តាកែវៈ មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​រងគ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត ដោយសារ​គ្រោះធម្មជាតិ​បង្ក​ឲ្យ​មាន​ខ្យល់​កន្ត្រាក់​លាយឡំ​រន្ទះបាញ់​ទៅលើ​កន្លែង​ស្នាក់នៅ​របស់លោក​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​បាន​ធ្វើឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៧ ​ខ្នង​រងការ​ខូចខាត​។

លោក​ ជា សំអុល ស្មៀនឃុំ​អូរសារាយ ស្រុក​ត្រាំកក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គ្រោះធម្មជាតិ​ដោយ​រន្ទះបាញ់​បាន​កើតឡើង​កាលពី​ថ្ងៃ​ ៩ ខែមីនា ខណៈ​ពេល​មាន​ភ្លៀង​កក់ខែ​ធ្លាក់​ជា​លើកដំបូង ហើយ​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​មានឈ្មោះ​ អ៊ុត ផល្លា ដែលមាន​តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​នៃ​កងអនុសេនាធំ​ទី​ ១០​។

លោក សំអុល បាន​ឲ្យ​ដឹងថា​៖ «​រន្ទះបាញ់​នេះ​បាន​បាញ់​លើ​ជនរងគ្រោះ នៅក្នុង​បន្ទាយ​របស់ខ្លួន​ដែល​ជា​កន្លែង​ជនរងគ្រោះ​សម្រាក​តែម្តង​។ ការបាញ់​នេះ​អាច​បណ្តាលមកពី​ការឆ្លង​ចរន្ត ព្រោះ​ពេលនោះ​ជនរងគ្រោះ​បាន​ដោត​បញ្ចូល​ថ្ម​ទូរស័ព្ទ​»​។

លោក ឈឹម សុវ៉ាត់ឌី មេបញ្ជាការរង និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ភ្លៀង​កក់ខែ​ជា​លើកដំបូង ដែល​មាន​លាយ​ជាមួយនឹង​ខ្យល់ព្យុះ​ផង​នោះ​ក៏​បាន​ធ្វើឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៧ ​ខ្នង​ស្ថិត​នៅក្នុង​ឃុំ​ត្រពាំងធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្បែរ​ឃុំ​ដែល​ជនរងគ្រោះ​ស្នាក់នៅ​បាន​រង​ការខូចខាត​ផងដែរ​។

លោក សុវ៉ាត់ឌី ថ្លែងថា​៖ «​ហេតុនោះ​មាន​តែ​ការខូចខាត​ផ្ទះមួយ​ចំនួន​ទេ ចំណែក​ម្ចាស់ផ្ទះ​មិន​មាន​អ្វី​ប៉ះពាល់ ឬ​រងរបួស ក្រៅតែពី​ការខូចខាត​ផ្ទះ​នោះទេ ហើយ​ខាង​ជំនួយ​កាកបាទក្រហម​បាន​ចុះទៅ​ដល់ផ្ទះ​ពួកគាត់​ហើយ​។ មួយទៀត​កើតឡើង​នៅ​ឃុំ អូរសារាយ ដែរ​ដែល​បណ្តាល​ឲ្យ​ស្លាប់​ដោយ​រន្ទះបាញ់ គឺ​ថ្ងៃ​ដូចគ្នា​»​។

លោក ឈឹម សុវ៉ាត់ឌី បាន​ឲ្យ​ដឹងថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ព្យុះ​បោក​ដួលរលំ​ឲ្យ​ខូចខាត​ទាំងនោះ​ដោយ​គ្រាន់តែ​ប៉ើង​ដំបូលផ្ទះ បាក់​សំយាប និង​មាន​តែមួយ​ប៉ុណ្ណោះ​ដែល​រលំ​ទាំងស្រុង​។

លោក​ ឈឹម សុវ៉ាត់ឌី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​បញ្ចៀស​នូវ​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ ដោយ​មិន​ត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​នៅ​កន្លែង​ដែល​ប្រឈម​ខ្លាំង អំឡុងពេល​ភ្លៀង​នោះទេ​។

ជាមួយ​គ្នា​នេះ​ដែរ​កាលពី​ម្សិលមិញ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​ដឹងថា កម្ពុជា​នឹង​ទទួលរង​សម្ពាធ​ទាប​ដែល​ធ្វើឲ្យ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ចាប់ពី​ថ្ងៃទី​ ១១ ដល់​ថ្ងៃទី​ ១៦ មីនា ហើយ​ក្នុងនោះ​តាម​បណ្តា​ខេត្ត​នៅក្នុង​តំបន់​វាលទំនាប​កណ្តាល​នឹងមាន​កម្តៅ​ក្តៅ​ដល់ ៣៩ អង្សាសេ ហើយ​ក្នុងនោះ​ក៏​អាច​នឹងមាន​ភ្លៀង​ខ្សោយ​ទៅ​មធ្យម​ផងដែរ​។ ក្រសួង​បាន​ឲ្យ​ដឹងថា នៅតាម​បណ្ដា​ខេត្ត​ខ្ពង់រាប​ឦសាន​នឹងមាន​សីតុណ្ហភាព អតិបរមា​មាន​ពី ៣៤ ដល់ ៣៦ អង្សាសេ ខណៈ​ខេត្ត​នៅជាប់​តំបន់​សមុទ្រ​មាន​សីតុណ្ហភាព​អតិបរមា​ពី ៣៥ ដល់ ៣៧ អង្សាសេ​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទូទៅ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ថែរក្សា​​សុខភាព ខណៈ​ដែល​មាន​អាកាសធាតុ​ក្តៅ​ពេល​ថ្ងៃ​»៕