ស្វាយ​រៀងៈ ​កម្មកា​រិនី​រោង​ចក្រ ១​ រូប​ដែល​មាន​ផ្ទៃពោះ​​ ៦ខែ​ និង​កម្មកា​រិនី​១០​នាក់​ផ្សេង​ទៀត ​បាន​ត្រឡប់​​ចូល​ធ្វើ​ការ​ងារ​នៅ​រោង​ចក្រ​ យូលី​ អ៊ិន​ធើ​ណេសិន​ណល​ (ខេម​បូឌា​)​ ហ្គា​មេន​ ខូអិល​ធី​ឌី​ វិ​ញ​ហើយ​ បន្ទាប់​ពីមាន​ការ​សម្រប​សម្រួល​ពី​មន្ទីរ ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ខេត្ដ​ស្វាយ​រៀង​ កាល​ពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន​នេះ​។​ យោង​តាម ​លោក​ ហ៊ូ​ សុខឿន​ ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ខេត្ដ​ស្វាយ​រៀង​​ប្រាប់​ភ្នំពេញ​បុស្ដិ៍​ម្សិល​មិញ​។

លោក​ អ៊ូ​ សុខឿន​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ មាន​កម្មការិនី​ម្នាក់​ មាន​ផ្ទៃ​ពោះ ​៦​ខែ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ ក្រុម​ហ៊ុន ឲ្យ​លា​ឈប់​ពី​ការ​ងារ​។ ​លោក​ប្រធាន​មន្ទីរ​ បាន​ចាត់​តាំង​ ក្រុម​អធិការ​កិច្ច​ការ​ងារ​ ចុះ​ទៅ​ដល់​ក្រុម​ហ៊ុន និង​សម្រប​សម្រួល ហើយ​ភាគី​ក្រុមហ៊ុន​ក៏​បាន​យល់​ព្រម​ទទួល​កម្មការិនី​មាន​ផ្ទៃ​ ឈ្មោះ ​អុន ​សុម៉ាលី ឲ្យ​ចូល​ធ្វើការ​វិញ​ ព្រមទាំង​កម្មការិនី ​១០​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​ក្រុម​ហ៊ុន​ផ្តាច់​កិច្ច​សន្យា​ដូចគ្នា​ដែរ​។​

លោក​បន្ដ​ថា​៖​«​រឿង​ដែល​កម្មករ​ ដែល​ត្រូវ​ក្រុម​ហ៊ុន​បញ្ឈប់នេះ​ មិន​មែន​មាន​តែ​ស្រ្ដី​ពោះ​ធំម្នាក់​ទេ​ មាន​កម្មកា​រិនីផ្សេង​ទៀត​ប្រមាណ​ជា​ ១០​ ​នាក់​ឯ​ណោះ ​ហើយ​ការ​បញ្ឈប់​ពី​ការងារ​នេះ ​គឺ​ព្រោះ​តែ​ពួក​គាត់​ប្រើ​ប្រាស់​ឯក​សារ​មិន​ពិត​។​ ពេល​ពួក​គាត់​ចូល​ធ្វើ​ការងារ​ដំបូង​ពួក​គាត់​ខ្ចី​ឯក​សារ​គេ​មកប្រើ​ ដល់​ពេល​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម (ប.​ស​.​ស​)​ គេ​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា​ ឯកសារ​ដែល​ពួក​គាត់​ប្រើ​នោះ​មិន​ពិត​ ទើប​ថៅ​កែ​គេផ្ដាច់​កិច្ច​សន្យា​ ឲ្យ​ធ្វើ​កិច្ច​សន្យា​ថ្មី​ម្ដង​ទៀត​»​។​

លោក​ សុខឿន ថ្លែង​ថា​​ទាំង​កម្មការិនី​មាន​ផ្ទៃ​ពោះ ​និង​១០​នាក់​ផ្សេង​ទៀត​ សុទ្ធ​តែ​មិន​ទាន់​គ្រប់​អាយុ​ធ្វើការងារ​ ជាក់​ស្ដែង​កម្ម​ការិនី​ មាន​ផ្ទៃ​ពោះ​កើត​ឆ្នាំ​២​០០១​ នៅ​មិនទាន់​គ្រប់​អាយុ​ធ្វើការ។​ អញ្ចឹង​ហើយ​ក្រុម​ហ៊ុន​ខ្លាច ប.​ស​.​ស​ ចុះ​ពិនិត្យ​ឃើញ ​រ​ក​រឿង​គាត់​ៗ ​ក៏ហៅ​កម្មក​រទាំង​នោះ​មក​បញ្ចប់​កិច្ច​សន្យា ដោយ​សន្យាថា​ ពេល​គ្រប់​អាយុ​នឹង​ទទួល​យក​ចូល​ធ្វើ​កា​រ​ងារ​វិញ​។​

លោក​អះអាង​ថា​៖​«​ខ្ញុំ​ក៏​បាន​ទាក់ទ​ង​ តាម​ទូរស័ព្ទ​ទៅ​ថា​ កុំទាន់​បញ្ច​ប់​អី​កម្មករ​ទាំង​អស់​ ដោយ​ជួយ​សម្រួល​កិច្ច​សន្យា​ដល់​ពួក​គាត់​ឲ្យ​បាន​ធ្វើ​ការងារ​ប​ន្ដ​ទៀត​។ ​ដោយ​ខ្ញុំបាន​ឲ្យ​ក្រុម​ហ៊ុន​នឹង ធ្វើ​សំណើ​ទៅ​ក្រសួង​ការងារ​ ដើម្បី​ស្នើ​សុំ​ប្រើប្រាស់​ពលកម្ម​វ័យ​ក្មេង​។​ អញ្ចឹង​ទៅ​មិនមាន​ខុស​អីទៀត​ទេ​ ព្រោះ​ច្បាប់​ការងារ​របស់​យើង​ គេ​កំណត់​​ឲ្យ​ធ្វើ​ការងារ​បាន​ចាប់​តាំង​ពី​អាយុ ​១៥ឆ្នាំ​ឡើង​ទៅ​ម្លេ៉ះ ទៅ​តាម​​ប្រភេទ​ការងារ​»​។​

​លោក​បន្ថែម​៖«​ពេលនេះ​ ក្រុម​ហ៊ុន​គេ​យល់​ស្រប ​និង​ព្រម​​ឲ្យ​កម្មករ​ចូល​ធ្វើ​កា​រ​ងារ​វិញ​អស់​ហើយ​ ចំណែក​ឯក​សារ យើង​កំពុង​ឲ្យ​រៀប​ចំធ្វើ​ដាក់​ទៅ​ក្រសួង​»​។​

លោក​ ប៉ាវ​ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចល​នា​កម្មករ​ (CUMW) ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​​ថា ​ចំពោះ​កម្មករ​ម្នាក់ ដែល​មាន​ផ្ទៃ​ពោះ​នោះ​ គាត់​បាន​ចូល​ធ្វើ​ការ​ដោយ​មិន​ទាន់​គ្រប់​អាយុ​ ហើយ​ខ្ចី​ឯក​សារ​គេ​ ដើម្បី​យក​ទៅ​ដា​ក់​ពាក្យ​ធ្វើ​ការ​ងារ​ ដល់​ពេល​គេ​ពិនិត្យ​ឃើញ​ គេ​តម្រូវ​ឲ្យ​កម្មករ​នោះ ​កែ​ឯក​សារ​ឡើង​វិញ​។​

លោក​បន្ដ​៖​«ដល់​ពេល​ទៅ​កែ​ឯក​សារ​ឡើង​វិញ ​គាត់​នៅ​តែ​មិន​ទាន់​គ្រប់​អាយុ​ដដែល។ ​អញ្ចឹង​រោង​ចក្រ​គេ​មិន​បាន​​បណ្ដេញ​អី​ទេ​ គ្រាន់​តែ​តម្រូវ​ ឲ្យ​ពួក​គាត់​ទៅ​រៀប​ចំ​ឯក​សារ​យ៉ាង​ម៉េច​ ដើម្បី​ឲ្យ​ត្រូវ​នឹង​ច្បាប់​ការងារ​»​។​

លោក​ ស៊ីណា ​បាន​​អះអាង​ថា​៖​«ឥ​ឡូវ​​មក​ដល់​ម៉ោងនេះ ​យើង​បាន​ការពារ​គាត់​ មិ​ន​ឲ្យក្រុម​ហ៊ុន​បញ្ឈប់​គាត់​ទេ ហើយ​ក្រុម​ហ៊ុន​ក៏​មិន​បញ្ឈប់​គាត់​ដែរ​​ ពួក​គាត់​នៅ​ធ្វើ​ការងារ​ធម្មតា​ទេ​»​។

កាល​ពីម្សិល​មិញ​ ភ្នំពេញ​ បុស្ដិ៍ ​មិន​អាច​ទាក់ទង​ទៅ ​កម្មការិនី​មាន​ផ្ទៃពោះ ​ដើម្បីសុំ​អត្ថាធិប្បាយ៕