ភ្នំពេញៈបណ្ដាញ​ប្រតិ​បត្តិការប្រឆាំង​នឹ​ងអំពើ​​ជួ​ញ​ដូរ​​មនុស្ស​​​ និង ​អំពើ​ធ្វើអា​ជីវកម្ម​​​ផ្លូ​វ​ភេទ​​បានរកឃើញថា ករណី​នេះ​កំពុង​មាន​ការកើន​ឡើង​​។ នេះ​​បើ​​តាម​​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​​​ចេ​ញ​ផ្សាយ​ កាល​ពី​ម្សិល​មិញ ​ដោយ​គណៈ​កម្មាធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង ​អំពើ​ជួញ​​ដូរ​​មនុស្ស​(គជប​ជ)។

កាលពី​ឆ្នាំមុន​​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ ក៏​​ដូច​​ជា សមា​ជិកក្នុង​ក្រុម​ការងារ​​អនុវត្តន៍​ច្បាប់ បានសហការ​​​​​ជា​មួយ​ព្រះ​រាជ​អាជ្ញា​តាម​បណ្តា​ រាជធានី​​ ខេត្ត​ បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើធ្វើអាជីវ​កម្ម​ផ្លូវភេទ​បាន​ចំនួន ​១៥៩ ​ករណីលើ ៩២​ ករណី ​បើ​ធៀប​នឹង​ឆ្នាំ ២០១៦​ គឺ​កើន​ឡើង​ចំនួន​ ៦៧​ ករណី​ ស្មើ​នឹង ​៧២,៨២ ​ភាគ​រយ​។​

តាម​របាយ​ការណ៍​នៅ​ក្នុង​ឆ្នាំ ២០១៧ ចាប់​ខ្លួន​បាន ​២០៣ ​នាក់ ខណៈ​ដែល​ឆ្នាំ​ ២០១៦ ចាប់ខ្លួន​បាន​តែ​ចំនួន ​១១៣ ​នាក់​ប៉ុណ្ណោះ​។ ​ក្នុង​នោះ​មាន​ជន​បរទេស​​ ២០​ នាក់​ ​និង​មាន​​ ៨​ សញ្ជាតិ គឺវៀតណាម ៣ នាក់ អង់គ្លេស​ ២​ នាក់​ ហូឡង់ ២ នាក់​ ជប៉ុន ​​១ ​នាក់ ​អាមេរិក ​១​ នាក់ ​រុស្ស៊ី​ ១ នាក់ ​ចិន​ ៩ នាក់ ​​និ​ង​ឆេក ​១​ នាក់។ ​

ជា​មួយគ្នា​នេះសមត្ថកិច្ចបាន​​​ជួយ​សង្គ្រោះ​ជន​រង​គ្រោះពី​អំពើរ​ជួញ​ដូរនេះ​បាន​ ៣៤៥​ នាក់​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ខណៈ​​ឆ្នាំ ២០១៦ ជួយ​សង្គ្រោះ​បាន​ ​២៩៨ ​នាក់​​។

រ​បាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​ ក្នុង​ចំណោម​ជន​រង​គ្រោះទាំង​នោះមានអ្នក​​​អាយុ ​​ក្រោម​ ១៥ ​ឆ្នាំ ​១៣៨​ នាក់​​ អាយុ​ច​ន្លោះ​​ពី ១៥​-១៧ ឆ្នាំ​ ៤០ នាក់ និង​អាយុ ១៨ ឆ្នាំ​ឡើង​​​ទៅ​​មាន​ ១៦៧​ នាក់។​ ​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច ​​​​១២០ ​នាក់​ ​បញ្ជូន​ទៅ​​​អង្គការ​​​ក្រៅ​រដ្ឋា​ភិបាល ​ ​៥​នាក់​និង​​បញ្ជូន​​ទៅ​ក្រុម​គ្រួសារ​​វិញ​​ ២២០​ នាក់​។

ក្រៅ​ពី​នោះអំពើ​ជួញ​ដូរ​មនុស្ស​បង្រ្កាប​បាន ​៤៨​ក រណីដោយ​​ចាប់ខ្លួន​បាន​ ៧២ នាក់​​ និង ​ជួយ​សង្គ្រោះ​ជនរង​គ្រោះ​បាន​ ១២៩ ​នាក់​​ក្នុង​ឆ្នាំ​ ២០១៧ ខណៈ​ដែល​នៅ​ឆ្នាំ ​២០១៦ ​បង្ក្រាប​បាន​ ២៧ ​ករណី។ ​ចំពោះ​​អំពើ​​ធ្វើ​អាជីវ​កម្ម​ផ្លូវ​​ភេទ​​បង្រ្កាប​​បាន​ ១១១ ​ករណី​ចាប់​ខ្លួ​ន​បាន​ ១៣១​ នា​ក់​និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​​ ២១៦​ នាក់ ​ខណៈ​នៅឆ្នាំ​ ២០១៦​ បង្ក្រាប​បាន​ ៦៥ ​ករណី។

លោកស្រី​ ជូ ប៊ុ​ន​អេ​ង​ ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជា​អនុ​​ប្រធាន​គណៈ​​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង ​អំពើ​ជួញ​ដូរ​មនុស្ស ​(គជ​បជ) បាន​ថ្លែង​​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា៖ «​ឆន្ទៈ​ និង ​ការ​ប្តេជ្ញា​ចិត្ត​ គឺ​ជា​គោល​ការណ៍​របស់​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​ដាក់​​អំពើ​​ជួញ​​ដូ​រ​​មនុស្ស​​ ជា​អាទិភាពមួយ​ដែល​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​​ឱ្យ​បាន​ឆាប់​រហ័ស​ ហើយ​ មិន​ត្រូវ​លាក់​បាំង​ចំពោះ​ករណីនេះ​ទេ ​​​ពី​​ព្រោះ​​វា​​ឲ្យ​​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត ​សិទ្ធិ​ និង សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស»។

លោក​ស្រី​បាន​បន្ថែម​ថា ​យុទ្ធ​សាស្រ្ត​របស់​លោក​នាយ​ករដ្ឋ​មន្រ្តី​ហ៊ុន​សែន​គឺ​ដោះ​ស្រាយបញ្ហាពលករ​ចំណាក​ស្រុក​ ការ​លើក​កម្ពស់ជីវភាព​រស់​នៅ​​និង​​ការ​កាត់​បន្ថយ​ការធ្វើ​ចំណាកស្រុក​ក៏ដូច​ជា​កាត់​បន្ថយ​ជន​រង​គ្រោះ​នៃអំពើ​ជួញ​ដូរ​មនុស្ស​និង​ការ​កេង​ប្រវ័ញ្ច​គ្រប់​ប្រ​ភេទ​។

លោក​ស្រីបន្ត​ថា​៖ «​ប្រជា​ពល​រដ្ឋ​បន្ត​​ចាញ់​ការ​​បោក​​បញ្ឆោត​​ពី​ជន​​ល្មើស​​ដែល​​មាន​ល្បិច​កល្ប​ខ្ពស់​ និង មាន​បណ្តាញ​​ស្មុគ​ស្មាញ​ក្នុង​អំពើ​កេង​ប្រវ័ញ្ច​ និង​ ជួញ​ដូរ​មនុស្ស​។​​ ការ​​តាម​ដាន​និង​ត្រួត​ពិនិត្យ​ពលករ​ចំណាក​ស្រុក​នៅ​​តាម​​បណ្ដោយ​​ព្រំ​ដែន​​​​ គឺ​នៅ​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើ​នៅ​ឡើយ​ទេ​ដែល​​បង្ក​​ឱ្យ​​មាន​​ជនរងគ្រោះ ... ហើយ​ការ​ផ្តល់​ព័ត៌​មាន​និង​ការ​បញ្ជូន​របាយ​ការណ៍​របស់​ក្រសួង​ស្ថាប័ន អង្គភាព​ និង​ ខេត្ត​មួយ​ចំនួន ​នៅ​តែ​មាន​ភាព​យឺត​យ៉ាវ​ រីឯ ​ខេត្ត​ក្រុង​ អង្គភាព ​និង ​ស្ថាប័ន​មួយ​ចំនួន​ នៅ​តែ​មិន​ទាន់​រៀប​ចំ​ផែន​ការ និង ​កញ្ចប់​ថវិកា​ច្បាស់​លាស់​នៅ​ឡើយ។ សេវា​កម្ម​កម្សាន្ត ​​«ភ្លើង​ពណ៌» ដែល​កំពុង​រីក​កើន​ឡើង គឺ​ជា​ប្រភព​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​​និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កុមារ​ដែលឪពុក​ម្តាយ​របស់​ពួក​គេបាន​ធ្វើ​ចំណាក​ស្រុក​អស់​គឺ​កំពុង​រីក​ធំឡើង​ៗ... ​កុមារទាំងនោះ​នឹង​មិន​មាន​ឱកាស​រៀន​សូត្រ​ ថែទាំ​សុខ​ភាព​និង​សុវត្ថិភាព​របស់​ពួក​គេ​ដូច​កុមារ​ដទៃ​ទៀត​ទេ»។​

ទោះ​យ៉ាងណា​ក៏​ដោយ ​របាយ​ការណ៍នោះ​បាន​ឱ្យដឹងថា​ រាជ​ធានី​ភ្នំពេញ​ មាន​ករណី​ជួញ​ដូរ​មនុស្ស​ច្រើន​ជាង​គេ​ គឺមាន​ជន​រង​គ្រោះ ៥៧ នាក់ ​ត្រូវបាន​ជួយ​ស​ង្គ្រោះ​​កាល​ពី​ឆ្នាំមុ​ន​។ ​

របាយការណ៍​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​​ក្រសួង​ការ​បរទេស​និងសហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​ បាន​ទទួល​​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយអំពើ​ជួញ​ដូរ​មនុស្ស​មកកម្ពុជាវិញ ​​ចំនួន ​៧៥៧ នា​ក់​​ ក្នុ​ង​នោះ​មក​ពី​ប្រទេស​​ម៉ាឡេ​ស៊ី​​មាន​ ៣៥១​ នាក់​ មក​ពី​ប្រទេស​ថៃ​ មា​​ន ​២៦០ ​នាក់​ មក​ពី​ប្រទេស​ចិន​ មាន​ ៥០ ​នាក់​ មក​ពី​ប្រទេស​ឡាវ​មាន ​៣៣ ​នាក់​ ម​ក​ពីប្រទេស​សូម៉ាលី ​១៨ នាក់​ មក​ពី​ឥណ្ឌូណេ​ស៊ី​ មាន​ ១៨ ​នាក់​ មក​ពី​វៀត​ណាម​មាន ១៧ ​នាក់​ មក​ពី​ជប៉ុន​មាន​ ៥​ នាក់​ មក​ពី​ សិង្ហបុរី ​មាន ​៤ ​នាក់​ និង​មក​ពី ​អារ៉ាប៊ី សាអូឌីត មាន​ ១​ នា​ក់​។​

ដោយ​ឡែក​ ចំនួន​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​បាន​នាំទៅ​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​បុរស​ជន​ជាតិ ​ចិន​ ជា​ញឹក​ញាប់​ត្រូវ​បាន​គេមើលឃើញ​ថា ​​ពួកគេ​រង​​ការ​រំលោភ​បំពាន​ឬ​លក់​ទៅ​ឱ្យអំពើ​ជួញដូ​រផ្លូវភេ​ទ​គឺបាន​​កើន​ឡើង​ ក្នុងរ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​​នេះ​។

រីឯ ​ស្ត្រី​ដែល​ទៅ​​បម្រើ​ការ​ងារ​តាម​ផ្ទះ​នៅ​បរ​ទេស​ងាយទ​ទួល​រង​ការ​រំលោភ​បំពាន​និង​ការ​ជាប់​បំណុល។បច្ចុប្បន្ន​​រដ្ឋា​​ភិបាល​​កំពុង​​ចរចាជា​​មួយ​​ប្រទេស​ចិន ​​ម៉ាឡេស៊ី​​ និង​​ អារ៉ាប៊ី សាអ៊ូឌីត ​​ដើម្បី​បើក​ផ្លូវ​សម្រាប់​ពលករ​បម្រើ​ការ​ងារ​តាម​ផ្ទះ​ដែល​ប្រទេស​ទាំង​នោះ​​មាន​កំណត់​ត្រាមិ​ន​ល្អ​​ក្នុង​​ការ​​ការ​ពារ​ពល​ករចំ​ណាក​ស្រុក​​ ។

កាល​ពី​ឆ្នាំ ២០១៦ ​ការិយា​ល័យ​អង្គការ​សហ​ប្រជា​ជាតិ​ ស្តីអំ​ពី​​គ្រឿង​​ញៀន​​ និង ​​ឧក្រិដ្ឋកម្ម​បាន​ចេញ​របាយ​ការណ៍​​មួយ​មាន​ចំណើង​ជើង​ថា «ការ​ពារ​សន្តិ​ភាព ​និង ​វិបុល​ភាព​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដោយ​ការ​ធ្វើ​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​ និង ​សន្តិសុខ​នៅ​អាស៊ី​អាគ្នេយ៍» ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​​​ពល​រដ្ឋ​​មា​នហា​និភ័យ​ខ្ពស់​នៃ​អំពើ​ជួញ​ដូរ​មនុស្សជាពិសេស​ពលករ​ចំណាក​​ស្រុក​ដែល​មិន​មាន​ជំនាញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស ថៃ​ សិង្ហបុរី​ ឥណ្ឌា​ និង​ចិន ​ដែល​ភាគ​ច្រើន​នៃ​ពួក​គេ​​មក​​​ពី​ប្រទេស​ដែល​មាន​ការអភិវឌ្ឍតិចតួច​ដូច​ជា​​ ​​កម្ពុជា ​ឡាវ​ មីយ៉ាន់​ម៉ា​​ និ​ង​វៀត​ណាម​ ជា​ដើម​ ​ហើយ​ភាព​ធូររ​លុងនៃ​​​កា​រ​ត្រួត​ពិនិត្យ​​​​តា​ម​ព្រំដែន​រវាង​ប្រទេស​ក្នុង​តំបន់​នោះ​គឺ​ពិបាក​បញ្ឈប់​អំពើ​ជួញ​ដូរ​នេះ​ណាស់​ហើយ​វា​ធ្វើ​ឱ្យ​តួ​នាទី​នៃកា​រអនុវត្ត​ច្បាប់​កាន់​តែ​ពិបាក។

លោក​ស្រី​ រស់ ​​សុភាព​ នាយិកា​អង្គ​ការ​យេន​ឌ័រ​ និង​ការ​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ (GADC) បាន​ថ្លែង​ថា៖« មាន​​អំពើ​ជួញ​ដូរ​មនុស្ស​ជា​ច្រើន​ប្រភេទ​ជា​ពិសេស​តាម​រយៈការរ​កការ​ងារ​ឲ្យ​ធ្វើ​…ហើយ​ស្ត្រី​ក៏​ក្លាយ​ទៅ​​​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ជួញដូ​រមនុស្ស​​ដោយ​សារ​ស្ថានភាព​រ​ស់​នៅ​របស់​ពួ​ក​គេ​​ជួប​ការ​លំបាក»​។

លោក​ស្រីថ្លែង​ថា៖ «​ដោយ​មិន​ទទួល​បាន​ព័ត៌មាន​ត្រឹម​ត្រូវ​និង​ចាញ់ការ​បោក​បញ្ជោត​របស់​ឈ្មួញ​កណ្តាល... ម្យ៉ា​ង​វិញ​ទៀ​ត​​ដោយ​​សារ​​ពួក​​គេ​​នៅ​​ឆ្ងាយ​​ពី​​ក្រុម​​គ្រួសារ ​ហើយការ​ទទួល​បានព័​ត៌មាន​គឺត្រូវ​ពឹង​ផ្អែក​លើ​អាជ្ញា​ធរ​ខណៈ​ដែល​អាជ្ញា​ធរ​មិន​អាច​ជួយ​ពួក​គេ​បាន​ហើយ​បញ្ហាផ្សេង​ទៀត​គឺការ​រៀបចំ​ឯក​សារ​ដែល​មាន​ការស៊ី​សំណូក​សូក​ប៉ាន់​ ចំណុ​ច​ទាំង​នេះ​ហើយ​ធ្វើឲ្យ​ពួក​គេ​ងាយ​រង​គ្រោះ​ពីការ​បោក​បញ្ជោត​របស់​ឈ្មួញ​កណ្តាល​»។

លោក​ស្រីបន្ដថា៖«ច្បាប់​របស់​យើង​គឺ​នៅ​មាន​ចន្លោះ​ប្រហោង​ដូច្នេះ​ហើយ​ឈ្មួញ​កណ្តាល​អា​ច​ប្រើ​ប្រាស់​លុយ​កាក់​ដើម្បី​រំលោភ​បំពាន​និង​ធ្វើ​អាជីវ​កម្ម​លើ​អ្នក​ដទៃ​​... »។

លោក​ស្រី ​ថ្លែងថា៖«​សម្រាប់​ត្រី​តូច​យើង​អាច​ចាប់​បានប៉ុន្តែ​ត្រី​ធំ​យើង​កម្រ​នឹង​ចាប់​បាន​ណាស់​នៅ​ក្នុង​ប្រទេស​យើង​»៕ NS