បាត់ដំបងៈ នៅពេល​បុរស​នោះ​ស្លាប់ គាត់​មិន​ទាន់​ឈាន​​ដល់​អាយុ​ ៥០ ​ឆ្នាំ​ទេ​។ គាត់​ជា​មនុស្ស​របស់​កុលសម្ព័ន្ធ​ដែល​បាន​តាំង​លំនៅ​នៅ​ជិត​ស្ទឹងសង្កែ​ក្នុង​ខេត្ត​បាត់ដំបង និង​ទំនង​ជា​ធ្វើ​ស្រែ​ចម្ការ​ និង​ចិញ្ចឹម​សត្វ​។ ប្រហែល​ជា​ពួកគេ​ប្រមាញ់​ជ្រូកព្រៃ និង​អណ្តើក ហើយ​សត្វ​មួយ​ក្នុង​ចំណោម​សត្វ​ទាំង​នេះ​នឹង​ត្រូវ​បាន​ឃើញ​​នៅក្នុង​ផ្នូរ​របស់​គាត់​ដើម្បី​អម​​ដំណើរ​គាត់​ទៅ​ជាតិ​ក្រោយ​។ គាត់​រួម​ជាមួយ​នឹង​គ្រឿង​កាលាភាជន៍​រួមមាន ឆ្នាំង ចាន គ្រឿងអលង្ការ កងដៃ​កងជើង​នឹង​អាច​មិន​ទាន់​រលាយ​ក្នុង​លក្ខណៈ​​ហ្វូស៊ីល​រាប់ពាន់​ឆ្នាំ​ទៀត បន្ទាប់ពី​ត្រូវ​បាន​រកឃើញ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យា​នៅ​កម្ពុជា​។

អ្នក​បុរាណវិទ្យា​ម្នាក់​ក្នុង​ចំណោម​អ្នក​បុរាណវិទ្យា​ទាំង​នេះ​គឺ លោក ហេង សុផាឌី អគ្គនាយករង​នៃ​នាយកដ្ឋាន​បេតិកភណ្ឌ​វប្បធម៌​នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​ខិតខំ​​ចំណាយ​ពេលវេលា​ក្នុង​ជីវិត​របស់​លោក​ក្នុង​ការ​ស្វែង​យល់​អំពី​អតីតកាល​បុរាណ​របស់​ប្រទេស​កម្ពុជា​។ ដោយ​ប្រើ​​រយៈពេល​អស់​ជិត​ ១០ ​ឆ្នាំ​លោក​ និង​ក្រុម​ជនជាតិ​បារាំង‑កម្ពុជា​បាន​និង​កំពុង​ជីក​នៅ​ក្នុង​ល្អាង​ស្ពាន​ក្នុង​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ដោយ​បាន​រកឃើញ​ដូចជា ផ្នូរ​បុរស​នេះ​ដែល​ផ្តល់​ភ័ស្តុតាង​នៃ​អរិយធម៌​ដំបូង​បំផុត​នៅក្នុង​​ប្រទេស​កម្ពុជា​។

ខណៈ​ពិតាន​ល្អាង​មាន​លក្ខណៈ​ទូលំទូលាយ​បើក​មាត់​ខ្ពស់ ល្អាង​ស្ពាន​មាន​ទំហំ​ប្រមាណ​ ១២០០ ​ម៉ែត្រការ៉េ និង​ជា​ល្អាង​ធំ​បំផុត​ក្នុង​ចំណោម​ល្អាង​ចំនួន​ ១៣ លើ​ភ្នំ​ទាក់​ត្រែង​។

អ្វីៗ​ទាំងអស់​នេះ​ពោរពេញ​ទៅ​ដោយ​ដំណើរ​សាច់​រឿង ប៉ុន្តែ​ភ្នំ​នេះ​នៅ​មាន​គ្រាប់មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត​​កប់​នៅក្នុង​ដី​នៅ​ឡើយ​មាន​​តែ​ល្អាង​ស្ពាន​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រុករក​។ ការរុករក​នេះ​បាន​បង្ហាញ​ជា​ស្រទាប់ៗ​នៃ​ប្រវត្តិសាស្ត្រ​បុរាណ​ដែល​មាន​អាយុ​រហូត​ដល់​ប្រហែល ៦៩ ០០០ ​ឆ្នាំ​មុន​គ្រិស្តសករាជ​។

ក្រុម​នេះ​បាន​រកឃើញ​ផ្នូរ​ចំនួន​ ៦ និង​សាកសព​ជាច្រើន​រហូត​មក​ទល់​ពេល​នេះ​ក្នុង​នោះ​បុរស​ ៥ ​នាក់​ និង​ស្ត្រី​ម្នាក់​។ អ្នក​ជំនាញ​ជឿ​ថា​ពួកគេ​ត្រូវ​បាន​កប់​ចន្លោះ​ពី​ឆ្នាំ​ ១៣៦០ ​មុន​គ្រិស្តសករាជ និង ឆ្នាំ​ ១៤០០ ​មុន​គ្រិស្តសករាជ​។

លោក សុផាឌី បាន​ថ្លែង​ថា​៖ «​ពួកគេ​បាន​ប្រើ​ល្អាង​នេះ​ជា​កន្លែង​កប់​សាកសព​»​។​ «​ប្រជាជន​សម័យ​នោះ​រស់នៅ​តំបន់​​ដី​ទំនាប​ជិត​ទន្លេ​។ ពួកគេ​ធ្វើ​​កសិកម្ម និង​ចិញ្ចឹម​សត្វ​»​។

លោក សុផាឌី បាន​ថ្លែង​ថា​សាកសព​ទាំង​ ៦ ​ត្រូវ​បាន​បញ្ចុះ​ជាមួយ​អ្វី​ដែល​គេ​ជឿថា​ជា​អំណោយ ដូចជា ជ្រូកព្រៃ ចានឆ្នាំង និង​គ្រឿងអលង្ការ ដែល​មាន​ន័យ​ថា ជា​របស់​សម្រាប់​ជាតិ​ក្រោយ​»​។ វា​ត្រូវ​បាន​គិត​ថា​សត្វ​ដែល​កប់​ជាមួយ​ពួកគេ​តំណាង​ឲ្យ​ «​សត្វ​ការពារ​» ​មនុស្ស​នោះ ឬ​អាច​សម្រាប់​ជា​ម្ហូបអាហារ​សម្រាប់​ជាតិ​ក្រោយ​។

ក្រុម​នេះ​បាន​រកឃើញ​របស់​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ដទៃៗ​ទៀត​អំពី​មនុស្ស​បុរាណ ហើយ​របស់​មួយ​ចំនួន​ក្នុង​ចំណោម​របស់​ទាំង​នោះ​ចោទ​ជា​សំណួរ​ច្រើន​ជាង​ចម្លើយ​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​ថា​សាកសព​ទាំងអស់​ត្រូវ​បាន​កប់​ដោយ​ជើង​បែរ​ទៅ​ទិស​ខាង​ជើង និង​ក្បាល​ទៅ​ទិស​ខាង​ត្បូង លើក​លែង​តែ​ស្ត្រី​ត្រូវ​កប់​ក្នុង​ទិសដៅ​បញ្ច្រាស ហើយ​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​កាត់​ធ្មេញ ដែល​ជា​ប្រពៃណី​មួយ​ដែល​ត្រូវ​បាន​រកឃើញ​ដូច​គ្នា​ផង​ដែរ​នៅក្នុង​ប្រទេស​វៀតណាម​ និង​ឡាវ​នៅក្នុង​សម័យ​​បុរេប្រវត្តិសាស្ត្រ ហើយ​នៅ​តែ​អនុវត្ត​សព្វ​ថ្ងៃ​នេះ​ដោយ​ជនជាតិ​ភាគតិច​ចារ៉ាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បន្ត​ថា​នេះ​អាច​បង្ហាញ​ថា​ប្រពៃណី​ចារ៉ាយ​មាន​តាំងពី​សម័យ​នោះ​។

ការជីក​នេះ​ក៏​បាន​រកឃើញ​វត្ថុ​ជាក់ស្តែង​ច្រើន​ជាង​នេះ​ទៀត​អំពី​វិសាលភាព​នៃ​ភាព​រីកចម្រើន​របស់​មនុស្ស​ និង​អន្តរសកម្ម​នៅ​សម័យ​នោះ​។

លោក សុផាឌី បាន​ថ្លែង​ថា​៖ «​យើង​ដឹង​ថា ពួកគេ​មាន​ជំនាញ​ក្នុង​ការ​បរបាញ់​សត្វ ពួកគេ​មាន​ជំនាញ​ក្នុង​ការធ្វើ​ឧបករណ៍​ពី​ថ្ម ហើយ​ពួកគេ​ប្រហែល​ជា​មាន​ពាណិជ្ជកម្ម​មួយ​ចំនួន​ផង​ដែរ ពួកគេ​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្រុម​មនុស្ស​ដទៃៗ​ទៀត​»​។ លោក​បាន​ពន្យល់​ថា​គ្រឿង​កងដៃ​កងជើង​ត្រូវ​បាន​រកឃើញ​​ថា​ផលិត​មកពី​សម្បក​ខ្ចង​ខ្ចៅ​សមុទ្រ ដែល​នាំ​ចូល​មកពី​តំបន់​ឆ្ងាយ​។

របស់​ទាំងអស់​នេះ​គឺ​ដូច​គ្នា​នឹង​របស់​ដែល​ត្រូវ​បាន​រកឃើញ​នៅ​សំរោង​សែន ដែល​ជា​កន្លែង​ជីក​សំខាន់​មួយ​ទៀត​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ព្រម​ទាំង​កន្លែង​មួយ​ចំនួន​ទៀត​ដែល​រកឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​ និង​វៀតណាម​ផង​ដែរ​។

ល្អាង​ស្ពាន​ដំបូង​ឡើយ​ត្រូវ​បាន​រកឃើញ​ថា​ជា​តំបន់​ប្រវត្តិសាស្ត្រ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ដោយ​ប្តី​ប្រពន្ធ​ជនជាតិ​បារាំង​ឈ្មោះ Roland និង Ccile Mourer ដែល​បាន​រកឃើញ​ឆ្អឹង​មនុស្ស ប៉ុន្តែ​មិន​ឃើញ​កន្លែង​កប់​។ ដោយសារ​តែ​ភាព​តានតឹង​ខ្លាំង​ឡើង​ក្នុង​ប្រទេស​កម្ពុជា ពួកគេ​បាន​បញ្ឈប់​ការជីក​រុករក​ក្នុង​ឆ្នាំ​ ១៩៧១ នៅ​ក្នុង​ការជីក​ជម្រៅ​ ១,៥ ​ម៉ែត្រ​។ រហូត​ដល់​ឆ្នាំ​ ២០០៩ ទើប​ការជីក​រុករក​នេះ​បាន​ដំណើរការ​ឡើង​វិញ​ដោយ​មាន​ការគាំទ្រ​​ពី​សារមន្ទីរ​ជាតិ​បារាំង​នៃ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​។ ឥឡូវ​នេះ​វា​បាន​ក្លាយ​ជា​កន្លែង​ជីក​ដ៏ជ្រៅ​បំផុត​នៅ​ឧបទ្វីប​អាស៊ីអាគ្នេយ៍ គឺ​ជីក​រហូត​ដល់​ជម្រៅ​ ១០ ​ម៉ែត្រ​។

លោក Hubert Forestier ដែល​ជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​បាន​ថ្លែង​ថា​៖ «​វា​ជា​កន្លែង​ស្រស់​ស្អាត​មួយ​»​។ អ្នកមាន​ការការពារ​អ្នក​មាន​ខ្យល់​អាកាស​ល្អ និង​ស្រស់​ថ្លា​នៅ​ពេល​វា​មាន​ព្រះអាទិត្យ​ស្រឡះ វា​ល្អ​ណាស់​នៅ​ទី​នេះ​»​។ នេះ​ជា​ការ​ពន្យល់​មួយ​ដែល​លោក Forestier បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ល្អាង​នេះ​ត្រូវ​បាន​ឃើញ​សកម្មភាព​មនុស្ស​ដែល​មាន​អាយុ​រហូត​ដល់​រាប់ពាន់​ឆ្នាំ​កន្លង​ទៅ​។

លោក​បាន​ថ្លែង​ថា​កាលពី​មុន​ប្រជាជន​សម័យ​នោះ​បាន​ប្រើ​វា​ជា​កន្លែង​បញ្ចុះ​សព ហើយ​ពួកគេ​រស់នៅ​ទី​នេះ​។ ជាមួយ​នឹង​ភ័ស្តុតាង​ដែល​មាន​តាំងពី​ឆ្នាំ​ ៩៥០០ ​មុន​គ្រិស្តសករាជ​រហូត​ដល់​ ៣៥០០ ​មុន​គ្រឹះសករាជ​។ ពួក​នឹង​បរបាញ់​សត្វ​ពស់ សត្វ​ជ្រូកព្រៃ និង​ថែម​ទាំង​ឆ្អឹង​សត្វ​រមាស​ត្រូវ​បាន​រកឃើញ​។

ដោយ​ចុះ​តាម​រន្ទាដែក​លោក Forestier បាន​ចង្អុល​ទៅ​ស្រទាប់​នៅ​ក្នុង​ដី​ដែល​មាន​ពណ៌​ផ្សេង​គ្នា​ដូចជា ពណ៌​ទឹកក្រូច ខ្មៅ ប្រផេះ និង​ត្នោត​ដែល​ជា​ភ័ស្តុតាង​នៃ​ការប្រែប្រួល​អាកាសធាតុ​។

ក្រួស​ថ្ម​ចំនួន​បី​ដែល​ទំនង​ជា​មកពី​ទន្លេ​ប្រហែល​ ៥ ​គីឡូម៉ែត្រ​ពី​នោះ​បង្ហាញ​ថា មនុស្ស​អាច​ឆ្លងកាត់ និង​ត្រូវ​បាន​រកឃើញ​ចម្ងាយ​ ៥ ​ម៉ែត្រ​ក្រោម​ដី ដែល​ជា​ជម្រៅ​មួយ​ដែល​ប្រហែល​ជា​មាន​អាយុ​ប្រមាណ​ ៦៩០០០ ​ឆ្នាំ​មុន​គ្រិស្តសករាជ​។ នៅ​ពេល​​ចុះ​បន្ថែម​ទៀត​នៅ​ជម្រៅ​ប្រហែល​ ៨ ​ម៉ែត្រ​លោក Forestier បាន​យក​ដៃ​ចង្អុល​អំពី​ផ្នែក​ដែល​មាន​ពណ៌​ដូច​ធាតុ​។

លោក​បាន​ថ្លែង​ថា​៖ «​នោះ​អាច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប្រហែល​វា​ជា​របស់​នោះ ប្រសិន​បើ​វា​ជា​ធាតុ​​នៃ​ភ្នំភ្លើង​...​វា​អាច​មកពី​ការផ្ទុះ​ភ្នំភ្លើង​តូបា​ (Toba)»​។ លោក​សំដៅ​ទៅ​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​គេ​ជឿថា បាន​បណ្តាល​ឲ្យ​មាន​មហន្តរាយ​អាកាសធាតុ​កាលពី​ប្រមាណ​ ៧៤០០០ ​ឆ្នាំ​កន្លង​ទៅ​។ នៅ​បាត​នៃ​រូង​ដែល​មាន​ជម្រៅ​ ១០ ​ម៉ែត​នេះ​ខ្យល់​មាន​តិចតួច និង​ក្តៅ ដូច្នេះ​ក្រុម​អ្នក​ជីក​អាច​នៅ​បាត​នេះ​រយៈពេល​តែ​ប្រហែល​ ១ ​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​លើក​ពី​មុន​ពេល​ចេញ​មក​លើ​វិញ​។

លោក Forestier បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​អ្នក​ឡើង​ទម្ងន់​ខ្លះ​នៅ​រដូវរងា​ក្នុង​ប្រទេស​បារាំង នោះ​វា​មិន​អាក្រក់​ទេ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​វិញ​។ វា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើ​ការងារ​»​។

នៅពេល​ងើប​មក​ខាង​ក្រៅ​វិញ​លោក Forestier បាន​ពិនិត្យ​ជាមួយ​ក្រុម​លោក​​ និង​និយាយ​ថា​គ្មាន​ការ​រកឃើញ​អ្វី​សំខាន់​ទេ​ថ្ងៃ​នេះ​។ នេះ​ទំនង​ជា​ពេល​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ​ដែល​ក្រុម​នេះ​បាន​មក​ល្អាង​នេះ​។ រាល់​ឆ្នាំ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ជីក​រុករក​រយៈពេល​ ២ ​ខែ​ដោយ​ចាប់ផ្តើម​ពី​ដើម​ខែ​កុម្ភៈ​។ កាលពី​ខែ​វិច្ឆិកា ក្រុម​អ្នក​ជំនាញ​បាន​វិភាគ​ឆ្អឹង​ដែល​ទុក​នៅ​ក្រសួង​វប្បធម៌​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​រក្សាទុក​លទ្ធផល​រកឃើញ​របស់​ពួកគេ​។

លោក Forestier បាន​ថ្លែង​ថា​៖ «​បុរាណវិទ្យា​គឺជា​ការបំផ្លាញ​ និង​ការសាងសង់​ឡើង​វិញ​»​។ «​ជាមួយ​នឹង​ស្រទាប់​ដី​នីមួយៗ​អ្នក​បើក​ទំព័រ​ថ្មី​មួយ​។ នៅពេល​អ្នក​បើក​ទំព័រ​ថ្មី អ្នក​ភ្លេច អ្នកបំផ្លាញ​ទំព័រ​មុន​»​។

ដើម្បី​ការពារ​មិន​ឲ្យ​ព័ត៌មាន​នេះ​បាត់បង់ ក្រុម​ជីក​នេះ​ចាប់​តាំងពី​ឆ្នាំ ២០០៩ បាន​កត់សម្គាល់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​រាល់​លទ្ធផល​ដែល​រកឃើញ​។ លោក Forestier សង្ឃឹម​ថា​នឹង​បោះពុម្ព​សៀវភៅ​មួយ​បន្ទាប់ពី​បញ្ចប់​ការជីក​រុករក​ចុង​ក្រោយ​នៅ​ឆ្នាំ​ ២០២០ ដែល​ពេល​នោះ​លោក​សង្ឃឹម​ថា​ពួកគេ​នឹង​ឈាន​ដល់​ថ្ម​បាតដី​។

លោក Forestier បាន​សួរ​ថា​៖ «​ការងារ​របស់​យើង​គឺ​ត្រូវ​កត់ត្រា​ប្រវត្តិសាស្ត្រ​ទាំងអស់​មុន​សម័យ​អង្គរ​។ យើង​ដឹង​ច្រើន​អំពី​សម័យ​មុន​អង្គរ ប៉ុន្តែ តើ​អ្វី​បាន​កើតឡើង​នៅ​សម័យ​បុរេប្រវត្តិ​?»៕ PS