ភ្នំពេញៈ ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នេះបានបើកឲ្យប្រើប្រាស់ជាផ្លូវការកម្មវិធីបង្រៀន Think! Think! តាមអនឡាញកាលពីថ្ងៃពុធ ទី ២២ ខែមេសា ដើម្បីផ្ដល់ឱកាសសិក្សាដល់កុមារតាមប្រព័ន្ធអេឡិចត្រូនិកលើកកម្ពស់ការគិតបង្កើន intelligence quotient (IQ) និងសមត្ថភាពគណិតវិទ្យារបស់កុមារ។
ការបើកឲ្យប្រើប្រាស់ជាផ្លូវការកម្មវិធីបង្រៀន Think! Think!នេះធ្វើឡើងក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាង មកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅទីស្ដីការក្រសួងអប់រំ។
លោករដ្ឋមន្រ្ដីក្រសួងអប់រំបានថ្លែងក្នុងពេលបើកដាក់ប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបង្រៀននេះថា៖ «Think! Think! ជាកម្មវិធីសិក្សាដ៏ល្អ ជួយបង្កើន IQ ជំនួយដល់ការគិតបានស៊ីជម្រៅ និងបំណិនផ្នែកសង្គមរបស់កុមារ។ ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងជំងឺកូវីដ ១៩ កុមារអាចរីករាយក្នុងការសិក្សាកម្មវិធីនេះដោយខ្លួនឯងជាមួយសមាជិកគ្រួសារនៅតាមផ្ទះ»។
លោកថ្លែងថាកម្មវិធីសិក្សា Think! Think! កំពុងត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក Moeys Cambodia និង Krou Cambodia របស់ក្រសួងអប់រំ ដោយមានរយៈពេល ៣ ថ្ងៃ ក្នុង ១ សប្ដាហ៍ គឺនៅថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង ៥:០០ ដល់ ៥:៣០ ល្ងាច។ លោករដ្ឋមន្រ្ដីបង្ហាញថាកម្មវិធីបង្រៀននេះមានមេរៀនប្រភេទជាល្បែងល្បងប្រាជ្ញាថ្មីៗប្រមាណ ១៥ ០០០ ប្រភេទសម្រាប់កុមារសិក្សា។
លោករដ្ឋមន្រ្ដីថា កម្មវិធីសិក្សានេះក៏ជួយដល់ការសិក្សារបស់កុមារដែលមិនមានអ៊ីនធឺណិតនៅតាមផ្ទះផងដែរដោយក្រសួងគ្រោងនឹងចាក់ផ្សាយកម្មវិធីនេះនៅលើទូរទស្សន៍ផ្កាយរណប Decho TV ក្នុងពេលឆាប់ៗខាងមុខផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមកាលពីម្សិលមិញថា កម្មវិធីនេះបានផ្ដល់ឱកាសសិក្សាដល់សិស្សថ្នាក់ទី ១ ដល់ទី ៦ សម្រាប់បង្កើនការគិត និងសមត្ថភាពគណិតវិទ្យារបស់កុមារ។
លោកថ្លែងថា៖ «បច្ចុប្បន្ន កម្មវិធីសិក្សានេះបាននិងកំពុងចាក់ផ្សាយលើ Facebook “Krou Cambodia” មានរយៈពេល ៣០ នាទី ក្នុង ១ លើក គឺនៅថ្ងៃ ចន្ទ ពុធ សុក្រ ម៉ោង ៥ ដល់ ម៉ោង ៥ និង ៣០ នាទីល្ងាច។ នាពេលខាងមុខ កម្មវិធីនេះនឹងមានការផ្សាយជូនតាមទូរទស្សន៍»។
លោក សុវាចា លើកឡើងថាតាមបទពិសោធន៍ កម្មវិធីសិក្សានេះបានផ្ដល់ផលប្រយោជន៍ល្អដល់កុមារដូចជា ការពង្រឹងការគិតបែបស៊ីជម្រៅ ជំនាញសំខាន់សម្រាប់ជីវិត ការដោះស្រាយចំណោទបញ្ហា និងធ្វើឲ្យកុមារមានការស្វ័យសិក្សា (critical thinking skills, logical thinking skills, essential skills, problem solving skills, and independent learning skills) ផងដែរ។
ទាក់ទងនឹងការជំនួយការសិក្សាដល់សិស្សានុសិស្សទាំងអស់លើចំណេះដឹងទូទៅចាប់ពីថ្នាក់មត្ដេយ្យ បឋម រហូតដល់កម្រិតមធ្យមសិក្សា នៅក្នុងដំណាក់កាលបញ្ហាការរាតត្បាតនៃជំងឺកូវីដ ១៩ នេះ កាលពីថ្ងៃទី ២០ ខែមេសានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងស្ដីពីការសហការជាមួយក្រសួងព័ត៌មាន អំពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» ផងដែរ។
សេចក្ដីជូនដំណឹងដដែលនេះបានឱ្យដឹងថា តាមរយៈកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» ក្រសួងបានចាក់ផ្សាយវីដេអូនៃការបង្រៀនគ្រប់កម្រិតថ្នាក់ លើប្រព័ន្ធទូរទ្សន៍ជាតិកម្ពុជាកាណាល់ ទ.ទ.ក/២, ព្រមទាំងការផ្សាយបន្តតាមបណ្ដាញទូរទស្សន៍ខ្សែកាបរាជធានី-ខេត្ដចំនួន៥៥ប៉ុស្តិ៍, វេទិការអប់រំឌីជីថលរបស់ក្រសួងអប់រំកំពុងមានស្រាប់ និងលើ អេហ្វ (App) របស់ក្រសួងព័ត៌មានផងដែរ។
តាមសេចក្ដីជូនដំណឹងកម្មវិធី «ការសិក្សាពីចម្ងាយ» និង«ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» នេះ គឺដើម្បីឲ្យសិស្សានុសិស្ស ជាពិសេសសិស្សនៅតាមទីជនបទដាច់ស្រយាលមិនមានទូរស័ព្ទស្មាតហ្វូន ឬពិបាកប្រើអ៊ីនធឺណិតអាចសិក្សាតាមអនឡាញដោយខ្លួនតាមប៉ុស្តិ៍ទាំងនេះ ក្នុងអំឡុងបិទសាលាដោយសារការរាតត្បាតជំងឺកូវីដ ១៩។
ក្រសួងបញ្ជាក់ថា ទូរទស្សន៍ទាំងអស់នេះ នឹងចាក់ផ្សាយវីដេអូបង្រៀនដល់សិក្សាគ្រប់កម្រិតចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ យប់ជារៀងរាល់ថ្ងៃ៕