ភ្នំពេញៈ មន្ត្រី​អាវុធហត្ថ​ម្នាក់​បាន​បាញ់សម្លាប់​ខ្លួនឯង បន្ទាប់ពី​បាញ់សម្លាប់​ប្រពន្ធ​ខ្លួន​ក្នុង​បន្ទប់ជួល​មួយ ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា​អាច​ជា​រឿង​ប្រចណ្ឌ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ ភូមិ​រោងចក្រ សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ១០ មករា​។

លោក​ ហួរ ម៉េងវ៉ាង អធិការនគរបាល​ខណ្ឌ​សែនសុខ​ប្រាប់​ពី​ម្សិលមិញ​ថា បុរស​ជា​ប្តី​ឈ្មោះ​ សេង គឹមសាន អាយុ​ ៥៣ ​ឆ្នាំ ​ជា​គ្រូបង្វឹក​កងរាជអាវុធហត្ថ​នៅ​សាលា​ហ្វឹកហ្វឺន​កងរាជ​អាវុធហត្ថ​កំបូល​។ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ជួប សារ៉ែន អាយុ ៣៦ ​ឆ្នាំ​ មាន​កូនស្រី​ម្នាក់ អាយុ​ ១៥ ​ឆ្នាំ​។

បើតាម​លោក​អធិការ ករណី​នេះ​ដោយសារ​ជនរងគ្រោះ​ និង​ជនបង្ក​បាន​ស្លាប់​អស់​ដូច្នេះ​គ្មាន​អ្នកណា​ដឹង​រឿងនេះ​ឱ្យបាន​ច្បាស់​ទេ​។ ​ប៉ុន្តែ​អំពើ​ឃាតកម្ម​នេះ​សមត្ថកិច្ច​គ្រាន់តែ​សន្និដ្ឋានថា​អាច​ជន​ជា​ប្តី​ប្រចណ្ឌ​ស្ត្រី​ជា​ប្រពន្ធ ព្រោះ​មុន​កើតហេតុ​ពួកគេ​មានទំនាស់​គ្នា​។

លោក​ថ្លែងថា​៖ «​បញ្ហា​នេះ​អាចមកពី​ទំនាស់​ក្នុង​គ្រួសារ ហើយ​ក៏​កើតជា​ជម្លោះ ដែល​បង្ក​ឱ្យ​មាន​ជា​អំពើហិង្សា​ដ៏អាក្រក់​នេះ​ឡើង​»​។

ពាក់ព័ន្ធ​ករណីនេះ​លោក​ ដួង វណ្ណៈ នាយ​នគរបាល​ប៉ុស្តិ៍​គោកឃ្លាង​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា អំពើ​បាញ់ប្រហារ​គ្នា​នេះ​បានកើតឡើង​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១០ មករា ហើយ​បើតាម​សាក្សី​នៅ​កន្លែង​កើតហេតុ គឺ​មុនដំបូង​ជា​ទំនាស់​ក្នុង​គ្រួសារ​ទេ​។ ប៉ុន្តែ​នេះ​ទំនងជា​ភាគី​ខាង​ប្តី​មាន​ការប្រចណ្ឌ​ប្រពន្ធ​ខ្លាំង​ទើប​ឈាន​ដល់​បាញ់សម្លាប់​គ្នា​នេះ​ទៅ​។

លោក​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ជន​ជា​ប្តី​បាញ់​ពីក្រោយ​ខ្នង​ត្រូវ​ ៣ ​គ្រាប់​ដួល​លុតជង្គង់​លើ​កម្រាល​ឥដ្ឋ​ក្នុង​បន្ទប់​ផ្ទះ​បាយ​។ រីឯ​ជនរងគ្រោះ​ជា​ប្តី​ត្រូវចំ​សៀតផ្កា​ខាងស្តាំ​ ១ ​គ្រាប់​ស្លាប់​ភ្លាមៗ​លើ​កម្រាលពូក​ក្នុង​បន្ទប់​។

បើតាម​មន្ត្រី​នគរបាល​ខណ្ឌ​សែនសុខ​ ១ ​រូប​ សុំ​មិន​ឱ្យ​បញ្ចេញឈ្មោះ​ប្រាប់​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា បុរស​ជា​ប្តី​ធ្លាប់មាន​ប្រពន្ធ និង​កូន​ ៥ ​នាក់​មកហើយ​។ ក្រោយមក បុរស​រូបនេះ​បាន​ស្រឡាញ់​គ្នា​ជាមួយ​ស្ត្រី​រងគ្រោះ​បាន​កូនស្រី​ម្នាក់​អាយុ​ ១៥ ​ឆ្នាំ​។ ស្ត្រី​រងគ្រោះ​ជា​អ្នកលក់​អីវ៉ាន់​តាម​អនឡាញ​ដែល​ត្រូវ​ការនិយាយ​ទាក់ទង អតិថិជន​តាម​ទូរស័ព្ទ​រាល់ថ្ងៃ​។ ហេតុដូច្នេះ​ជន​ជា​ប្តី​មាន​ការប្រចណ្ឌ​បណ្តាល​ឱ្យ​មាន​ជម្លោះ​។

មន្ត្រី​ដដែល​បន្ត​តាម​សាក្សី​ថា នៅ​យប់​មុនពេល​កើតហេតុ ទាំង​ ២ ​នាក់ ​ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះ​ប្រកែក​គ្នា​ដោយ​ស្រែក​ខ្លាំងៗ ហើយ​មួយ​សន្ទុះ​ក្រោយមក គេ​ឮស្នូរ​បាញ់កាំភ្លើង​ចំនួន​ ៤ ​គ្រាប់​នៅក្នុង​បន្ទប់​នោះ​។ ក្រោយ​ស្ងាត់​សំឡេង​គេ​បានឃើញ​ក្មេងស្រី​ម្នាក់​បើកទ្វារ​បន្ទប់​ចេញ​មក​ក្រៅ​ស្រែកប្រាប់​ឱ្យ​អ្នក​ក្បែរ​បន្ទប់ ជួយ​មើល​ម្តាយ​ឪពុក​នាង​ និង​សុំឱ្យ​អ្នក​ជិតខាង​យក​ម្តាយ​ឪពុក​នាង​ទៅ​មន្ទីរពេទ្យ​ផង តែ​ ២ ​នាក់​ប្តី​ប្រពន្ធ​បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​បន្ទប់​។

លោក​ អំ សំអាត នាយករង​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ថ្លែង​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើតឡើង​ជា​បន្តបន្ទាប់ ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ មិនមាន​ការថយចុះ​។ អំពើហិង្សា​ក្នុង​គ្រួសារ​មិនមែន​កើតឡើង​តែ​ទៅលើ​គ្រួសារ​ក្រីក្រ​ និង​ខ្វះ​ចំណេះដឹង​ទេ គឺ​កើត​មាន​លើ​គ្រួសារ​អ្នកមាន​ទ្រព្យធន និង​គ្រួសារ​ដែលមាន​ចំណេះដឹង​ផងដែរ​។ អំពើហិង្សា​ក្នុង​គ្រួសារ​ខ្លះ​កាន់តែ​ឃោរឃៅ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​ដូចជា​បង្ក​ឱ្យ​បាត់បង់​ជីវិត​កូន​កំព្រា​ឪពុកម្តាយ អ្នក​ដែល​ប្រព្រឹត្ត​ត្រូវ​ជាប់ពន្ធនាគារ​។ ជីវភាព​ក្នុង​គ្រួសារ​កាន់តែ​ក្រីក្រ កូន​ត្រូវ​បោះបង់​ការសិក្សា​ជាដើម ទាំងនេះ​គឺជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​។

លោក​ថ្លែងថា​៖ «​ហេតុផល​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​កើតចេញ​ពី​ការអនុវត្ត​ច្បាប់​នៅ​ខ្វះចន្លោះ​។ កត្តាសេដ្ឋកិច្ច​ក្នុង​គ្រួសារ ការទាមទារ​អំណាច​ក្នុង​គ្រួសារ ការប្រចណ្ឌ គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ជាដើម​»៕