ភ្នំពេញ៖ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​នៅ​ក្នុង​ខែ​មេសា​នេះ បាន​ចាប់​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កំណត់​បាន ១៦១ គ្រឿង និង​ពិន័យ​ថវិកា​បាន​ចំនួន ២២២ ០០០ ០០០ រៀល ដែល​ថយចុះ​ចំនួន ១២២ គ្រឿង ឬ​ស្មើ ៤៣% បើ​ធៀប​នឹង​ខែ​មីនា ដែល​មាន​រហូត​ចំនួន ២៨៣ គ្រឿង។

នេះ​បើ​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​រថយន្ត​ដឹក​ជញ្ជូន​លើស​កំណត់​ដែល​បាន​ផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​នេះ នៅ​ថ្ងៃទី ២៩ ខែ​មេសា​នេះ ។

ក្រសួង​សាធារណការ​បាន​បញ្ជាក់​ថា ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​ គឺ​បាន​បំផ្លាញ​ផ្លូវ​ជាតិ​ដែល​នាំ​ឱ្យ​ខាតបង់​ថវិកា​ជាតិ​ព្រម​ទាំង​បង្ក​នូវ​គ្រោះថ្នាក់

ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ជីវិត​មនុស្ស​ផង​ដែរ។

ជាមួយ​គ្នា​នេះ ក្រសួង​បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​ទាំង​អស់​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​វិធានការ ៣ កុំ ៣ ការពារ ដើម្បី​រួម​ចំណែក​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ និង​ចូល​រួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ឱ្យ​បាន​គ្រប់ៗ​គ្នា។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថ្លែង​ថា បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​ផ្សព្វផ្សាយ​នេះ គឺ​មាន​ថយចុះ ដោយសារ​កត្តា​ភូមិសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បិទ​ចរាចរណ៍​បណ្តោះអាសន្ន​ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ ១៩ ដែល​ធ្វើ​ឱ្យ​មិន​មាន​រថយន្ត​ធ្វើ​ចរាចរណ៍​ច្រើន​ដូច​មុន៕