ភ្នំពេញៈ ក្រុម​អ្នកស្រាវជ្រាវ​ អ្នកវិភាគ​ មន្ត្រី​រដ្ឋាភិបាល ​សិស្ស​និស្សិត ​ប្រមាណ​ជាង​​ ២០០ ​នាក់ ​បាន​ជួបគ្នា​ពី​ម្សិលមិញ ​ដើម្បី​ជជែកគ្នា​ជុំវិញ​សារ​ឆ្លងឆ្លើយ​រវាង​ស្ថានទូត​សហរដ្ឋ​អាមេរិក ​និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ដែល​រៀបចំឡើង​ដោយ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។

លោក​ សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​​សភា​កម្ពុជា ​ថ្លែង​ក្នុង​វេទិកានោះ​ថា ​សារ​ឆ្លងឆ្លើយ​ជាថ្មី​របស់​ប្រទេស​មហា​អំណាច​ទាំង ​២ ​​នេះ ​គឺជា​កត្តា​ដែល​នាំ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​បារម្ភ​ជុំវិញ​ស្ថានភាព​បច្ចុប្បន្ន ​ដែល​អាចធ្វើ​ឲ្យ​កម្ពុជា ដើរ​ជាន់ដាន​ប្រវត្តិ​សាស្ត្រ។ លោក​និយាយ​ថា ​សារ​ឆ្លងឆ្លើយ​នេះ ​គឺ​ត្រូវតែមាន​ការពិភាក្សា​គ្នា​ឲ្យ​បាន​គ្រប់ ជ្រុងជ្រោយដើម្បី​ជាការ​សិក្សា និង​បង្ហាញ​ដល់​ភាគី​ពាក់ព័ន្ធ។

កាលពី​ពាក់​បណ្តាល​ខែមេសា ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ ​បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេស​ប៊ុករ​បស់​ខ្លួន​ដោយបាន​បង្ហាញ​ទស្សនៈ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស ​ចិន ​និង​កម្ពុជា ​ថា ​មិន​​ជួយ​បង្កើត​ឲ្យ​មានការ​ងារ ​ឬ​ជួយ​ដល់​ឧស្សាហកម្ម​កម្ពុជា​នោះ​ទេ​ បើ​ប្រៀប​នឹងទំនាក់ទំនង​ទ្វេ​ភាគី​ កម្ពុជា-​សហរដ្ឋ​អាមេរិក។ ភ្លាមៗ​នៃ​ការ​បង្ហោះ​សារ​នេះ ​ស្ថានទូត​ចិន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ក៏បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​ដូចគ្នា​ដោយ​បង្ហាញ​អំពី​ស្ថិតិ​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ ​ដូចជា​ផ្លូវថ្នល់ ​ស្ពាន​ និង​ទំនប់​វា​រី​អគ្គិសនី​នៅ​កម្ពុជា ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក។

សារ​ឆ្លងឆ្លើយ​បានក្លាយ​ជា​ប្រធានបទ​ក្តៅ​មួយ​ក្នុង​ការលើក​យកមក​ពិភាក្សាគ្នា​ជា​ហូរហែ ដោយ​ភាគី​នីមួយៗលើក​ឡើង​ទៅ​តាម​ទស្សនៈ​ និង​ការគាំទ្រ​របស់​ពួកគេ​រៀងៗ​ខ្លួន។

ទោះយ៉ាង​ណា​ លោក​ សុខ ទូច ​​បាន​អះ​អាង​ថា​ រដ្ឋាភិបាលកំពុង​ដើរ​ក្នុង​គោល​នយោ​បាយ​មួយ​ត្រូវ នឹង​មិន​ជាន់​ដាន​ប្រវត្តិសាស្ត្រ​នោះ​ទេ។

លោក​បន្ថែមថា​៖ «នាយក​រដ្ឋមន្ត្រី ​ដើរ​ធ្វើ​ម៉េច គឺ​ចម្រុះ​ពណ៌ ​អត់​មាន​ចិន​ជាធំ​ អាមេរិក​ជាធំ ​ប៉ុន្តែ​អ្នក​ណា​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​កម្ពុជា​ច្រើន ​គឺ​កម្ពុជា​ទៅ​អ្នក​ហ្នឹង។ ចុះបើ​ចិន​គេ​ឲ្យ​ច្រើន មិន​ទៅខាង​ហ្នឹង បើ​អាមេរិក​ចិត្តសឿង​ ឲ្យ​ច្រើន​ដែរ​ទៅ។ ឧទាហរណ៍ៗ​ បើសិនជា​អាមេរិក​ឲ្យ​លុយ​ច្រើន ហ៊ុន សែន មិន​ទៅ ​អាហ្នឹង​បាន​ ហ៊ុន សែន ផ្កាប់​មុខជា​មួយ​ចិន។ (ប៉ុន្តែ) ឲ្យ​គេ​នៅ? នៅ?»។

ក្រៅពី​អះអាង​យ៉ាង​ដូច្នេះ ​លោក​ក៏បាន​ប្រៀបធៀប​កម្ពុជា​ ដូចជា​កូន​ក្រមុំ​ដែល​ប្រទេស​ទាំង ២ នេះ​កំពុង​ព្យាយាម​ចាប់យក​តាមរយៈ​ការផ្តល់​ជា​ជំនួយ តែ​លោក​អះ​អាងថា ​កម្ពុជា​នៅពេលនេះ​ គឺជា​កូនក្រមុំ​មាន​អាយុ​ ៦០ ឆ្នាំ​ហើយ​មាន​ការគិត​គូរ​វែងឆ្ងាយ ​មិន​ដូចជា​អតីត​កាលដែល​កម្ពុជា ​ជា​កូន​ក្រមុំ​វ័យ​ក្មេង ​​ងាយ​នឹង​ឲ្យ​ប្រទេស​មហា​អំ​ណាច​អូស​ទាញ​បាន​នោះ​ទេ។

លោក​ សុខ ទូច​ ចាត់ទុក​សារ​របស់​ស្ថា​ទូត​អាមេរិក​ ដែល​​លើក​ឡើង​ជុំវិញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ចិននិង​កម្ពុជា​ ​គឺជា​ចេតនា​វាយប្រហារ​រដ្ឋាភិបាល​ចិន​ ដែល​អាមេរិក ​យក​កម្ពុជា​ជា​ឈ្នាន់​ ​ខណៈ​លោកចាត់ទុក​សារ​របស់​ចិន​ ដែល​បាន​ឆ្លើយតប​ជាមួយ​អាមេរិក​ គឺជា​ការ​ការពារ​ខ្លួន។

លោក​ស្រី Zeeberg Emily​ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជាពី​ម្សិលមិញ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​កិច្ចពិភាក្សា​តុមូល ​និង​ការលើកឡើង​ទាំង​ឡាយ​ក្នុង​វេទិកា​នេះ។

លោក មាស នី ​អ្នកវិភាគនយោ​បាយ​ ​លើកឡើងថា ​វេទិកា​នេះ គឺ​គ្រាន់តែជា​ឈ្នាន់​មួយ​សម្រាប់​ការពារ​រដ្ឋាភិបាល​តែប៉ុណ្ណោះ​ ស្របពេល​ដែល​គេ​មើលឃើញ​យ៉ាងច្បាស់​ថា​កម្ពុជាកំពុង​ងាក​ទៅ​ខាង​ចិន​ខ្លាំង​ ហើយ​អាច​នឹង​ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍​ជាច្រើន​ពី​សហរដ្ឋ​អាមេរិក។

បន្ថែម​ពីនេះ ​លោក​ថា​៖ «បើ​កម្ពុជា​ ពិតជា​ធ្វើបាន​ក្នុងអំឡុង​ពេលដែល​គ្មាន​ការជួយ​ពី​ប្រទេស​ដទៃ ​ហើយ​អាច​រស់​ដោយ​ខ្លួនឯង ​នោះ​គឺជា​ជោគជ័យ​ដ៏​ធំ​របស់​កម្ពុជា ​ក្នុងការ​ទប់ទល់​ពី​ឥ​ទ្ធិពល​បរទេស​ តែបើ​ក្នុងករណី​ដែល​កម្ពុជា​បាត់​បង់​ការពឹង​ពាក់​ពី​ប្រទេស​មួយ ​ហើយរត់​ទៅ​ពឹង​ប្រទេស​មួយទៀត ​នោះ​មិន​បញ្ជាក់ថា​ កម្ពុជា​ដើរ​ត្រូវ​នោះ​ទេ»។

លោក​បន្តថា​៖​ «ក្នុង​ស្ថានភាព​បែប​ហ្នឹង​កម្ពុជា ​ត្រូវតែ​ឆ្លាត​វៃ ​នៅ​ក្នុង​ការបង្ហាញ​ខ្លួន​ឯង ​(មិន​ត្រូវ) ​ចូលរួម​ក្នុង ការ​វាយ​ប្រហារ​ម្ខាង​ ហើយ​ងាក​ទៅ​ម្ខាង​នោះ​ទេ។ ព្រោះ​កាលណា​បើ​ធ្វើ​អ៊ីចឹង​នោះ ​បាន​ន័យថា​ អ្វីដែល​ជាការ​ចោទ​ប្រកាន់​របស់​ប្រទេស​មហា​អំណាច​មួយ​នោះ​ គឺ​គេ​អាច​មើល​ជំហរ​របស់​យើង​តាម​ហ្នឹង​ដែរ ​ហើយ​អ្វីដែល​ចោទប្រកាន់​យើង ​គឺជា​រឿង​ពិត»៕