សៀមរាបៈ កម្លាំងចម្រុះខេត្តសៀមរាបបានចុះបង្ក្រាបករណីលួចឈូសឆាយដីព្រៃលិចទឹកប្រមាណជាង ១ ហិកតាដើម្បីជីកយកអាចម៍ដីលក់ដែលជាការរំលោភច្បាប់ ហើយក្នុងនោះក៏បានផ្អាកគ្រឿងចក្រ ៩ គ្រឿង និងអ្នកបើកបរ ៧ នាក់មិនឲ្យបន្តធ្វើសកម្មភាពឈូសឆាយទៀត។
លោក សឿន សេន ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តសៀមរាបបានឲ្យដឹងថា៖ «យើងពិនិត្យឃើញគ្រឿងចក្រ ៩ គ្រឿង យើងឲ្យអ្នកបើកបរផ្អាកសកម្មភាព ហើយគ្រឿងចក្រត្រូវបានប្រមូលដាក់មួយកន្លែង ដើម្បីរង់ចាំចំណាត់ការរបស់មន្ត្រីជំនាញ»។
លោក សេន ក៏បានឲ្យដឹងផងដែរថា ម្ចាស់គ្រឿងចក្រដែលដាក់ទៅឈូសឆាយនោះគឺឈ្មោះ ហាក់ សេង ហើយតាមការបំភ្លឺរបស់អ្នកបើកបរ លោក ហាក់ សេង គឺជាអាជីវករ។ ប៉ុន្តែ រហូតដល់រសៀលថ្ងៃអង្គារម្សិលមិញម្ចាស់ការដ្ឋានមិនទាន់បានបង្ហាញមុខនៅឡើយទេ។
លោក សេន ថ្លែងថា៖ «តាមអ្វីដែលជាការពិនិត្យជាក់ស្តែងរបស់យើងឃើញថា កន្លែងនោះគឺជាព្រៃលិចទឹក ប៉ុន្តែ ចំណាត់ការអនុវត្តនីតិវិធីបន្តយ៉ាងណានោះ គឺស្ថិតនៅលើមន្ត្រីជំនាញចម្រុះ»។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានឲ្យដឹងថា ខាងបរិស្ថានជាអ្នកធ្វើសំណុំរឿង ហើយសំណុំរឿងវាមានពាក់ព័ន្ធនីតិវិធីករណីទៅតុលាការ។
លោក គង់ មង្គល ប្រធានសហគមន៍ការពារបឹងពារាំងបានឲ្យដឹងថា កន្លែងដែលគេឈូសឆាយនោះគឺមានចម្ងាយប្រមាណជា ៣ គីឡូម៉ែត្រពីតំបន់អភិរក្សជីវៈចម្រុះពារាំងដែលជាតំបន់ទេសចរណ៍សត្វស្លាបដ៏ទាក់ទាញមួយក្នុងខេត្តសៀមរាប។
លោក មង្គល ថ្លែងថា៖ «តំបន់នោះគឺជាព្រៃលិចទឹកតំបន់បឹងទន្លេសាប (ជាតំបន់អភិរក្ស) តែវាក៏ជាតំបន់ដែលមានពលរដ្ឋធ្វើស្រែ អ៊ីចឹងទៅវាពិបាកគ្រប់គ្រងណាស់»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក ហាក់ សេង និងលោក រៀម ចន្ទម្នី អ្នកនាំពាក្យតុលាការខេត្តសៀមរាប ដើម្បីសុំអត្ថាធិប្បាយលើបញ្ហានេះបានទេកាលពីម្សិលមិញ៕