ភ្នំពេញៈ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ពុំទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការធ្វើតេស្ដទឹកនោមលើមន្ត្រីនគរបាលនៅរាជធានីភ្នំពេញដើម្បីរកសារធាតុញៀន នៅឡើយទេ ដោយលោកគ្រាន់តែអអាងថា នឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ បន្ទាប់ពីមានឧបករណ៍ធ្វើតេស្ដគ្រប់គ្រាន់។
លោក ស ថេត បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា លោកបានបន្តក្រើនរំឭកមន្ត្រីនគរបាលទាំងអស់ ត្រូវមានភាពស្អាតស្អំ និងមិនត្រូវជាប់ពាក់ព័ន្ធនឹងគ្រឿងឡើយ ហើយការពិនិត្យទឹកនោមរកសារធាតុញៀននឹងធ្វើឡើងឆាប់ៗនេះ ចាប់ពីមន្ត្រីនគរបាលនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរហូតដល់បណ្ដាប៉ុស្ដិ៍ដើម្បីបញ្ជាក់ថា មន្ត្រីនគរបាលដែលជាអ្នកអនុវត្តច្បាប់ទាំងនោះត្រូវតែជាជនគំរូសម្រាប់ប្រជាពលរដ្ឋ។
លោកស្នងការក៏បានប្រាប់ភ្នំពេញប៉ុស្ដិ៍បន្ថែមទៀតថា កន្លងមកគឺពុំទាន់មានការធ្វើតេស្ដទឹកនោមមន្ត្រីនគរបាលឡើយ ដោយលោកបានអះអាងថាគម្រោងធ្វើតេស្ដទឹកនោមនេះប្រាកដជាធ្វើឱ្យបាននាពេលខាងមុខ។
លោកបានបញ្ជាក់ថា៖ «ការងារច្រើន កំណត់អត់ទាន់បានទេ ប៉ុន្តែថាធ្វើ គឺធ្វើហើយ»។
នេះមិនមែនជាលើកទី១ ទេ ដែលលោក ស ថេត បានប្រកាសអំពីបំណងចង់ធ្វើតេស្ដទឹកនោមមន្ត្រីនគរបាល។ ប៉ុន្តែកាលពីថ្ងៃទី ២៥ ខែ មីនា កន្លងទៅ លោកក៏ធ្លាប់បានប្រកាសដូចគ្នានេះម្ដងហើយ និងបានអះអាងថា ប្រសិនបើមន្ត្រីនគរបាលណាដែលរកឃើញមានប្រើប្រាស់សារធាតុញៀននឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌកងកម្លាំងនគរបាលជាតិ។
កាលនោះ លោក ស ថេត បានបញ្ជាក់ថា ការធ្វើតេស្ដទឹកនោមនេះ មិនមែនដោយសារមានការសង្ស័យលើមន្ត្រីនគរបាលនោះទេ ប៉ុន្តែគ្រាន់តែជាវិធីបង្ការដើម្បីឱ្យពួកគេចៀសវាងប៉ុណ្ណោះ ព្រោះមុនចូលធ្វើជាមន្ត្រីគឺតែងត្រូវបានគេពិនិត្យរកសារធាតុញៀនរួចហើយ។
ការលើកឡើងរបស់លោក ស ថេត ទាំងនេះបានកើតឡើងបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបញ្ជាឱ្យនគរបាលទាំងអស់ត្រូវបំពេញភារកិច្ចស្របតាមវិជ្ជាជីវៈ និងដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដូចជា ការជួញដូរ ចែកចាយ និងលក់ដូរគ្រឿងញៀនឡើយ ដោយលោកបានអះអាងថា មានករណីគ្រឿងញៀនខ្លះដែលពិបាកបង្ក្រាបគឺដោយសារអាចជាប់ពាក់ព័ន្ធជាមួយមន្ត្រីនគរបាល។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថា ការធ្វើតេស្ដទឹកនោមរកសារធាតុញៀនពេលខាងមុខនេះ គឺជាឱកាសមួយសម្រាប់មន្ត្រីនគរបាលដើម្បីបង្ហាញពីភាពត្រឹមត្រូវនិងដើម្បីធ្វើគំរូល្អដល់ពលរដ្ឋ។ លោកថារយៈពេលចុងក្រោយនេះគេសង្កេតឃើញ អ្នកប្រើប្រាស់គ្រឿងគឺមានទាំងមន្ត្រីមានសមត្ថកិច្ចនិងព្រះសង្ឃ ១ ចំនួនផងដែរ។
លោកបានបញ្ជាក់ថា៖ «ពាក្យពាក់ព័ន្ធនឹងគ្រឿងញៀន មាន ២ ប្រភេទដែលយើងមើលឃើញ ទី១ ហៅថាមនុស្សហ្នឹងប្រើ ទី២ គឺពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀនហ្នឹងដែរ»។
ជាមួយគ្នានេះ លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យថា ខេត្តរបស់លោកគឺបានធ្វើតេស្ដទឹកនោមរកសារធាតុញៀនលើមន្ត្រីកងរាជអាវុធហត្ថអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយចំពោះមន្ត្រីដែលបានរកឃើញសារធាតុញៀន គឺតែងត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់។
លោកថា៖ «មន្ត្រីអាវុធហត្ថ ឱ្យតែរកឃើញ (សារធាតុញៀន) អត់មានអប់រំអីទេ គឺត្រូវកាត់ចោលតែម្ដង (លុបឈ្មោះចេញពីក្របខ័ណ្ឌ)»។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់បន្ថែមពីលោក អេង ហ៊ី មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទេ កាលពីថ្ងៃម្សិលមិញ៕