
នាវាទេសចរណ៍ឈ្មោះ Norwegian Jade ដែលដឹកបុរសហូឡង់លោក Van Der Meer ដែលសង្ស័យឆ្លងវីរុសកូរ៉ូណា។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសពីម្សិលមិញថា តាមលទ្ធផលធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រ បុរសទេសចរជនជាតិហូឡង់ម្នាក់ដែលបានធ្វើដំណើរចូលមកខេត្តព្រះសីហនុ គឺមិនបានឆ្លងវីរុសកូរ៉ូណានោះទេ ខណៈដែលលោកនាយករដ្ឋមន្ត្រីបានប្រកាសថា រាល់ជនបរទេសដែលរកឃើញមានឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេស កម្ពុជា គឺត្រូវយកចិត្តទុកដាក់ដើម្បីព្យាបាល និងមើលថែទាំដោយមិនមានការរើសអើងចំពោះជាតិសាសន៍រហូតទាល់តែជាសះស្បើយ។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសហូឡង់អាយុ ៧០ ឆ្នាំ បានធ្វើដំណើរទេសចរណ៍តាមកប៉ាល់ចូលមកកម្ពុជា ហើយត្រូវធ្វើដំណើរត្រឡប់ទៅវិញនៅថ្ងៃទី ១០ ខែកុម្ភៈ ប៉ុន្តែនៅពេលឡើងកប៉ាល់ ការពិនិត្យកម្ដៅបង្ហាញថា បុរសរូបនោះឡើងដល់កម្ដៅ ៣៨,៣ អង្សាសេ ទើបត្រូវក្រុមការងារកប៉ាល់មិនអនុញ្ញាតឱ្យឡើងកប៉ាល់ឡើយ ហើយបានរាយការណ៍មកមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។
ក្រសួងសុខាភិបាលប្រកាសថា៖ «បន្ទាប់មកក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុបានយកសំណាកវត្ថុវិភាគធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ លទ្ធផលបានបង្ហាញអវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nCoV) នៅល្ងាចថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០»។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់តាមទំព័រហ្វេសប៊ុកដែរថា បុរសជនជាតិហូឡង់នេះបានធ្វើដំណើរតាមនាវាទេសចរណ៍ឈ្មោះ Norwegian Jade ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ។ តាមការពិនិត្យជនជាតិហូឡង់រូបនេះមានអាការឡើងសម្ពាធឈាម និងកម្ដៅបានចុះមកធម្មតាវិញហើយបន្ទាប់ពីមានលទ្ធផលធ្វើតេស្ដរបស់វិទ្យាស្ថានប៉ាស្ទ័របង្ហាញពីផលអវិជ្ជមានវីរុសកូរ៉ូណាគឺត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យវិញ។
បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ នាវា Norwegian Jade គឺបានដឹកអ្នកដំណើរ ១៦៤៨ នាក់មាន ៤១ សញ្ជាតិដោយបានធ្វើដំណើរចេញពីប្រទេសវៀតណាម ចូលមកខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងពិធីបើកការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ ពីម្សិលមិញថា រាល់ជនបរទេសដែលរកឃើញមានឆ្លងវីរុសកូរ៉ូណានៅកម្ពុជា គឺត្រូវយកចិត្តទុកដាក់ដើម្បីព្យាបាល និងមើលថែទាំដោយមិនមានការរើសអើងចំពោះជាតិសាសន៍រហូតទាល់តែជាសះស្បើយ ទើបអនុញ្ញាតឱ្យចាកចេញពីកម្ពុជា។ លោក ហ៊ុន សែន ក៏បានថ្លែងការពារអំពីគោលជំហររបស់កម្ពុជាដែលមិនបិទជើងហោះហើរមកពីប្រទេសចិនផងដែរ។
លោកថា៖ «បច្ចុប្បន្ននេះនិយាយឱ្យត្រង់តែម្ដងទៅ ជំងឺនៅប្រទេសចិនដោយសារកូរ៉ូណា គឺមានចំនួនតិចតួចទេ ប៉ុន្តែរឿងគួរឱ្យភ័យខ្លាចជាងកូរ៉ូណាគឺការរើសអើងតែម្ដង។ នេះគឺជាបញ្ហាធ្ងន់ធ្ងរហើយឈានទៅដល់ការសម្លាប់សេដ្ឋកិច្ចខ្លួនឯងតែម្ដង។ ព្រឹកមិញខ្ញុំបានមើលព័ត៌មាននៅប្រទេសថៃដោយប្រទេសថៃនៅតែទទួលស្វាគមន៍ដោយបើកទូលាយសម្រាប់អ្នកទេសចរចិន ក៏ប៉ុន្តែនៅក្នុងនោះមានហាងមួយចំនួនបានសរសេរជា ៣ ភាសាថាហាមទេសចរចិនចូលស៊ីក្នុងហាងរបស់ពួកគេ ដល់ហាងផ្សេងទៀតស្វាគមន៍អ្នកទេសចរចិនចូលទទួលទាន ដោយសារអាជ្ញាធរថា អាហ្នឹងគឺជាការរើសអើង»។
លោកបន្ថែមថា មិនមែនពលរដ្ឋចិន ១ ពាន់ ៤០០ លាននាក់ គឺសុទ្ធតែកើតវីរុសកូរ៉ូណាឡើយ ចំណែកទីក្រុងវូហានដែលចំណុចចាប់ផ្ដើមវីរុសនេះក៏ត្រូវបានរដ្ឋាភិបាលចិនគ្រប់គ្រងដោយមិនឱ្យពលរដ្ឋចេញចូលក្នុងទីក្រុងនេះទេ។
លោកថា៖ «ប្រសិនបើយើងកើតជំងឺអីមួយស្រាប់តែយើងទៅប្រទេសគេដទៃ ហើយគេថា កុំឱ្យពួកខ្មែរចូលស៊ី តើមានប៉ះទង្គិចប៉ុន្មានសម្រាប់ប្រជាជនខ្មែរ ១៦ លាននាក់យើងគិតខ្លួនឯងតែប៉ុណ្ណឹងទៅបានហើយ ហើយគេថា កុំឱ្យភ្ញៀវទេសចរកម្ពុជាចូលទៅប្រទេសរបស់ពួកគេ តើអារម្មណ៍របស់យើងយ៉ាងម៉េចដែរ។ ចិនក៏ជាមនុស្សនៅពេលហាមចិនមិនឱ្យចូលលេងប្រទេសបិទទិដ្ឋាការសម្រាប់ប្រជាជនចិនបិទជើងហោះហើរសម្រាប់ប្រជាជនចិន ប្រជាជនចិនមកដល់មិនឱ្យដេកសណ្ឋាគារមិនឱ្យចូលហាង តាក់ស៊ីមិនព្រមដឹក តើប៉ះទង្គិចផ្លូវអារម្មណ៍ប៉ុន្មានទៅ? ហាក់ដូចជាការទទួលការប្រមាថ នោះហើយជាបញ្ហាដែលពិភពលោកត្រូវតែរកវិធីទប់ស្កាត់សូម្បីអង្គការសុខភាពពិភពលោកក៏បានហាមឃាត់កុំឱ្យនិយាយថា ជំងឺចេញពីចិន»។
លោកនាយករដ្ឋមន្ត្រីគាំទ្រប្រសិនបើរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន មានគំនិតផ្ដួចផ្ដើមរៀបចំកិច្ចប្រជុំបន្ទាន់កំពូលមួយដើម្បីឆ្លើយតបនៅក្នុងក្របខ័ណ្ឌតំបន់លើបញ្ហាវីរុសកូរ៉ូណាថ្មីនេះស្របពេលលោកអះអាងថា បញ្ហាវីរុសកូរ៉ូណាមិនមែនជាបញ្ហារបស់ចិន ឬតំបន់ឡើយតែជាបញ្ហាសកលដែលត្រូវរួមគ្នាដោះស្រាយ ដោយមិនត្រូវយកពេលនេះធ្វើឱ្យចិនឯកោ ឬសម្លាប់ចិននោះទេ។ លោកជឿជាក់ថា ចិនច្បាស់ជាមានសមត្ថភាពដើម្បីដោះស្រាយបញ្ហាវីរុសនេះបាន។
មកដល់ពេលនេះកម្ពុជាទើបរកឃើញការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីចំនួន ១ ករណីប៉ុណ្ណោះកាលពីថ្ងៃទី ២៧ មករាតាមរយៈបុរសចិនម្នាក់ដែលមកពីទីក្រុងវូហាន ប៉ុន្តែបុរសនេះត្រូវបានព្យាបាលឱ្យជាសះស្បើយក្នុងរយៈពេល ១៤ ថ្ងៃ ហើយបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី ១០ កុម្ភៈហើយបានធ្វើដំណើរចាកចេញពីកម្ពុជាត្រឡប់នៅប្រទេសចិនវិញកាលពីថ្ងៃម្សិលមិញ។
ប្រទេសចិនបានប្រកាសកាលពីថ្ងៃម្សិលមិញដែរថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាគឺកើនដល់ចំនួន ១០១៦ នាក់ ខណៈអ្នកឆ្លងកើនដល់ ៤២,៦៣៨ នាក់៕