រតនគិរីៈ ម៉ូតូកែច្នៃសម្រាប់ដឹកឈើខុសច្បាប់ចំនួន ៣ គ្រឿង និងឈើប្រណីតប្រភេទដើមគគីរ និងសុក្រំសរុបចំនួន ១២ ដុំ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រទះឃើញ និងរឹបអូសយកទៅប្រគល់ឲ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
លោក សុខ មីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាកាលពីរសៀលថ្ងៃទី ៥ ខែមេសា លោកបានដឹកនាំកម្លាំងចុះល្បាតព្រៃ ដើម្បីទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ពេលនោះបានប្រទះឃើញម៉ូតូកែច្នៃដឹកឈើចំនួន ៣ គ្រឿង ត្រូវបានគេចតចោលនៅក្នុងព្រៃដែលមានចម្ងាយប្រមាណជិត ១ គីឡូម៉ែត្រពីភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖ «នៅក្បែរម៉ូតូទាំង ៣ គ្រឿងនោះកម្លាំងសមត្ថកិច្ចយើងបានរកឃើញដុំឈើប្រណីតសរុបចំនួន ៨ ដុំក្នុងនោះដុំឈើប្រភេទគគីរចំនួន ៦ ដុំ និងដុំឈើប្រភេទសុក្រំចំនួន ២ ដុំ។ បច្ចុប្បន្នម៉ូតូកែច្នៃ និងដុំឈើទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថយើងប្រគល់ទៅឲ្យមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ ដើម្បីធ្វើការវាស់វែង និងចំណាត់ការបន្តតាមនីតិវិធីច្បាប់»។
ជុំវិញករណីនេះលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា គិតត្រឹមល្ងាចថ្ងៃចន្ទ[ម្សិលមិញ]នេះ លោកនៅមិនទាន់ទទួលបានរបាយការណ៍ស្ដីពីការប្រគល់ និងទទួលវត្ថុតាងនៃបទល្មើសពីខាងសមត្ថកិច្ចកងកម្លាំងរាជអាវុធហត្ថ ឬពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវនៅឡើយទេ។
លោក កែប កត់ បានបញ្ជាក់ថា៖ «កុំថាឡើយរបាយការណ៍ វាស់វែងដុំឈើទាំងនោះ សូម្បីរបាយការណ៍ប្រគល់ និងទទួលវត្ថុតាងបទល្មើសក៏ខ្ញុំនៅមិនទាន់ទទួលបានដែរ រហូតមកទល់ពេលនេះ»។
ដោយឡែកនៅឯខេត្តមណ្ឌលគិរីឯនោះវិញ លោក ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាកាលពីព្រឹកថ្ងៃទី ៥ ខែមេសា កម្លាំងរបស់លោកបានចុះល្បាតនៅតាមច្រករបៀងមួយចំនួនជាប់ព្រំប្រទល់ដែនកម្ពុជា-វៀតណាម ដើម្បីរក្សាសុវត្ថិភាព សន្តិសុខនៅតាមជួរបន្ទាត់ព្រំដែនផង និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិផង។
ខណៈនោះកម្លាំងសមត្ថកិច្ចបានប្រទះឃើញកំណាត់ឈើប្រភេទសុក្រំចំនួន ៤ ដុំដែលក្នុង ១ ដុំៗមានមុខកាត់ទំហំ ៤០ សង់ទីម៉ែត្រ និងមានប្រវែង ៣ ម៉ែត្រដែលត្រូវបានគេលាក់ទុកនៅក្នុងព្រៃស្ថិតក្នុងចម្ងាយប្រមាណ ១ គីឡូកន្លះពីព្រំដែនកម្ពុជា-វៀតណាម។
លោក ប៉ៃ លិន បាននិយាយថា៖ «នៅពេលនេះ កំណាត់ឈើទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចយើងប្រមូលដឹកយកទៅរក្សាទុកនៅឯបន្ទាយកងរាជអាវុធហត្ថស្រុកកែវសីមាជាបណ្ដោះអាសន្ន ដើម្បីប្រគល់ជូនសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើយកទៅវាស់វែង និងចាត់ការបន្តតាមនីតិវិធីច្បាប់»៕