ភ្នំពេញៈ កម្រិត​ទឹកទន្លេ​មេគង្គ​នៅ​ប្រទេស ថៃ ឡាវ និង​កម្ពុជា​នឹង​ធ្លាក់ចុះ ដោយសារតែ​ការធ្លាក់ចុះ​នៃ​កម្រិត​ទឹក​ដែល​បញ្ចេញ​នៅ​ស្ថានីយ​ធារាសាស្ត្រ​ជីងហុង​ (Jinghong) ​ក្នុង​ខេត្ត​យូណាន ប្រទេស​ចិន ខណៈ​ដែល​ប្រទេស​ចិន​ កំពុងជួសជុល​ប្រព័ន្ធ​ខ្សែបណ្ដាញ​អគ្គិសនី​ពីថ្ងៃ​ទី​ ៥ ដល់​ ២៤ ខែ មករា​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ទន្លេមេគង្គ​។

គណៈកម្មការ​នេះ​បានទទួល​ព័ត៌មាន​ពី​ក្រសួង​ធនធានទឹក​ចិន​មក​ថា ការជួសជុល​ខ្សែ​នៃ​បណ្ដាញ​អគ្គិសនី​នឹង​ធ្វើឱ្យ​លំហូរ​មាន​ការធ្លាក់ចុះ​ក្នុង​កម្រិត​ ១ ០០០ ​ម៉ែត្រគុប ​ក្នុង​ ១ ​វិនាទី ​ចាប់ពី​ថ្ងៃទី​ ៥ ដល់ទី​ ២៤ មករា​។

បរិមាណ​ទឹកនឹង​ត្រឡប់មក​សភាព​ធម្មតា​វិញ​បន្តិច​ម្ដងៗ​ដូចដែល​ធ្លាប់មាន​ពីមុន​នៅ​ថ្ងៃទី​ ២៥ មករា​។ ប៉ុន្តែ​ក្រសួង​ធនធាន​ទឹក​ចិន​មិនបាន​បញ្ជាក់​ច្បាស់​អំពី​កម្រិត​ទឹក​ដែល​ធ្លាប់​មាន​ពីមុន​ការធ្លាក់ចុះ​នេះ ឬ​កម្រិត​ទឹក​ដែល​នឹងមាន​នៅក្រោយ​ការស្ដារ​ទៅ​សភាព​ដើមវិញ​នៅ​ថ្ងៃទី​ ២៥ មករា ទេ​។

តាម​ការអង្កេត​របស់​គណៈកម្មការ​ទន្លេមេគង្គ​កម្រិត​ទឹក​ហូរ​ចេញ​នៅ​ស្ថានីយ​ជីងហុង​បាន​ចាប់ផ្ដើម​ធ្លាក់ចុះ​ពី​កម្រិត​ ១ ៤១០ ​ម៉ែត្រគុប​ ក្នុង​ ១ ​វិនាទី​ កាលពី​ថ្ងៃទី​ ៣១ ធ្នូ ឆ្នាំ​ ២០២០ មក​នៅត្រឹម​កម្រិត ៧៦៨ ​ម៉ែត្រគុប ​ក្នុង​ ១ ​វិនាទី​នៅ​ថ្ងៃទី​ ១ មករា ឆ្នាំ​ ២០២១ ដែល​បង្ហាញថា ការធ្លាក់ចុះ​មាន​កម្រិត​ស្ទើរ​ពាក់​កណ្ដាល​។ ​ប៉ុន្តែ​លំហូរ​ទឹកបាន​កើនឡើង​បន្តិច គឺ​ក្នុង​កម្រិត​ ៧៨៦ ​ម៉ែត្រគុប​ ក្នុង​ ១ ​វិនាទី​ នៅ​ចន្លោះ​ពីថ្ងៃ​ទី​ ១ ដល់​ទី ​៤ មករា​។

គណៈកម្មការ​ទន្លេមេគង្គ​បាន​បញ្ជាក់ថា «​ជា​លទ្ធផល​កម្រិត​ទឹក​នៅ​តាម​ដង​ទន្លេមេគង្គ​នឹង​ធ្លាក់ចុះ​ក្នុង​កម្រិត​ប្រមាណ​ជា​ ១,២ ​ម៉ែត្រ​ នេះ​បើ​យោង​តាម​ទិន្នន័យ​កម្រិត​ទឹក​ដែល​បាន​អង្កេត និង​ព្យាករ​»​។

ទឹកទន្លេ​នេះ​បាន​ធ្លាក់ចុះ​រួចហើយ​ក្នុង​កម្រិត​ ២ ​ម៉ែត្រ​ពីថ្ងៃ​ទី​ ២ ​ដល់​ទី​ ៤ ​មករា នៅ​ស្ថានីយ Chiang Saen ដែលជា​ស្ថានីយ​ឃ្លាំមើល​ទឹក​នៅ​ប្រទេស​ថៃ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ ៣០០ ​គីឡូម៉ែត្រ​ពី​ស្ថានីយ​ជីងហុង​។ កម្រិត​ទឹក​នេះ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង ០,០៥ ​ម៉ែត្រ​ចន្លោះ​ពីថ្ងៃ​ទី​ ៥ ដល់ទី​ ១១ មករា​។

គណៈកម្មការ​ទន្លេមេគង្គ​បាន​ឱ្យ​ដឹងថា​៖ «​នៅ​កម្ពុជា​កម្រិត​ទឹក​នៅតាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ភ្នំពេញ ឃុំ​កោះ​ខែល និង​អ្នក​លឿង​មិន​បង្ហាញ​សញ្ញា​ថយចុះ​គួរឱ្យ​កត់សម្គាល់​នៅឡើយ​​ទេ​រហូត​ដល់​ថ្ងៃទី​ ៥ មករា​។ កម្រិត​ទឹកទន្លេ​នៅ​ទីតាំង​ទាំងនេះ​​ត្រូវគេ​រំពឹងថា​នឹង​មិន​មាន​ការប្រែប្រួល​ច្រើន​ទេ គឺ​ធ្លាក់ចុះ​តែ​ក្នុង​កម្រិត ០,០៣ ​ម៉ែត្រ ទៅ​ ០,០៧ ម៉ែត្រ​ប៉ុណ្ណោះ​ពីថ្ងៃ​ទី​ ៩ ​ដល់​ ១១ ខែមករា​»​។

លោក Lam Hung Son ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ផ្នែក​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​ថ្នាក់​តំបន់​នៃ​គណៈកម្មការ​ទន្លេមេគង្គ​បាន​ថ្លែងថា សកម្មភាព​ចល័ត​នៅក្នុង​ទន្លេ ជាពិសេស​នៅ​តំបន់​ជិត​ស្ថានីយ​ជីងហុង​អាច​នឹងរង​ការប៉ះពាល់​ជាង​កន្លែង​ផ្សេងទៀត​​ក្នុង​អំឡុង​ពេលនេះ​។ សកម្មភាព​រក​ទ្រទ្រង់​ជីវភាព​ខ្លះ​ដូចជា​ការដាំដុះ​បន្លែ​ក្នុង​ទន្លេ និង​ការនេសាទ​អាច​នឹង​រង​ផលប៉ះពាល់​។ លោក​បាន​បន្តថា មជ្ឈមណ្ឌល​នេះ​នឹង​បន្ត​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​​ដិតដល់​។

កាលពី​ខែតុលា ឆ្នាំ​ ២០២០ ក្រសួង​ធនធានទឹក​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ​ដោយ​បង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុង​ការចែករំលែក​ព័ត៌មាន​ធារាសាស្ត្រ​ជាមួយ​ប្រទេស​តាម​ដង​ទន្លេមេគង្គ ដើម្បី​ធានាបាន​ថា ប្រទេស​ទាំងនោះ​អាច​ត្រៀមខ្លួន​សម្រាប់​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ចម្បងៗ​៕