ភ្នំពេញៈ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន ៣ បន្ថែមទៀតចាប់ពីថ្ងៃទី ២៥ ខែឧសភា ក្នុងនោះមានខណ្ឌចំការមន ខណ្ឌ ៧ មករា និងខណ្ឌច្បារអំពៅដែលមាន ២១ សង្កាត់ និង ២០ ទីតាំង។
ជាមួយគ្នានេះដែរ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១ លានដូសដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីសាធារណរដ្ឋប្រជាមានិតចិនបានដឹកមកដល់នៅថ្ងៃទី ២៣ ខែឧសភា សម្រាប់ធ្វើការចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងនៅថ្ងៃអាទិត្យពីការចាប់ផ្តើមដំណើរការនៃការចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ នៅក្នុងខណ្ឌចំនួន ៣ ដែលដំណើរការនៃការចាក់ដូសទី ១ ចាប់ផ្តើមពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ៧ ខែមិថុនា និងសម្រាប់ដូសទី ២ គឺចាប់ពីថ្ងៃទី ៨ ខែមិថុនា ដល់ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។
លោក ឃួង ស្រេង បានលើកឡើងថា៖ «សម្រាប់ប្រជាពលរដ្ឋណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀតត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យប្រជាពលរដ្ឋដទៃ និងដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្នុងមូលដ្ឋាននីមួយៗ»។
គួរបញ្ជាក់ផងដែរថា សម្រាប់រាជធានីភ្នំពេញ ដំណើរការនៃការចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅក្នុងខណ្ឌចំនួន ៨ រួចមកហើយ ដែលយុទ្ធនាការចាក់វ៉ាក់សាំងដំបូង បានចាប់ផ្តើមក្នុងខណ្ឌចំនួន ៤ ដែលជាតំបន់ក្រហមដែលមានអ្នកឆ្លងវីរុសកូវីដ ១៩ ច្រើនជាងគេ។ យោងតាមរបាយការណ៍ក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី ២២ ខែឧសភា មនុស្សជាង ៧៦ ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំង។
ទន្ទឹមនឹងនេះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងឱ្យដឹងផងដែរថា វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១ លានដូសបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី ២៣ ខែឧសភា នេះ។
លោកបានសរសេរលើបណ្តាញហ្វេសប៊ុករបស់លោកថា៖ «នេះគឺជាវ៉ាក់សាំងលើកទី៥ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់។ វ៉ាក់សាំងកូវីដ ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី ១០ ខែកុម្ភៈ ហើយមកដល់ពេលនេះប្រជាពលរដ្ឋជាង ២ លាននាក់ហើយបានចាក់វ៉ាក់សាំង។
កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០ លាននាក់ ដើម្បីបង្កើតភាពស៊ាំ និងឱ្យទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលបានទៅទទួលវ៉ាក់សាំងស៊ីណូវ៉ាក់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបានថ្លែងឱ្យដឹងថា វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ដែលកម្ពុជាបានបញ្ជាទិញចំនួន ១,៥ លានដូសពីក្រុមហ៊ុនស៊ីណូវ៉ាក់ក៏កំពុងតែរៀបចំកិច្ចសន្យាផ្តល់ជូនមកប្រទេសកម្ពុជា ហើយសម្រាប់ខែមិថុនាខាងមុខនេះ មានក្រុមហ៊ុនចំនួន ២ ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំង និងកំពុងធ្វើកិច្ចសន្យាជាមួយគឺក្រុមហ៊ុនស៊ីណូវ៉ាក់ និងក្រុមហ៊ុនស៊ីណូហ្វាម។
លោកស្រីបានបន្ថែមថា៖ «យើងក៏កំពុងមានការមមាញឹកក្នុងការធ្វើការជាមួយនឹងអង្គការដៃគូដោយយើងសង្ឃឹមថា មជ្ឈមណ្ឌលកូវ៉ាក់នឹងផ្តល់វ៉ាក់សាំងមកឱ្យយើងដែលជាជំនួយផងដែរ។ ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលបានធ្វើលិខិតទៅស្ថានទូតអាមេរិក ហើយខាងឯកអគ្គរដ្ឋទូតក៏បានធ្វើការឆ្លើយតបជាផ្លូវការមកក្រសួងវិញដែរថា ស្ថានទូតនឹងខិតខំប្រឹងប្រែងសម្របសម្រួលហើយយើងសង្ឃឹមថា នឹងមានការផ្តល់ជូនជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ដឹងពេលវេលាច្បាស់លាស់នៅឡើយទេ»។
គិតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងសរុបជាង ៦ លានដូសហើយ ក្នុងនោះមាន វ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១,៧ លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ដែលរាជរដ្ឋាភិបាលបានទិញពីសាធារណរដ្ឋប្រជាមានិតចិនមានចំនួន ៤ លានដូស និងវ៉ាក់សាំងកូវីសែលរបស់ក្រុមហ៊ុន AstraZeneca ចំនួន ៣២៤ ០០០ ដូស។
នៅក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ដែលធ្វើឡើងតាមអនឡាញនៅថ្ងៃទី ២០ ខែឧសភា លោកយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីការស្នើសុំវ៉ាក់សាំងកូវីដ ១៩ ចំនួន ៤ លានដូសពីសហរដ្ឋអាមេរិក ខណៈដែលលោកបារម្ភពីគម្លាតនៃការទទួលបានវ៉ាក់សាំង នឹងធ្វើឲ្យមានវិសមភាព សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ការទទួលបានវ៉ាក់សាំងដែលអាចធានាបាននូវភាពស៊ាំសហគមន៍ (Herd Immunity) នឹងត្រូវចំណាយពេលយូរទៀត ស្របពេលដែលគម្លាតនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ នឹងធ្វើឱ្យមានវិសមភាពសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕