​ពេល​និយោជក​រត់​ចោល​រោងចក្រ ហើយ​វា​អាច​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​»​។

ការផ្តល់​ឲ្យ​របស់​លោក សារិទ្ធិ ចំនួន ១៤០ ទៅ ១៦០ ​ដុល្លារ​ត្រូវ​បាន​ច្រានចោល​ដោយ​កម្មករ​ ៩៨ នាក់​ដែល​នៅ​កំពុង​ជាប់​នៅ​ក្នុង​សំណុំរឿង​តុលាការ​នៅ​ឡើយ​។ ឥឡូវនេះ​ពួកគេ​ប្រឈមមុខ​នឹង​លទ្ធភាព​នៃ​ការទទួល​បាន​ជាង​ ៧០ ​ភាគរយ​ក្នុង​ម្នាក់​តាម​ការសម្រេច​របស់​តុលាការ​។

ប្រាក់​ចំនួន ​៣៥០០០ ​ដុល្លារ​ឥឡូវ​នេះ​ត្រូវ​បាន​តម្កល់​នៅ​ធនាគារ​ជាតិ ខណៈ​តុលាការ​កំពុង​បន្ត​ដំណើរការ​ក្តី​។

លោក Bent Gehrt ប្រធាន​សមាគម​សិទ្ធិ​កម្មករ​ប្រចាំ​អាស៊ីអាគ្នេយ៍​ថ្លែង​ថា ការទាមទារ​របស់​ម្ចាស់​ដី គឺ​មិនមែន​ជា​អាទិភាព​ទេ ដោយ​ចង្អុល​បង្ហាញ​ថា ច្បាប់​ចែង​ថា កម្មករ​នឹង​ត្រូវ​សង​មុន​អ្នក​ដទៃៗ​ទៀត​។

លោក Gehrt បាន​ថ្លែង​បញ្ជាក់​ថា​៖ «​ការទាមទារ​របស់​កម្មករ​គឺ​នៅ​តែ​ជា​អាទិភាព​មុន​គេ​»​។

ក្រៅពី​អ្នក​បញ្ជា​ទិញ​ម៉ាក Zara កម្មករ​រោងចក្រ Co-Seek ក៏​ផលិត​សម្លៀកបំពាក់​ឲ្យ​អ្នក​បញ្ជា​ទិញ GU ផង​ដែរ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​លក់រាយ​ដ៏ធំ​របស់​ជប៉ុន​ឈ្មោះ Fast Retailing​។

ក្រុមហ៊ុន Inditex ដែល​ជា​ម្ចាស់​ម៉ាក Zara និង​ជា​ក្រុមហ៊ុន​ម៉ូត​ធំ​បំផុត​ក្នុង ពិភពលោក​មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​អត្ថាធិប្បាយ​ជាច្រើន​ដង​។

លោក Gary Conway ដែល​ជា​អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Fast Retailing ថ្លែង​ថា ក្រុមហ៊ុន​នេះ​ទិញ​ពី​រោងចក្រ Co-Seek មិន​ដល់​មួយ​ឆ្នាំ​ទេ​ពី​ឆ្នាំ​ ២០១៤ ដល់ ២០១៥​។

លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ចាប់​តាំងពី​ពេល​នោះ​មក យើង​មិន​មាន​ទំនាក់ទំនង​អាជីវកម្ម​ជាមួយ​រោងចក្រ Co-seek Garment ទៀត​ទេ​»​។ «​ដោយសារ​បញ្ហា​នេះ​គឺ​កើត​មាន​ពី​ខែ​សីហា​ឆ្នាំ​ ២០១៦ វា​យូរ​ហើយ​ចាប់​តាំងពី​យើង​ឈប់​ធ្វើការ​ជាមួយ​រោងចក្រ Co-seek»​។

លោក Gehrt បាន​អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ​ពី​រោងចក្រ​នេះ​ចូលរួម​ដោះស្រាយ​។ «​ម៉ាក​ជាច្រើន​ដទៃៗ​ទៀត​រួមមាន Nike, Adidas, Fruit of the Loom និង Gap នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​ផ្តល់​សំណង​ប្រាក់​បំណាច់​ដល់​កម្មករ​ដែល​ជំពាក់​ដោយ​អ្នក​ផ្គត់ផ្គង់​របស់​ពួកគេ​»៕ PS