ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជូនដំណឹង​ឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់​ប្រារព្ធ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ នៅ​ថ្ងៃទី​ ១១ ខែ​មករា ឆ្នាំក្រោយ​ជាមួយ​នឹង​ការជំរុញ​ឱ្យ​អនុវត្ត​តាម​ «​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP) ​ក្នុង​បរិបទ​កូវីដ រីឯ​ថ្នាក់រៀន​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១២ ​មករា​​ តទៅ ប៉ុន្តែ​​កម្មវិធីសិក្សា​នឹងត្រូវ​បញ្ចប់​នៅត្រឹម​ខែតុលា​ក្នុង​ឆ្នាំ​ដដែល​។

ចំពោះ​វិស្សមកាល​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​​នេះ​ត្រូវ​បាន​កំណត់​ចំនួន​ ២ ​ដង​ក្នុង​ ១​ ឆ្នាំ​គឺ​វិស្សមកាល​តូច​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ ១៩ ខែមេសា និង​មហា​វិស្សមកាល​ចាប់ពី​ថ្ងៃទី​ ១ ដល់ទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០២១​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​សប្តាហ៍​មុន​។

នៅក្នុង​សេចក្តី​ជូនដំណឹង​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​ពីថ្ងៃ​ម្សិលមិញ រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​លើកឡើង​ថា ការរៀបចំ​ពិធី​បើក​បវេសនកាល​នេះ​ចាំបាច់​ត្រូវគោរព​តាម​ស្តង់ដា​អនាម័យ​ និង​រក្សាបាន​នូវ​គម្លាត​សុវត្ថិភាព​សង្គម​បុគ្គល និង​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

ជាមួយ​នេះ​ដែរ​លោក​បានឱ្យ​ដឹងថា ឆ្នាំ​សិក្សា​ថ្មី​នេះ​ដំណើរការ​នៃ​ការអប់រំ​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​គឺ​ផ្តោត​សំខាន់​លើ​លទ្ធផល​សិក្សា​របស់​​សិស្ស​ឆ្លើយតប​ទៅនឹង​ស្តង់ដា​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​ដោយ​ធានា​ឱ្យ​មាន​ការចូលរួម​គាំទ្រ​ពី​មាតាបិតា អាណាព្យាបាល សហគមន៍ អាជ្ញាធរ​ដែនដី និង​អ្នកពាក់ព័ន្ធ​។

លោក ហង់ជួន ណារ៉ុន បាន​បញ្ជាក់ថា​៖ «...​គ្រប់​គ្រឹះស្ថាន​សិក្សា​ត្រូវ​រៀបចំ​​បដា​ពាក្យស្លោក និង​ខិត្តប័ណ្ណ​សម្រាប់​ផ្សព្វផ្សាយ​អបអរសាទរ​ថ្ងៃ​បវេសនកាល​ឱ្យ​មាន​ភាពអធិកអធម​។ គ្រឹះស្ថាន​សិក្សា​នីមួយៗ​អាច​រៀបចំ​កម្មវិធី​តាម​លទ្ធភាព​ជា​ទ្រង់ទ្រាយ​ធំ មធ្យម​ ឬ​តូច និង​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​សំណាក់​មាតាបិតា អាណាព្យាបាល​សិស្ស គណៈកម្មការ​គ្រប់គ្រង​សាលារៀន និង​សហគមន៍​មូលដ្ឋាន​»​។

លោក​បាន​បន្ថែមថា គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​​ត្រូវ​បង្កើត​ទម្លាប់​អនាម័យ​ថ្មី ដោយ​អនុវត្ត​តាម​ «​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP) ​សម្រាប់​ដំណើរការ​សាលារៀន​ក្នុង​បរិបទ​កូវីដ ​១៩» ជាពិសេស​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ ទប់ស្កាត់ ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ របស់​ក្រសួង​សុខាភិបាល​។

ទន្ទឹម​នឹង​នេះ​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ក៏​បាន​ឱ្យ​តាម​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ពិនិត្យ​លទ្ធភាព​ផ្គត់ផ្គង់​ទឹកស្អាត​ទៅ​ដល់​អ្នកសិក្សា បុគ្គលិក​អប់រំ និង​លើក​ទឹកចិត្ត​ឱ្យ​នាំយក​ទឹកស្អាត​ពី​ផ្ទះ​សម្រាប់​ទុក​ទទួលទាន​ផ្ទាល់​ខ្លួន​ក៏ដូចជា​រៀបចំ​បរិក្ខារ​លាងដៃ មាន​ទឹក​រម្ងាប់​មេរោគ ដូចជា អាល់កុល​ ឬ​ជែល​លាងដៃ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ​។

លោក ហង់ជួន ណារ៉ុន បាន​ថ្លែងថា​៖ «​គ្រឹះស្ថាន​មធ្យមសិក្សា​ត្រូវ​សហការ​ជាមួយ​គ្រឹះស្ថាន​បឋមសិក្សា​ចំណុះ ដើម្បី​បង្ក​ឱកាស​ឱ្យ​សិស្ស​បានមក​ចុះឈ្មោះ និង​បាន​ចូលរៀន ហើយ​ចំពោះ​សិស្ស​ថ្នាក់​ទី​ ៨ ដល់ទី​ ១២ គ្រឹះស្ថាន​មធ្យមសិក្សា​ត្រូវ​សហការ​ជាមួយ​មាតាបិតា អាណាព្យាបាល​សិស្ស និង​អាជ្ញាធរ​ដែនដី ប្រមូល​សិស្ស​ឱ្យ​បាន​ចូលរៀន​ទាន់​ពេលវេលា​»​។

បើតាម​សេចក្តី​ជូន​ដំណឹង​នេះ គ្រឹះស្ថាន​សិក្សា​នឹង​ចាប់ផ្តើម​ដំណើរការ​បង្រៀន និង​រៀន​នៅ​ថ្ងៃទី​ ១២ ខែ​ មករា​ ឆ្នាំ​ ២០២១ ដែល​ស្រប​ទៅ​តាម​ប្រតិទិន​ការងារ​ដែល​បាន​គ្រោងទុក​។

សិស្ស​រៀន​នៅ​សាលាបឋមសិក្សា​ទួលទំពូង​កាលពី​ម្សិលមិញ​។ហេង ជីវ័ន

ក្រៅពី​នេះ​លោក​រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បាន​ណែនាំ​ឱ្យ​សាលារៀន​​នីមួយៗ​ចាត់​បុគ្គលិក​យាមកាម​ជា​ប្រចាំ​ (​ថ្ងៃ និង​យប់​) ​ក្នុង​ពេល​វិស្សមកាល​ផងដែរ ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​បាន​ល្អ ចៀសវាង​ការបាត់បង់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​សាលារៀន​។

លោកស្រី អ៊ុកឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា ជាធម្មតា​ការបើក​បវេសនាកាល​គឺ​នៅ​ខែវិច្ឆិកា​រៀងរាល់​ឆ្នាំ​។ ​ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ​កម្ពុជា​ក៏​ដូច​ប្រទេស​ដទៃ​លើ​ពិភពលោក​ជួប​វិបត្តិ​កូវីដ​ ១៩ ទើប​ក្រសួង​​បើក​បវេសនកាល​នៅ​ខែ​មករា​វិញ​។

លោកស្រី​ថា​៖ «​នេះ​មិនមែន​ជា​ការយឺត​​ឬ​លឿន​ពេក​នោះទេ ដោយសារ​តែ​បញ្ហា​កូវីដ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ទទួលស្គាល់​ការពិត ហើយ​ការសម្រាក​មុនពេល​កំណត់ និង​ការចូល​បវេសនកាល​ខុសពី​ឆ្នាំមុនៗ គឺ​ធ្វើតាម​ការជាក់ស្តែង​ដែល​បាន​កើតមានឡើង​»​។

គួរបញ្ជាក់​ផងដែរ​ថា ក្រសួង​អប់រំ​បាន​ប្រកាស​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​​គ្រប់​កម្រិត គ្រប់​ប្រភេទ​ទាំង​សាធារណៈ និង​ឯកជន​បាន​ចូល​វិស្សមកាល​​មុន​កំណត់​ចាប់ពី​ថ្ងៃទី ១៦ ខែ​ មីនា ឆ្នាំ​ ២០២០ ដោយសារ​បញ្ហា​កូវីដ ​១៩​។

នៅ​ថ្ងៃ​ម្សិលមិញ​ដែរ គ្រឹះស្ថានសិក្សា​​សាធារណៈ និង​ឯកជន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ចូលរៀន​វិញ បន្ទាប់ពី​ឱ្យ​សម្រាក​ ២ ​សប្តាហ៍​ដោយសារ​ព្រឹត្តិការណ៍​ ៣ ​វិច្ឆិកា​។

ទាក់ទង​នឹង​ការចូល​រៀន​ឡើងវិញ​នេះ​លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ពី​​ម្សិលមិញ​ថា ជាទូទៅ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​នៅ​រាជធានី​ភ្នំពេញ​​ និង​ទីរួមខេត្ត​កណ្តាល​ក្រោយ​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​ ៣ វិច្ឆិកា គឺ​បាន​​ប្រព្រឹត្ត​ទៅដោយ​រលូន​តាម​ការគ្រោង​ទុក និង​មាន​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចុះ​ថ្ងៃទី ៤ សីហា ២០២០​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួង​​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែង​អំណរគុណ និង​សូម​អំពាវនាវ​ដល់​​បុគ្គលិក​អប់រំ គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​គ្រប់ភាគី​ពាក់ព័ន្ធ សូម​បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចុះ​ថ្ងៃទី​ ៤ ខែ សីហា ឆ្នាំ​ ២០២០ និង​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​»​។

បើតាម​លោក រស់ សុវាចា សិស្សានុសិស្ស និង​បេក្ខជន​ប្រឡង​កំពុង​បន្ត​រៀនសូត្រ​តាម​បែប​ចម្រុះ គឺ​រៀន​នៅក្នុង​ថ្នាក់​ផង និង​រៀន​តាម​អនឡាញ​ផង អមដោយ​ក្រដាស​កិច្ចការ​ជំនួយ​​ និង​សៀវភៅ​សិក្សា​គោល ជាពិសេស​​បន្ត​អនុវត្ត​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​ក្នុង​ការសិក្សា​៕