កំពង់ចាមៈ មន្ត្រីសុខាភិបាលបញ្ជាក់ថា វិធានការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកដំណើរ ៥៨ នាក់ តាមកប៉ាល់ទេសចរណ៍ Viking Cruise Journey នៅខេត្តកំពង់ចាមធ្វើតាមវិធានរបស់អង្គការសុខភាពពិភពលោក (WHO) មិនមែនជាការឃុំឃាំងដូចភ្ញៀវទេសចរមួយគូចោទប្រកាន់នោះឡើយ។
លោក គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមថ្លែងពីម្សិលមិញថា គិតត្រឹមថ្ងៃចន្ទម្សិលមិញ ភ្ញៀវទេសចរ និងក្រុមបុគ្គលិកកប៉ាល់ទេសចរណ៍ទាំង ៥៨ នាក់ នៃកប៉ាល់ Viking Cruise Journey ដែលដាក់ឲ្យនៅដាច់ដោយឡែកក្នុងសណ្ឋាគារ ១ នៅខេត្តកំពង់ចាមមានសុខភាពធម្មតា។ លោកថា ពួកគេអាចនៅទីនោះរហូតដល់ថ្ងៃទី ២៤ ខែមីនា ដែលជាខួប ១៤ ថ្ងៃ នៃការដាក់ឲ្យនៅដាច់ដោយឡែក។
លោករៀបរាប់ថា៖ «យើងឲ្យគាត់សម្រាកនៅសណ្ឋាគារយើង ដាក់គាត់មួយៗដាច់ដោយឡែកពីគ្នា ដើម្បីតាមដានខុសភាពរបស់គាត់។ យើងផ្គត់ផ្គង់បាយ ម្ហូបគាត់ ១ ថ្ងៃ ៣ ពេល ហើយដាក់ភេសជ្ជៈឲ្យគាត់ពិសា ហើយយើងមានមន្ត្រីប្រចាំការ ២៤ ម៉ោង ដើម្បីតាមដានសុខភាពគាត់ក្រែងលោមានការអីប្រែប្រួល។ ប៉ុន្តែមកដល់ម៉ោងនេះសុខភាពគាត់ល្អធម្មតាទាំងអស់ទាំង ៥៨ នោះមិនមានអ្វីប្រែប្រួលទេ»។
ជនជាតិអាមេរិចកាំង ១ គូ គឺលោក Ryan Knapp និងភរិយាអ្នកស្រី Theresa Gordon-Knapp បានប្រាប់កាសែតអាមេរិក USA-Today កាលពីថ្ងៃអាទិត្យ ដោយចោទប្រកាន់ថាពួកគេត្រូវបានឃុំឃាំងមិនមែនដាក់ឲ្យនៅដាច់ដោយឡែកនោះទេ។
លោក Ryan Knapp ចាត់ទុកសណ្ឋាគារលោកស្នាក់ដែលដាក់ឲ្យនៅដាច់ដោយឡែកនោះថាជា «សណ្ឋាគារគេបោះបង់ចោល»។ លោកថា៖ «យើងមិនមែនត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកទេ យើងត្រូវបានគេឃុំឃាំង»។
ប៉ុន្តែលោក គឹម សួរភិរុណ ពន្យល់ថា៖ «[បន្ទប់សណ្ឋាគារ] វាមិនឥតខ្ចោះដូចផ្កាយ ៥ ទេ។ ប៉ុន្តែសមរម្យអាចស្នាក់នៅបាន។ ឯកឧត្តមអភិបាលខេត្តបានរៀបចំគ្រែរៀបចំបន្ទប់ទឹកស្អាតបាតជូនគាត់ ហើយយើងទទួលសំណូមពរ បើភ្ញៀវខ្វះខាតអី យើងបំពេញទៅតាមសំណូមពរឲ្យគាត់។ ដូចជាមិនមានអីទេ គឺបានសមរម្យ»។
លោកថាយោងតាមនិយាមអង្គការសុខភាពពិភពលោកអ្នកដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកមិនត្រូវបានអនុញ្ញាតឲ្យចេញមកខាងក្រៅទេក្នុងរយៈពេល ១៤ ថ្ងៃ។ ជាគោលការណ៍គឺពួកគេត្រូវនៅដាច់ដោយឡែក។ ប៉ុន្តែមន្ត្រីសុខាភិបាលកម្ពុជាយកចិត្តទុកដាក់លើពួកគាត់យ៉ាងខ្លាំង។
លោកបន្តថា៖ «មិនមែន [ការឃុំឃាំង] ទេ។យើងតាមដានសុខភាពគាត់រយៈពេល ១៤ ថ្ងៃ ហើយបើ ១៤ ថ្ងៃនេះគាត់អត់មានឈឺអី ហើយយើងពិនិត្យឃើញថាគាត់អត់មានកូវីដ ១៩ គាត់អាចត្រឡប់ទៅផ្ទះបាន។ មិនមែនយើងឃុំទេ ព្រោះយើងឲ្យគាត់នៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ មានគ្រែ មាន ពូក មានបន្ទប់ទឹក ហូបចុកគ្រប់គ្រាន់។ នេះគ្រាន់តែជាការតាមដានសុខភាព ហើយអ្វីដែលគាត់បកស្រាយនោះមិនពិតទេ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមិនឆ្លើយតបនឹងការលើកឡើងរបស់ភ្ញៀវទេសចរអាមេរិកាំងទាំង ២ រូបនេះទេ ដោយលោកស្រីថាថ្នាក់ដឹកនាំគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងច្បាស់ហើយអំពីករណីនេះ។
កាលពីថ្ងៃសៅរ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់មន្ត្រីទូតបរទេសមួយដែលគំរាមអភិបាលខេត្តកំពង់ចាមហើយស្នើឲ្យយកពលរដ្ឋរបស់ពួកគេទៅស្នាក់នៅសណ្ឋាគារផ្កាយ ៥ នៅភ្នំពេញ។ ប៉ុន្តែលោកសុំការយោគយល់ពីមន្ត្រីទូតរូបនោះដោយលោកលើកឡើងថា លោកគិតពីពលរដ្ឋកម្ពុជា ១៦ លាននាក់។
លោកថា ករណីនាវានៅខេត្តកំពង់ចាមមានអ្នកដំណើរ ៣ នាក់ត្រូវបានរកឃើញមានផ្ទុកកូវីដ ១៩ ខុសពីនាវា MS Westerdam ដែលចតនៅព្រះសីហនុ ហើយអ្នកដំណើរត្រូវបាននាំមកស្នាក់នៅភ្នំពេញនោះ មិនមានអ្នកផ្ទុកកូវីដ ១៩ ទេ។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថ្លែងនៅលើហ្វេសប៊ុកពីសប្ដាហ៍មុនថា ការធ្វើតេស្តជំងឺកូវីដ ១៩ មិនមានការគិតថ្លៃទេក្នុងករណីគ្រូពេទ្យពិនិត្យឃើញអ្នកដែលមានរោគសញ្ញាចូលករណីសង្ស័យ ដែលតម្រូវឱ្យយកសំណាក ឬតម្រូវឱ្យសម្រាកពេទ្យ។ បើពួកគេត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ ១៩ ពួកគេនឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ។ ការអនុវត្តនេះសម្រាប់ទាំងជនជាតិខ្មែរ និងជនបរទេស។
ការអនុវត្តបែបនេះផ្ទុយពីការអនុវត្តនៅវៀតណាម។ សារព័ត៌មានវៀតណាម VN Express ចុះផ្សាយកាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្ដីនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ថា ជនបរទេសនៅប្រទេស វៀតណាម ត្រូវតែចេញថ្លៃព្យាបាលបើពួកគេមានជំងឺកូវីដ ១៩។ ប៉ុន្តែពួកគេមិនតម្រូវឲ្យបង់ថ្លៃការធ្វើតេស្ត និងការដាក់ឲ្យនៅដាច់ដោយឡែកទេ។
បណ្ដាញព័ត៌មាន AFP រាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងពីម្សិលមិញបានដាក់បញ្ជាឲ្យជនបរទេសដែលមកដល់ប្រទេស ចិន ចាប់ពីថ្ងៃចន្ទតទៅត្រូវចូលទៅនៅអគារសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃហើយពួកគេត្រូវបង់ថ្លៃសម្រាប់ការស្នាក់នៅទីនោះ៕