ភ្នំពេញៈ ក្នុង​ត្រីមាស​ទី​ ១ ដើមឆ្នាំ ២០២១ ​នេះ​ការងារ​បង្កបង្កើនផល​ និង​ការដាំដុះ​ដំណាំ​នា​រដូវប្រាំង​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​ជាពិសេស​ស្រូវ​រដូវប្រាំង ប៉ុន្តែ​ការនាំ​ចេញទៅ​ក្រៅប្រទេស​គឺ​មាន​ការធ្លាក់ចុះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ក្រសួង​កសិកម្ម​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី​ ៥ ខែមេសា​បានចេញ​របាយការណ៍​ស្តីពី​ការបង្កបង្កើន​ផលដំណាំ​រដូវប្រាំង ប្រចាំ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​បាន​ឱ្យ​ដឹងថា ក្នុង​រយៈពេល ៣ ​ខែ ស្រូវ​រដូវប្រាំង​សម្រេច​បាន​ប្រមាណ ៦៤៩ ៥៣៩ ហិកតា ​ក្នុង​នោះ​ភ្ជួររាស់​ដោយ​គោក្របី​មាន​ចំនួន ៤ ២៥៧ ​ហិកតា និង​ដោយ​គ្រឿងយន្ត​មាន​ចំនួន ៦៤៥ ៣០៩ ​ហិកតា ខណៈ​ផ្ទៃដី​ស្ទូង និង​ព្រោះ​សម្រេច​បាន​ស្ទើរតែ​ទាំងអស់​ដោយ​លើស​ឆ្នាំមុន​ប្រមាណ​ជាង​ ៣ ម៉ឺន​ហិកតា បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។ ចំពោះ​ការប្រមូលផល​ស្រូវប្រាំង គឺ​បាន​ចំនួន ៥៣៥ ៣៦៩ ហិកតា ដោយ​ទទួល​បាន​បរិមាណផល​សរុប​ប្រមាណ​ជាង​ ២ លាន​តោន ដែល​ទិន្នផល​ជា​មធ្យម​គឺ​ទទួលបាន ៤,៤៧៧ តោន​ក្នុង​ ១ ​ហិកតា​។

ចំពោះ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម​នា​រដូវប្រាំង​វិញ​គឺ​ទទួល​បាន​ជាង​ ១៣ ​ម៉ឺន​ហិកតា ដែល​មាន​ការកើនឡើង​ជាង​ឆ្នាំមុន​ជិត ៦ ​ម៉ឺន​ហិកតា បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​។

ក្រសួង​បន្តថា ការកើនឡើង​នេះ​ក៏​ព្រោះតែ​មាន​វិធានការ​នៃ​ការជំរុញ​ផលិតកម្ម​ដំណាំ​ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​ត្រូវបាន​ដាក់ចេញ និង​អនុវត្ត​យ៉ាងសកម្ម​ដើម្បី​ជួយ​កសិករ​។

ក្រសួង​បន្តថា​៖ «​ចំណែក​ការចុះ​ធ្វើ​អធិការកិច្ច​ជី ថ្នាំ​កសិកម្ម ការជំរុញ​ការងារ​ផ្សព្វផ្សាយ​កសិកម្ម តាម​គ្រប់​រូបភាព​បាន​ប្រព្រឹត្តទៅ​ក្រោម​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម​ទៅតាម​ភារកិច្ច​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​»​។

លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​លើកឡើង​ក្នុង​របាយការណ៍​នេះ​ថា បើទោះ​ជា​ទទួលបាន​លទ្ធផល​បែបនេះ ក៏​គោលដៅ​បន្ត​ក្នុង​ការដាំដុះ​នេះ​ក្រសួង​នៅតែ​បន្ត​វិធានការ​ជំរុញ​ការងារ​បង្កបង្កើនផល​កសិកម្ម​រដូវប្រាំង ឆ្នាំ​ ២០២១ ដើម្បី​បន្ត​ផលិតកម្ម​ស្បៀង​សម្រាប់​ឆ្លើយតប​ទៅនឹង​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​បន្ត​ជំរុញ និង​បណ្តុះបណ្តាល​បច្ចេកទេស​ដាំដុះ និង​ត្រូវ​ត្រៀមលក្ខណៈ​មានដូចជា ស្រូវពូជ ពូជបន្លែ មធ្យោបាយ និង​សម្ភារ​សម្រាប់​អន្តរាគមន៍​នៅពេល​មាន​គ្រោះមហន្តរាយ​ជាយថាហេតុ ការទប់ទល់​នឹង​ជំងឺ​ ឬ​សត្វល្អិត​ចង្រៃ បំផ្លាញ​ដំណាំ​ផ្សេងៗ​»​។

បើតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​ដដែល សម្រាប់​រយៈពេល​ ៣ ​ខែ​ក្នុង​ត្រីមាស​ទី​១ ​នេះ​គឺ​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចំនួន ៤១ ​ប្រទេស​មាន​ប្រមាណ​ជាង​ ១៥ ម៉ឺន​តោន​ ដោយ​ក្នុងនោះ​មាន​ការថយចុះ​ជាង ៣ ​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២០ គឺមាន​ជាង ២៣ ​ម៉ឺន​តោន​។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា CCFC Cambodia បាន​លើកឡើង​ថា ការដាំដុះ​របស់​ប្រជាកសិករ នារដូវប្រាំង​នៅ​ដើមឆ្នាំ​ ២០២១ នេះ​គឺ​ពិតជា​ទទួល​បាន​លទ្ធផល​ល្អ​ក៏​ព្រោះតែ​ទឹកភ្លៀង​នៅតាម​តំបន់​ជនបទ​មាន​គ្រប់គ្រាន់ សម្រាប់​បង្កបង្កើនផល​។

ចំណែក​ការធ្លាក់ចុះ​នៃ​ការនាំចេញ​ក៏​ព្រោះតែ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​តម្រូវការ​ស្បៀង​មាន​ការថយចុះ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​ធានា​ក្នុង​ការរក្សា​ទីផ្សារ​ដល់​ប្រជាកសិករ និង​គាំទ្រ​ដល់​ការ​ផ្តល់នូវ​មធ្យោបាយ សម្រាប់​កសិករ​អាច​បន្ត​ការធ្វើ​កសិកម្ម​របស់​ពួកគេ​ទៅមុខ​បាន ជាពិសេស​គឺ​ការស្វែងរក​ទីផ្សារ​នាំចេញ​បន្ថែម​ទៀត​។

លោក​ថា​៖ «​កម្ពុជា​អាច​គិតពិចារណា​ទៅលើ​ទីផ្សារ​ក្នុងស្រុក​ខ្លួនឯង ជាពិសេស​ទិន្នផល​ត្រី សាច់​បន្លែ ផ្លែឈើ បើសិន​ជា​ប្រជាជន​អាច​ដាំដុះ​ផ្គត់ផ្គង់​ក្នុងស្រុក​ខ្លួនឯង​បាន គួរតែ​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​។ ការធ្វើ​បាន​បែបនេះ​គឺជា​ការទុក​ឱកាស និង​ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក ហើយ​បើ​មិនមាន​ទីផ្សារ​ រដ្ឋ​ក៏ត្រូវ​ធានា​ដល់​ការកែច្នៃ​ផលិតផល​ទាំងនោះ​ជា​ការវេចខ្ចប់​យ៉ាងណា​ឱ្យ​រក្សា​បាន​ក្នុង​រយៈពេល​យូរ​»​។

ជាមួយ​គ្នា​នេះ​លោក ថេង សាវឿន មើលឃើញ​ថា រដ្ឋាភិបាល​គួរតែ​ចូលរួម​ឱ្យបាន​កាន់តែ​ច្រើន​ទៀត​ពាក់ព័ន្ធ​បញ្ហា​ថវិកា ធនធាន​មនុស្ស និង​ការកែច្នៃ ព្រោះ​បញ្ហា​ទាំងនេះ​នៅ​មាន​ការខ្វះខាត​នៅឡើយ បើទោះបី​ជា​ក្នុង​ពេល​បច្ចុប្បន្ននេះ​រដ្ឋាភិបាល​បាន​ចូលរួម​ចំណែក​ក្នុង​ការលើកកម្ពស់​ផ្នែក​គោលនយោបាយ​រួច​មក​ហើយ​ក៏ដោយ​៕