ភ្នំពេញ: សកម្មភាព​បោស​សម្អាត​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភណ្ឌ​​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា កំពុង​ជួប​បញ្ហា​ប្រឈម​ដោ​យ​​កង្វះ​ថវិកា និង​ធនធាន​មនុស្ស បើ​ទោះ​បី​ជា​​សហរដ្ឋអាមេរិក​ ទើ​បតែ​ផ្ដល់​ថវិកា​ឲ្យ​មជ្ឈ​មណ្ឌ​ល​សកម្ម​ភាព​កំចា​ត់មីន​ក​ម្ពុ​ជា (CMAC) ចំនួន ២ លាន​​ដុល្លារ​សម្រាប់​បម្រើ​ក្នុង​វិស័យ​នេះក៏​ដោយ​។ នេះ​បើ​តាម​លោក លី ធុជ ​ដែល​បាន​ថ្លែង​ពី​ម្សិលមិញ។

ទេសរដ្ឋមន្ត្រី​ ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន លោក លី ធុជ ​​បាន​ថ្លែង​បែប​នេះ​បន្ទា​ប់ពី​បញ្ចប់​កម្មវិធី «ទិវា​អន្តរជាតិ​ ស្តីពី​ការយល់ដឹង​អំពី​មីន និង​ការ​ផ្តល់ជំនួយ​ក្នុង​វិស័យ​សក​ម្ម​​ភាព​មីន» ដើម្បី​លើក​កម្ពស់​ការយល់ដឹង​ពី​មីននិង​សំណ​ល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​សន្តិ​ភា​ព និង​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​តា​ម​​មូល​ដ្ឋាន ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន ​សម្រា​ប់​សកម្មភាព​មីន (ARMAC) និង​មានការ​ចូល​រួម​ពី​យុវជន​ក្នុង​តំប​ន់​​អាស៊ាន​សរុប​ប្រមាណ ៤០០ នាក់​នៅ​មជ្ឈ​​មណ្ឌល​មិត្តភាព​កម្ពុជា​-កូរ៉េ CKCC។

លោក លី ធុជ បាន​ថ្លែងថា សកម្មភាព​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ត្រូវបា​ន​រដ្ឋាភិបាល​ដាក់ចេញ​នូវ​ផែនការ​​ច្បាស់លាស់​រួចរាល់​អស់ ហើយ ប៉ុន្ដែ​នៅមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដូចជា កង្វះ​ថវិកា និង​បញ្ហា​ធន​ធាន​មនុស្ស ព្រោះ​​ធនធាន​មនុស្ស​ ដែល​ប្រើប្រាស់​សព្វ​ថ្ងៃនេះ មន្ត្រី​អ្នកដោះមីន​ មាន​ចំនួន ២ ៥០​០ នាក់ ក្នុងនោះ​មួយ​ចំនួនធំមាន​វ័យ​កាន់តែ​ចាស់ និង​ខ្លះ​មាន​ជំងឺ​ប្រចាំ​កាយ ដែល​មិន​អាច​បន្ត​ការងារ​នេះ​បាន​ទេ។

លោក​បន្តថា ធនធានមនុស្ស​ដែល​អាច​ប្រើប្រាស់​ក្នុង​វិស័យនេះ គឺ​ត្រូវមាន​ស្មារតី​រឹងមាំ កម្លាំង​ខ្លាំងក្លា និង​មាន​​សុខ​ភាព​ល្អ ព្រោះ​វា​ជាការ​ងារ​មួយ​ប្រកប​ដោ​យ​គ្រោះថ្នាក់​បំផុត ហើយ​បើ​ធ្វើ​ការងារ​មិនបាន​ប្រុង​ប្រយ័​ត្ន​ខ្ពស់​ទេ វា​អាច​នឹង​បង្ក​ជា​ហា​និភ័យ​ដល់​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន​ផងដែរ។

លោក លី ធុជ បញ្ជាក់ថា៖ «​ការងារ​បោសសម្អាត​មីន​​ជា​បញ្ហា​ធំ​បំផុត គឺ​លុយ​ហ្នឹង​ហើ​យ ព្រោះ​យើង​គិត​ជា​ម៉ែត្រការ៉េ ចេញ​​​ជាត​ម្លៃ​តែម្ដង។ ក្នុង​នោះ រដ្ឋាភិបាល​យើង ​បាន​ជួយ​ក្នុង​ ១ ឆ្នាំ​ជិត ១០ លាន​ដុល្លារហើ​យ​​​ក៏មាន​ម្ចាស់ជំនួយ​ដូចជា អា​មេរិក ជប៉ុន អូស្ដ្រាលី អង់​គ្លេស អង្គការ​សហ​ប្រជា​ជាតិ និង​ប្រទេស​ផ្សេងៗទៀត តែ​យ៉ាង​ណា​ នៅ​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ»។

លោក​បន្ថែមថា សព្វថ្ងៃនេះ អាជ្ញាធរ​មីន​កំពុង​ពិភាក្សា​ជាមួយ​មេបញ្ជាការ​កងទ័ព​ជើង​​គោកដែលលោក ហ៊ុន ម៉ា​ណែ​ត ជា​អ្នកគ្រប់គ្រង ដើម្បី​ស្នើសុំ​កម្លាំង​មួយចំនួន​មក​សិក្សា និងមក​ចូលរួម​ការងារ​មនុស្ស​ធម៌​ផ្នែក​បោសសម្អាត​មីន​នេះ​។ ក្នុងនោះ អាជ្ញាធរ​មីន​ជំរុញ​ឲ្យ​សិក្សា​បង្រួម​ទីតាំង​ភូមិសាស្ដ្រ​មីន​ឲ្យ​ចំ​គោលដៅ ដើម្បី​ដាក់​កម្លាំង​ឲ្យ​ត្រូវ​មុខ​សញ្ញា​​មាន​ មីន និង​ត្រូវ​សម្រួច​ផែនការ​ឲ្យ​ចប់​នៅ​​ត្រឹម​ឆ្នាំ ២០២៥ ខាងមុខ។

លោក ផានី​យ៉ា​រ៉ា​ក់ ភូ​ល​ធូប (Panyarak Poolthup) ឯកអគ្គរាជទូត ​នៃ​ប្រទេស​ថៃ​ ប្រចាំ​កម្ពុជានិង​ជា​ប្រធាន​គណ​កម្មាធិការ​អចិន្រៃ្ត​យ៍​រប​ស់​​មជ្ឈ​​មណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) បាន​ថ្លែងថា ARMAC បាន​ខិតខំ​គាំទ្រ​ ក្នុងការ​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ ​ពី​សង្គ្រាម​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន ជាពិសេស​នៅ​កម្ពុជា។

លោក​បន្តថា ARMAC ជា​មជ្ឈមណ្ឌល​ ត្រូវបាន​បើក​ដំណើរការ​កាលពី​ខែ ឧស​ភា ឆ្នាំ ២០១៦ ក្នុង​គោល បំណង ដើម្បី​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​សមូហភាព​ក្នុង​ទិដ្ឋភាព​មនុ​ស្សធម៌​តាមរយៈ​វិធីសាស្ត្រ​រួម​ ក្នុង​ការ​ចែករំលែក​បទ​ពិសោធ បណ្តុះបណ្តាល​ជំនាញ និង​សកម្ម​ភាព​ក្នុងការ​ពង្រឹង​សមត្ថភាព​ផ្សេង​ទៀត។

លោក​បញ្ជា​ក់​ថា៖ «វត្តមាន​របស់​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺជា​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព​មនុស្ស​ជា​តិ ឧបសគ្គ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម និង​ជា​បញ្ហា​សម្រាប់​ការងារ​មនុស្សធម៌​ក្នុង​តំបន់​អាស៊ាន​ទាំងមូល មិន​ត្រឹមតែ​កម្ពុ​ជ​មួយ​ប៉ុណ្ណោះ​ទេ»។

ក្នុង​ក្ដីកង្វល់​នេះ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (CMAC) បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​លោ​ក​​នៅ​ថ្ងៃទី ៣ មេសា​​ ថា អង្គភាព CMAC និង​អង្គការ NPA បាន​ចុះហត្ថលេខាលើ​​កិច្ចព្រម​ព្រៀ​ង​កិច្ច សហ​ប្រ​តិប​ត្តិ​ការ​​ជា​ដៃគូ​ លើ​គម្រោង​ស្រាវជ្រាវ​ព័ត៌មាន និង​បោសសម្អាត​សំណល់​គ្រាប់​បែក​ចង្កោម​រួចរាល់​ហើយ។

លោក​បន្តថា គម្រោង​នេះ មាន​រយ:ពេល ១២ ខែ​គឺ​គិត​ចា​ប់​​ពី​ថ្ងៃ​ទី ០១ ខែ ​មីនា ឆ្នាំ ២០១​៩ ដល់​ថ្ងៃ​ទី ២៩ ខែ​ កុម្ភៈ ឆ្នាំ ២០​២០ ដែលមាន​ទឹក​ប្រាក់​​ចំនួន ២ លា​ន​​ដុល្លារ​អាមេរិក ហើយ​រំដោះ​ផ្ទៃដី​គ្រាប់​បែក​ចង្កោម​ចំនួន ២ ៦០០ ហិកតា ការ​ស្រា​វជ្រាវ​បច្ចេកទេស​ចំនួន ៣ ២​០​០ ​​ហិកតា និង​ឆ្លើយតប​បន្ទាន់​ចំនួន ២ ០០០ សំណើ។ «ទន្ទឹ​មនឹង​នេះ ចម្ការ​គ្រាប់បែក​ចង្កោម​ដែល​យើង​បានដឹង និង​មិន​ទាន់​​បោស​សម្អាត​នៅ​ឡើយ មាន​ចំនួន​ជាង ៧៣ ០០០ ហិកតា»។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​កម្ពុជា​ គ្រប់គ្រង​សកម្មភាព​កំចាត់មីន​ និង​សង្គ្រោះ​ជនពិការ​ដោយ​សារ​មីន​ចុះ​ថ្ងៃ ១​៥ មីនា​ បាន​ឲ្យ​ដឹង​ថា ថ្មីៗនេះ អត្រា​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​ការផ្ទុះ​មីន ​និង​គ្រាប់​ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

ចាប់ពី​ខែម​ក​រា​​​ដល់​​ថ្ងៃទី ៤ ខែ​ មេសា ឆ្នាំ ២០​១​៩ មាន​ជនរងគ្រោះ​ស្លាប់​ពិការ និ​ង​របួស​ដោយ​សារ​គ្រាប់​មីន​សរុប​ចំនួន ៤៤ នាក់ ក្នុងនោះ​ជន​រងគ្រោះ​មាន​នៅ​ខេត្ត​ឧ​ត្ត​រ​មា​នជ័យ បាត់ដំបង រតនគិរី ត្បូងឃ្មុំ​និង​ខេត្ត​មួយ​ចំនួន​ទៀត៕