ភ្នំពេញៈ កម្លាំង​សមត្ថ​កិច្ច​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៣​ នាក់​បន្ថែម​ទៀត​ ដោយ​រឹប​អូស​ទឹក​ប្រាក់​ចំនួន​ ៩០ ​ម៉ឺន​ដុល្លារ​ បន្ទាប់​ពី​ពួក​គេ​បាន​នាំចូល​លុយ​ទាំង​នេះ​តាម​ច្រក​ទ្វារ​អន្ដរ​ជាតិ​ភ្នំពេញ​ ខណៈ​មន្ត្រី​ជា​ន់​ខ្ពស់​កម្ពុជា​អះអាង​ថា​ ករណី​នាំ​លុយ​ខុស​ច្បាប់​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​នេះ​ មិនទាន់​មាន​សញ្ញាណ​ណា​មួយ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ហិរញ្ញប្បទាន​ភេរវកម្ម​នៅ​ឡើយ​ទេ។​

​តាម​របាយ​ការណ៍​រប​ស់​ការិ​យា​ល័យ​គយ​ព្រលាន​យន្ដ​ហោះ​អន្ដ​រ​ជាតិ​ភ្នំពេញ​ ដែល​បាន​ផ្តល់​ឲ្យ​បណ្តាសារព័ត៌​មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ​ជន​ជាតិ​ចិន​ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នេះ​ រួម​មាន ​ឈ្មោះ ​Huang​ Canming​ អាយុ​ ២៧ ​ឆ្នាំ​ និង​ទី២​៖​ ឈ្មោះ​ Yang​ Yongwei​ អាយុ​ ២៦ ​ឆ្នាំ ​ដែល​ពួក​គេបាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ហុង​កុង​ ប្រទេស ​ចិន​ មក​អា​កាសយាន​ដ្ឋាន​អន្ដរ​ជាតិ​ភ្នំ​ពេញ​តាម​ជើង​យន្ដ​ហោះ​លេខ ​LQ971​ ខណៈ​ជនជាតិ​ចិន​ម្នាក់​ទៀត​ ឈ្មោះ ​Zizheng Zheng​ អាយុ​ ៣២ ​ឆ្នាំ ជា​អ្នក​មក​ចាំ​ទទួល​នៅ​ភ្នំពេញ។​

​តាម​ការ​អះ​អាង​ដដែលបាន​បញ្ជាក់​ថា ​ក្រោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​បាន​រក​ឃើញ​ក្រដាស​ប្រាក់​ដែល​ជន​សង្ស័យ​ដាក់​ក្នុង​កាបូប​យួរ​ដៃ​ចំនួន ​៣​ ដែល​មាន​ទឹក​ប្រាក់​សរុប​ ៩០០ ០០០​ ដុ​ល្លារ​ ដោយ​អ្នក​ដំណើរ​មិន​បាន​ប្រកាស​ជូន​ដំណឹង​ដល់​មន្ដ្រី​គយ ​និង​រដ្ឋាករ​ លើ​លិខិត​រាយ​ការណ៍​គយ​នោះ​ឡើយ។ ​ការ​នាំ​ចូល​ក្រដាស ប្រាក់​ទាំង​នេះ​មាន​ចំនួន​ច្រើន មិន​មាន​ប្រភព​ច្បាស់​លាស់​ និង​មិន​បង្ហាញ​ពី​គោល​ដៅ​ច្បាស់​លាស់​របស់​ប្រាក់​ ទើប​ការិ​យា​ល័យ​ត្រួត​ពិនិត្យ​គយ​អាកាស​យាន​ដ្ឋាន​អន្ដរ​ជាតិ​ភ្នំ​ពេញ​ បាន​សម្រេច​ឃាត់​ខ្លួន​តែម្ដង។​

​លោក​ គុណ ​ញឹម ​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​បាន​បដិ​សេធ​ធ្វើ​អត្ថា​ធិប្បាយ​ជុំ​វិញ​ករណី​នេះ​ ដោយ​អះ​អាង​ថា​ ជាប់​រវល់។​ ​លោក​ កែវ​ វណ្ណ​ថន​ អគ្គ​នាយករង​នៃ​អគ្គ​នាយ​ក​ដ្ឋាន​អន្តោ​ប្រវេ​ស​ន៍​ និងលោក គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គ​នា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេស​ន៍​ក្រសួង​មហា​ផ្ទៃ ​មិន​អាច​ទាក់ទង​បាន​ទេ។​

យោង​តាម​ប្រកា​សលេខ​ ០១៣ ​ចុះ​ថ្ងៃទី​ ១៧ ​ខែ ​កុ​ម្ភៈ ​ឆ្នាំ ​១​៩៩៨ ​ស្តីពី​នីតិ​វិធី​ក្នុង​ការ​នាំ​ចេញ​នាំ​ចូល​រូបិយ​ប័ណ្ណ​បរទេស ការ​នាំ​ចូល​រូបិយ​ប័ណ្ណ​បរទេស​មក​ក្នុង​ទឹក​ដី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ដោយ​គណៈ​ប្រតិ​ភូ​នានា​ ភ្ញៀវ​គ្រប់​ប្រភេទ នីតិ​បុគ្គល​និង​រូបវ័ន្តបុគ្គល​ដទៃ​ទៀត​ ហៅ​កាត់​ថា “​អ្នកតំណាង​” ពុំ​មាន​ការ​កម្រិត​បរិមាណ​ទេ។​ ប៉ុ​ន្តែ​ស​ម្រាប់​អ្នក​ដំណើរ​ដែល​នាំចូល​នូវ​រូបិយ​ប័ណ្ណ​បរ​ទេស មាន​ទឹក​ប្រាក់​ស្មើ​ឬ​លើស​ពី ១០ ០០០ ​“​មួយ​​ម៉ឺន​”​ ដុល្លារ​អា​មេរិក ​ចាំបា​​ច់​ត្រូវ​បំពេញ​ប្រតិ​វេទន៍​គយ​ តាម​នីតិ​វិធី​កំណត់​ជា​ធរ​មាន​ ហើយ​ត្រូវ​ប្រគល់ ឲ្យ​មន្ត្រី​គយ ​សម្រាប់​ពិនិត្យ​ផ្ទៀង​ផ្ទាត់​នៅ​ពេល​នាំ​ចេញ​ទៅវិញ។​

​កា​ល​ពី​ចុង​ខែ​ឧសភា​ ជន​ជាតិ​ចិន​ម្នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​ នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ជា​មួយ​នឹង​ទឹក​ប្រាក់​ជិត​ ១​ លាន​ដុល្លារ​អា​មេរិក​ ដែល​បាន​នាំ​ចូល​ពី​ទីក្រុង​ហុងកុង​ ប្រទេស​ ចិន​ និង​ករណី​ដោយ​ឡែក​មួយ​ទៀត​ជន​ជាតិ​ចិន​ចំនួន​ ៣​ នាក់​ ត្រូវ​បាន​ឃាត់​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ចូល​លុយ​ពី​ក្រៅ​ប្រទេស​យក​មក​សម្អាត​នៅ​កម្ពុជា​ ចំនួន​ ៣​ លាន​ ៥ សែន​ ២​ ម៉ឺន​ដុល្លារ​អា​មេរិក។​ កាល​ពី​ថ្ងៃអា​ទិត្យ​កន្លង​មក​ថ្មីៗនេះ​ អាជ្ញា​ធរ​ខេត្ត​សៀម​រាប ​ក៏​បាន​ឃាត់​ខ្លួន​ជន​ជាតិ​កូរ៉េ​ខា​ង​ត្បូង ​២ ​នាក់ ​និង​បាន​រឹប​អូស​ប្រាក់​ចំនួន​ ២ លាន​ ២​ សែន​ដុល្លារ​​ ឆ្លង​កាត់​ព្រលាន​យន្តហោះ​ខេត្ត​នេះ​ផងដែរ។​

​លោក ​សុខ ​ផល​ រដ្ឋ​លេខាធិ​ការ​ក្រសួង​មហា​ផ្ទៃ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ករណី​ជន​បរទេ​ស​ ដែល​តែង​នាំ​ទឹក​ប្រាក់​ដ៏​ច្រើន​លើស​លប់​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​នេះ ​ភាគ​ច្រើន​គឺ​ដើម្បី​ធ្វើការ​វិនិ​យោគ​នៅ​កម្ពុជា​ ព្រោះ​តែ​​ពួក​គេ​ចង់​គេច​ពី​ការ​ទទួលខុស​ត្រូវ​ក្នុងកា​​រ​បង់​ពន្ធ​ ម្យ៉ាង​ទៀត​ទឹ​កប្រាក់​ដែល​ពួក​គេ​នាំ​ចូល​មក​នេះ​ គឺ​គ្មាន​ប្រភព​ច្បាស់លាស់ ។​

លោក​ថា៖​ «ភា​គ​ច្រើន​នៃ​ពួកគេ​​ដែល​នាំមក​ គឺ​ចង់​រកស៊ី​វិនិយោគ​ ប៉ុន្តែ​យក​មក​តាម​ផ្លូវ​ខុស​ច្បាប់​ដែល​មិន​ដាក់​តាម​ធនា​គារ ​ដើម្បី​អនុវត្ត​តាម​ច្បាប់​អី ​តែ​ចេះ​តែ​លួច​លាក់​មក​ ក្នុង​​គោល​ដៅ​គេច​​ការទទួល​ខុ​សត្រូវ​ខាង​ពន្ធ​ដារ។​ យើង​ក៏​មាន​ការ​ប្រ​យ័ត្ន​ប្រ​យែ​ង​ដូច​គ្នា​ដែរ​ចំពោះ​ករណី​នេះ ​ដោយ​យើង​រក​មិន​ទាន់​​ឃើញ​ទេ​ថា​ ពួក​គេ​មាន​ជាប់​ពាក់ព័​ន្ធ​នឹ​ង​​ហិ​រញ្ញ​ប្ប​ទាន​ភេរ​វក​ម្ម​ ដែល​នាំ​លុយ​ហ្នឹង​​មក​ធ្វើ​ភេរវកម្ម​អី គឺ​​មិន​ទា​ន់​មាន​ទេ ព្រោះ​ពួកគេ​គ្រាន់តែ​យក​មក​រក​ស៊ី​នៅ​ក្នុង​ស្រុក​ខ្មែរ»៕​​