សៀមរាបៈ ប្រជាកសិករមួយចំនួនក្នុងខេត្តសៀមរាបកំពុងចាប់ផ្ដើមអនុវត្តការដាំដុះដំណាំតាមបែបបច្ចេកទេសថ្មីជាមួយការធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រព ដែលមានលក្ខណៈសន្សំសំចៃទឹក និងជី ដែលធ្វើឱ្យដំណាំមានគុណភាពល្អ ប្រកបដោយផាសុកភាពសម្រាប់អ្នកបរិភោគ។
ទំនើបកម្មប្រព័ន្ធស្រោចស្រព ដែលប្រជាកសិករកំពុងនាំគ្នាអនុវត្តសម្រាប់ការងារដាំដុះលើដំណាំហូបផ្លែ និងបន្លែបង្ការរួមផ្សំផ្សេងៗនាពេលនេះមាន ២ ប្រព័ន្ធ គឺប្រព័ន្ធតំណក់ទឹក និងប្រព័ន្ធសាចទឹកដែលជាបច្ចេកវិទ្យាដ៏ទំនើប និងត្រូវបានណែនាំដោយក្រុមជំនាញការកសិកម្ម។
លោក ហួត ឡឹម អាយុ ៥៦ ឆ្នាំជាកសិករនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការដាំដុះដំណាំតាមលក្ខណៈបច្ចេកទេសបុរាណ ដែលលោកបានរៀនចេះចាំតពីឪពុកម្ដាយតាំងពីកុមារភាពនោះ មិនអាចលើកស្ទួយជីវភាពគ្រួសាររបស់លោកឱ្យមានភាពល្អប្រសើរបានទេព្រោះបច្ចុប្បន្នផ្ទៃដីកសិកម្មរបស់គ្រួសារលោកកាន់តែរួមតូច ខណៈអាកាសធាតុនារដូវក្ដៅនេះកំពុងបង្កឱ្យមានបញ្ហាកង្វះទឹកស្រោចស្រព។
លោកថ្លែងថា៖ «នៅពេលនេះក្រុមគ្រួសារខ្ញុំកំពុងអនុវត្តវិធានដាំដុះដំណាំតាមបែបបច្ចេកទេសដោយប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ស្រោចស្រពលើគល់ដំណាំ បន្លែហូបផ្លែ រួមមាន ល្ហុង ល្ពៅ ត្រឡាច ត្រសក់ស្រូវ ត្រប់ និងប៉េងប៉ោះ។ ចំណែកដំណាំបន្លែហូបស្លឹក និងមើមដូចជាស្ពៃ ត្រកួន ឆៃថាវ និងខ្ញី វិញគឺ ខ្ញុំប្រើប្រព័ន្ធសាចទឹក សម្រាប់ស្រោចស្រពលើដើម និងស្លឹករបស់ពួកវា»។
បើតាមលោក ឡឹម ការអនុវត្តវិធានដាំដុះតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពបែបទំនើបកម្មទាំង ២ ខាងលើនេះបានធ្វើឱ្យគ្រួសាររបស់លោកដែលមានផ្ទៃដីកសិកម្មទំហំ ៥ អា (៥០០ ម៉ែត្រ) អាចផលិតដំណាំបានគ្រប់រដូវសម្រាប់លើកស្ទួយជីវភាពគ្រួសារបានយ៉ាងល្អជាពិសេស ខណៈប្រទេសកម្ពុជាកំពុងជួបប្រឈមវិបត្តិកូវីដ១៩ ដែលមានការឆ្លងជាសហគមន៍នេះ។
ចំណែកលោក ស្រី ភ័ណ្ឌ អាយុ ៦២ ឆ្នាំ ជាកសិករនៅភូមិ-ឃុំជីក្រែង ស្រុកជីក្រែង ថ្លែងថា ការអនុវត្តនូវវិធានដាំដុះដោយប្រើប្រាស់ប្រព័ន្ធតំណក់ទឹក និង ប្រព័ន្ធសាចទឹកមានការចំណាយធនធានច្រើន ដែលគ្រួសារកសិករក្រីក្រ ដូចលោកមិនអាចធ្វើបានទេ។ ទោះយ៉ាងណាលោកកោតសរសើរចំពោះការដាំដុះតាមវិធានបច្ចេកទេសទំនើបទទួលបានទិន្នផលខ្ពស់ជាងការដាំដុះតាមបែបប្រពៃណីបុរាណ។
លោកថា៖ «ខ្ញុំពុំមានប្រាក់គ្រប់គ្រាន់ ដើម្បីទិញឧបករណ៍សម្ភារបច្ចេកទេសសម្រាប់រៀបចំប្រព័ន្ធស្រោចស្រពនោះទេប៉ុន្តែខ្ញុំឃើញបងប្អូនអ្នកជិតខាងខ្ញុំ គឺគេដាំដុះតាមវិធានបច្ចេកទេសទំនើបនោះ គឺដំណាំគេល្អទាំងគុណភាព និងបរិមាណហើយលក់បានថ្លៃទៀតផង ព្រោះវាជាបន្លែសុវត្ថិភាព ដែលគ្មានការប្រើប្រាស់ថ្នាំពុលកសិកម្មនោះទេ»។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបទទួលស្គាល់ថា ការដាំដុះដំណាំបន្លែហូបផ្លែ ហូបស្លឹក និង មើម តាមវិធានបច្ចេកទេសខាងលើនេះ គឺពិតជាត្រូវចំណាយទុនច្រើនពិតមែន ដែលគ្រួសារកសិករក្រីក្រមិនអាចមានលទ្ធភាពធ្វើបាននោះទេ។
ការដាំដុះដោយប្រើប្រព័ន្ធតំណក់ទឹក ឬសាចទឹកនេះ គឺតម្រូវឱ្យមានការទិញឧបករណ៍សម្ភារបច្ចេកទេសមកដំឡើង ដែលក្នុងនោះរួមមាន ម៉ាស៊ីនបូមទឹក ១ និងម៉ូទ័របូមទឹក ១ ព្រមទាំងបំពង់ទុយោ និងខ្សែទុយោតូចៗបង្កប់ក្នុងដី ជុំវិញគល់ដំណាំសម្រាប់ប្រព័ន្ធតំណក់ទឹក និង ទុយោតូចៗភ្ជាប់វ៉ានផ្លិតទឹក ដើម្បីស្រោចស្រពលើស្លឹក និងដើមសម្រាប់ប្រព័ន្ធសាចទឹក។ មិនតែប៉ុណ្ណោះកសិករត្រូវរៀបចំបុកអណ្ដូងស្នប់ ១ និងជីកស្រះទឹកតូច ១ ថែមទៀត។
ចំណែករងដំណាំបន្លែហូបផ្លែ និងដំណាំហូបស្លឹក និងមើមមួយចំនួនចាំបាច់ត្រូវក្រាលថង់កៅស៊ូគ្របពីលើរងដើម្បីការពារស្មៅកុំឱ្យដុះ ឬដក់ទឹក ដែលនាំឱ្យរលួយឫសដំណាំ និងជួយរក្សាសំណើម។ «ដើម្បីផ្ដល់ផាសុកភាពដល់អ្នកបរិភោគកសិករគប្បីជ្រើសវិធានដាំដុះតាមលក្ខណៈបច្ចេកទេសឱ្យបានសមស្រប និងចៀសវាងប្រើប្រាស់ថ្នាំគីមីពុលកសិកម្ម»។
លោកថា ប្រជាកសិករដែលមានបំណងចង់ពង្រីកចំណេះដឹងនៃការធ្វើកសិកម្មដាំដុះតាមលក្ខណៈបច្ចេកទេសទំនើបអាចមកទាក់ទងផ្នែករដ្ឋបាលនៃមន្ទីរកសិកម្មខេត្តដើម្បីស្នើសុំការផ្ដល់ប្រឹក្សាបច្ចេកទេសពីមន្ត្រីជំនាញបានរៀងរាល់ម៉ោងធ្វើការ៕