ភ្នំពេញៈ ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី ២៥ ឧសភា បានសម្រេចឲ្យប្រធានមន្ទីរមុខងារសាធារណៈតាមរាជធានីខេត្តផ្អាកជាបណ្ដោះអាសន្ននូវការបើកប្រាក់កម្រៃម៉ោងបន្ថែមរបស់គ្រូដែលត្រូវបានចាត់តាំងឲ្យទៅបង្រៀន ដូចជាការបង្រៀន ២ ថ្នាក់ ២ វេន ការបង្រៀនគួបគ្រប់កម្រិត និងការបង្រៀនម៉ោងបន្ថែម។
យោងតាមលិខិតកាលពីថ្ងៃទី ២៥ ខែឧសភា ដែលបានចុះហត្ថលេខាដោយលោក ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈបានឲ្យដឹងថា ការផ្អាកការផ្ដល់ទិដ្ឋាការជាបណ្ដោះអាសន្នសម្រាប់ការផ្ដល់ប្រាក់កម្រៃគ្រូបង្រៀន ដែលបានដាក់ទៅប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ដ នោះធ្វើឡើងស្របតាមស្ថានភាពដែលគ្រឹះស្ថានសិក្សាគ្រប់កម្រិតនៃក្រសួងអប់រំ យុវជន និងកីឡាត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ ដោយសារជំងឺកូវីដ ១៩។
លោក សុខា បានអះអាងថា៖ «ការផ្អាកនេះក៏ធ្វើឡើងដើម្បីគ្រប់គ្រងការបើកផ្ដល់ប្រាក់កម្រៃគ្រូបង្រៀន ២ ថ្នាក់ ២ វេន គ្រូបង្រៀនថ្នាក់គួបគ្រប់កម្រិត និងគ្រូបង្រៀនរបបម៉ោងបន្ថែមសមស្របតាមវិធានការរបស់រាជរដ្ឋាភិបាលស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ»។
យោងតាមសេចក្ដីនៅក្នុងលិខិតដដែលនោះលោក សុខា បានណែនាំដល់ប្រធានមន្ទីរមុខងារសាធារណៈ រាជធានី ខេត្ដ ទាំងអស់ ១- ផ្អាកការផ្ដល់ទិដ្ឋាការប្រាក់កម្រៃប្រចាំខែគ្រូបង្រៀនពីថ្នាក់ ២ វេន គ្រូបង្រៀនថ្នាក់គួបគ្រប់កម្រិត និងគ្រូបង្រៀនរបបម៉ោងបន្ថែមចាប់ពីពេលនេះតទៅរហូតមានការជូនដំណឹងជាថ្មី។ ២-ក្នុងករណីដែលមានការបើកផ្ដល់ប្រាក់កម្រៃជូនគ្រូបង្រៀនខាងលើនាពេលកន្លងមកក្រសួងមុខងារសាធារណៈនឹងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយក្នុងការទូទាត់ថវិកានេះវិញ។
លោក ឈឿន ប៊ុណ្ណារ័ត្ន អ្នកនាំពាក្យក្រសួងមុខងារសាធារណៈបានថ្លែងកាលពីម្សិលមិញថាការផ្អាកការផ្តល់ទិដ្ឋាការនេះគឺមានន័យថា មន្ទីរមុខងារសាធារណៈរាជធានី ខេត្ដត្រូវផ្អាកផ្តល់ការឯកភាពចំពោះសំណុំឯកសារស្នើសុំបើកប្រាក់កម្រៃ (ម៉ោងបន្ថែម) ប្រចាំខែ។
លោកថ្លែងថា៖ «បច្ចុប្បន្នក្រសួងមុខងារសាធារណៈបានផ្អាកទិដ្ឋាការតែគ្រូបង្រៀនទាំង ៣ ប្រភេទនេះទេ (គ្រូបង្រៀន ២ ថ្នាក់ ២ វេន គ្រូបង្រៀនថ្នាក់គួបគ្រប់កម្រិត និងគ្រូបង្រៀនរបបម៉ោងបន្ថែម)។ ឯប្រាក់បៀវត្សរ៍ ប្រចាំខែ (គ្រូបង្រៀន) នៅបន្តបើកផ្តល់តាមធម្មតា»។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា (CITA) បានថ្លែងកាលពីម្សិលមិញថា ការផ្អាកបណ្ដោះអាសន្ននូវការផ្ដល់ប្រាក់កម្រៃដល់គ្រូបង្រៀនទាំង ៣ កម្រិតជាការមិនសមរម្យព្រោះគ្រូបង្រៀនមិនមែនជាអ្នកមានចេតនាក្នុងការផ្អាកការបង្រៀននោះទេ ប៉ុន្ដែជាវិធានរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩។
អ្នកស្រីថ្លែងថា៖ «ធម្មតាគ្រូៗជាអ្នកបង្រៀនដោយផ្ទាល់ ដូច្នេះអ្វីដែលជាពលកម្មរបស់គ្រូគួរតែទទួលបានកម្រៃឲ្យស័ក្តិសម។ ប៉ុន្ដែនេះដោយសារតែបញ្ហាជំងឺកូវីដមិនមែនជាចេតនារបស់គ្រូបង្រៀនក្នុងការឈប់បង្រៀននោះទេ គឺក្រសួង ក៏ដូចជារាជរដ្ឋាភិបាលជាអ្នកចេញការណែនាំឲ្យពួកគាត់ឈប់បង្រៀនបែបនេះ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡាបានថ្លែងថា ការផ្អាកផ្ដល់ទិដ្ឋាការជាបណ្ដោះអាសន្ន គឺជាការផ្អាកជាបណ្តោះអាសន្ននៃការផ្ដល់ប្រាក់កម្រៃ (ប្រាក់ឧបត្ថម្ភបន្ថែម) គ្រូបង្រៀន ២ ថ្នាក់ ២ វេន គ្រូបង្រៀនថ្នាក់គួបគ្រប់កម្រិត និងគ្រូបង្រៀនរបបម៉ោងបន្ថែម ប៉ុន្តែចំពោះប្រាក់ខែអចិន្រៃ្តយ៍នៅតែបន្តបើកជូនគ្រូបង្រៀនក្របខ័ណ្ឌទាំងអស់ក្នុងនិន្នាការកូវីដ១៩។
លោក សុវាចា បានថ្លែងឲ្យដឹងថា៖ «ចំពោះការផ្អាកនេះគឺស្របពេលដែលក្រសួងអប់រំយុវជន និងកីឡាបានប្រកាសវិស្សមកាលតូច និងការឈប់សម្រាកមុនពេលកំណត់ និងការប្រកាសពន្យារពេលចូលរៀនឡើងវិញ។ សម្រាប់ចន្លោះពេលនេះគ្រូបង្រៀនពាក់ព័ន្ធទាំងអស់នោះក៏ពុំមានថ្នាក់បន្ថែមដែរ។ កត្តានេះជាការឆ្លើយតបសមស្របតាមវិធានការរបស់រាជរដ្ឋាភិបាលស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ»៕