ព្រះសីហនុៈ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បន្ត​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​សម្លាប់​ជនជាតិ​ចិន​ ២ ​នាក់​ប្តី​ប្រពន្ធ​ បន្ទាប់ពី​ជនរងគ្រោះ​ត្រូវគេ​ប្រទះឃើញ​ស្លាប់​ក្នុង​ភោជនីយដ្ឋាន​លក់​អាហារ​ ១ ​កន្លែង​របស់​ជនរងគ្រោះ​កាលពី​ថ្ងៃទី​ ២ មេសា ស្ថិតក្នុង​ភូមិ​វាលធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

លោក ហេង វុទ្ធី ប្រធាន​មន្ទីរ​ស្រាវជ្រាវ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា បុរសរងគ្រោះ​មាន​អាយុ​ជាង​ ៤០ ​ឆ្នាំ​ រីឯ​ស្ត្រី​រងគ្រោះ​មាន​អាយុ​ជាង​ ៣០ ​ឆ្នាំ ប៉ុន្តែ​សុំ​លាក់​ឈ្មោះ ជនរងគ្រោះ​ដោយសារ​តែ​ជា​រឿង​ស្ថិតក្នុង​ការស៊ើបអង្កេត​ ដូច្នេះ​រហូត​មក​ដល់​ថ្ងៃទី​ ៣ ​ឧសភា ឆ្នាំ​ ២០២០ ​នេះ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះហើយ​។

លោក​ថ្លែងថា​៖ «​រឿងនេះ​ជា​បទឧក្រិដ្ឋ​ហើយ​សមត្ថកិច្ច​កំពុង​ធ្វើការ​។ ហេតុដូច្នេះ​ខ្ញុំ​មិនទាន់​អាច​ផ្តល់ព័ត៌មាន​លម្អិត​ជូន​បានទេ​ព្រោះ​ទុក​ឲ្យ​ខាង​ជំនាញ​យើង​បន្ត​ស្រាវជ្រាវ​សិន​»​។

លោក​ប្រាប់​ឲ្យ​ដឹងថា បើតាម​ការបញ្ជាក់​ប្រាប់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​ហើយ​ដែល​សមត្ថកិច្ច​លោក​ទទួលបាន​សេចក្តី​រាយការណ៍​ពី​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ ២ ​នាក់​ប្តី​ប្រពន្ធ​ជា​ជនជាតិ​ចិន​នេះ​បាន​បើកហាង​លក់​ម្ហូបអាហារ​នៅ​កន្លែង​កើតហេតុ​នោះ​ជាច្រើន​ខែ​មកហើយ​។ ​បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ដល់​ទីតាំង​ផ្ទះកើតហេតុ​សមត្ថកិច្ច​បាន​ពង្រាយ​ខ្សែ​ហាមឃាត់ ដើម្បី​ពិនិត្យមើល​សាកសព ហើយ​បាន​បញ្ជាក់ថា អ្នក​ទាំង​ ២ ​ត្រូវ​បាន​ជនល្មើស​ចាក់​ត្រូវ​ក្បាល​យ៉ាង​សុះ​ជាច្រើន​កាំបិត​ និង​មាន​ស្នាម​វាយ​ក្បាល​នឹង​វត្ថុ​រឹង​ផង​ រីឯ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មាន​ផ្ទៃពោះ​ដែល​បើតាម​ពិនិត្យ​ឃើញ​ជាក់ស្តែង​គឺ​ពោះធំ​ណាស់​ហើយ​។ ទោះយ៉ាងណា​សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​បាន​ថា នៅក្នុង​ផ្ទះ​របស់​ជនរងគ្រោះ​បាត់បង់​ទ្រព្យសម្បត្តិ​អ្វីខ្លះ​ទេ​ដោយសារ​តែ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​។

លោក​ប្រាប់ថា​៖ «​ការស្លាប់​របស់​ជនរងគ្រោះ​យើង​មិនដឹងថា​ម៉ោង​ប៉ុន្មាន​ទេ​ប៉ុន្តែ​គ្រាន់តែ​ដឹងថា​ជនរងគ្រោះ​អាច​ត្រូវ​ជនល្មើស​សម្លាប់​នៅ​អំឡុង​ពេលយប់​ព្រោះ​គាត់​បិទ​ហាង​ពេលយប់​ជ្រៅ​»​។

លោក​ ហេង វុទ្ធី បន្ត​ទៀត​ថា អំពើ​ឃាតកម្ម​នេះ​ត្រូវបាន​ជនល្មើស​សម្លាប់​ជនរងគ្រោះ​នៅក្នុង​ហាង​តែម្តង​ដែល​បង្ហាញថា ជនល្មើស​សម្លាប់​ជនរងគ្រោះ​មុន​ពួកគេ​បិទ​ហាង​ចេញ​ទៅ​ផ្ទះ​។ ជុំវិញ​ព័ត៌មាន​លម្អិត​ពី​ហេតុការណ៍​នេះ​គឺ​សមត្ថកិច្ច​របស់លោក​មិនអាច​ប្រាប់​ច្រើន​បានទេ​ព្រោះ​សំណុំរឿង​ស្ថិតក្នុង​ការស្រាវជ្រាវ​។ ចំពោះ​ថា​តើ​ជនសង្ស័យ​មាន​គ្នា​ប៉ុន្មាន​នាក់​យ៉ាងណា​នោះ​ក៏​សមត្ថកិច្ច​មិនអាច​សន្និដ្ឋាន​ដែរ​។

មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​វាលរេញ​ ១ ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​ករណី​ឃាតកម្ម​នេះ​គឺ​ខាង​កម្លាំង​កងរាជអាវុធ​ជា​អ្នកធ្វើ ប៉ុន្តែ​លោក​គ្រាន់​តែ​ដឹងថា​ជនរងគ្រោះ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​បាន​មកពី​ក្រុង​ព្រះសីហនុ​ហើយ​មក​បើកហាង​លក់​គ្រឿង​ផឹកស៊ី​នៅក្នុង​មូលដ្ឋាន​ទើបបាន​ ៥ ​ទៅ​ ៦ ​ខែ​ប៉ុណ្ណោះ​។ លោក​បាន​ថ្លែងថា​ចំពោះ​ស្ត្រីជន​រងគ្រោះ​ស្លាប់​នៅលើ​កៅអី​រីឯ​បុរស​ជា​ប្តី​បាន​ស្លាប់​នៅក្នុង​បន្ទប់ទឹក​ដោយ​គេ​មិនដឹង​ច្បាស់​ថា​ជា​ករណី​ប្លន់​ ឬ​ជា​រឿង​គំនុំ​ទេ​៕