ភ្នំពេញៈ ការប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៨ ខែមករា​នេះ ​នឹង​មាន​ការរឹតបន្តឹង​ពី​ចំនួន​អ្នក​ចូលរួម ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ដោយ​ត្រូវ​កំណត់​ចំនួន​ព្រះសង្ឃ​ដែល​និមន្ត​ចូលរួម​ត្រឹមតែ ៨០ ​អង្គ​ប៉ុណ្ណោះ​។

លោក​ យឹម លាង អគ្គស្នងការរង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា នា​ព្រឹក​ថ្ងៃទី​ ២៦ ខែមករា នៅ​នាយកដ្ឋាន​អង្គរក្យ​ថា ការប្រារព្ធ​ពិធីបុណ្យ​មាឃបូជា ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​ ២៨ ខែមករា នឹងធ្វើ​ឡើង​ដោយ​មាន​ការរឹតបន្តឹង​បំផុត ដោយ​ត្រូវ​កំណត់​ចំនួន​ព្រះសង្ឃ ហើយ​អ្នក​ដែល​ចូលរួម​ក៏ត្រូវ​កម្រិត​ផងដែរ​។

លោក​ លាង ​ឱ្យ​ដឹងថា​៖ «​ការប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នៅក្នុង​បរិវេណ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះរាជទ្រព្យ (​ឧដុង្គ​) នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​ឆ្នាំនេះ​គឺ​មិន​ដូច​ឆ្នាំ​កន្លងទៅ​នោះឡើយ ដោយសារ​បញ្ហា​ជំងឺ​កូវីដ ​១៩​។ ប៉ុន្តែ​សម្រាប់​កងកម្លាំង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​គឺ​នៅមាន​ការយាម​យ៉ាង​តឹងរ៉ឹង​ដដែល​បើទោះបី​ជា​អ្នកចូលរួម​តម្រូវ​ឱ្យ​មាន​កម្រិត​ក៏ដោយ​»​។

កងកម្លាំង​ចម្រុះ​ដែល​នឹងត្រូវ​ដាក់ពង្រាយ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រួម​នឹង​ពុទ្ធបរិស័ទ​ក្នុង​ឱកាស​បុណ្យ​នេះ គឺ​ចាប់ពី​រាជធានី​ភ្នំពេញ​រហូត​ទៅដល់​បណ្តា​ខេត្ត​ជាប់​នឹង​ព្រំប្រទល់​ខេត្ត​ដែល​រៀបចំ​ពិធី​នេះ​។

លោក​បន្តថា​៖ «​បើទោះបី​ជា​ពិធីបុណ្យ​មាឃបូជា​នៅ​ឆ្នាំនេះ មាន​ការរឹតបន្តឹង​ទៅ​លើ​ចំនួន​នៃ​អ្នកចូលរួម​យ៉ាងណា​ក្តី​ខ្ញុំ​សុំឱ្យ​គ្រប់​អង្គភាព​ដែលជា​អ្នកយាម​ការពារ​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ឱ្យបាន​ខ្ពស់បំផុត​ចំពោះ​ឥស្សរជន ថ្នាក់ដឹកនាំ និង​អង្គទូត​នានា​ដែល​នឹងត្រូវ​ចូលរួម​ក្នុង​កម្មវិធី​នេះ​»​។

ជាមួយ​គ្នា​នេះ​ដែរ អគ្គស្នងការរង​រូបនេះ ក៏បាន​បញ្ជា​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ក៏ត្រូវ​ធ្វើការ​តាមដាន​ឱ្យ​បាន​ហ្មត់ចត់​បំផុត​ចំពោះ​ពួក​ភេរវករ ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​រួមទាំង​ក្រុម​ចោរលួច ឆក់ និង​ប្លន់​ដែល​ពួកគាត់​នៅតែ​ចិញ្ចឹម​ចិត្ត​ក្នុង​ការរំខាន​ក្នុង​ពិធីបុណ្យ​នេះ​។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា​លោក​ ឈិត សុខុន ក៏បាន​ធ្វើការ​ណែនាំ​ទៅគ្រប់​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី-ខេត្ត​ទាំងអស់​ទូទាំង​ប្រទេស​ដោយ​ត្រូវ​ចាត់​វត្ត​អារាម​រៀបចំ​ពិធីបុណ្យ​មាឃបូជា​ស្រប​តាម​ទំនៀមទម្លាប់​ និង​ប្រពៃណីជាតិ​។

លោក​បាន​ថ្លែងថា​៖ «​ត្រូវ​ជ្រើសតាំង​វត្ត​អារាម​ណាមួយ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា ជា​ផ្លូវការ​ដោយ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​វិធាន​នានា​របស់​ក្រសួង​សុខាភិបាល និង​តាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​»​។

លោក​ ឈិត សុខុន បញ្ជាក់​ថា​ក្រសួង​សង្ឃឹម​ និង​ជឿជាក់​លើ​ស្មារតី​ទទួល​ខុសត្រូវ​របស់​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី-ខេត្ត​សហការ​ជាមួយ​ព្រះមេគណ ព្រះអនុគណ​គ្រប់​ស្រុក-ខណ្ឌ-ក្រុង​ព្រះចៅអធិការ​គ្រប់​វត្ត អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

បើតាម​ឯកសារ បុណ្យ​មាឃបូជា​គឺជា​ពិធីបុណ្យ​មួយ ដែល​ពុទ្ធសាសនិកជន អ្នក​កាន់​ព្រះពុទ្ធសាសនា​គ្រប់​ប្រទេស តែង​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​រៀងរាល់​ថ្ងៃ​ ១៥ ​កើត ខែ​មាឃ ដើម្បី​រំឭក​ទៅ​ដល់​ព្រឹត្តិការណ៍​ដ៏សំខាន់​ចំនួន ២ ដែល​បាន​កើតឡើង នៅក្នុង​ពេលដែល​ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ​។

ព្រឹត្តិការណ៍​សំខាន់​ទី​ ១ ​គឺ​ពេលដែល​ព្រះអង្គ​ទ្រង់​ប្រជុំ​ព្រះភិក្ខុសង្ឃ​ចំនួន ១ ២៥០ ​អង្គ​ជា​ការប្រជុំ​លើកដំបូង ដើម្បី​ប្រកាស​នូវ​គោលការណ៍​មូលដ្ឋាន​នៃ​សាសនា​ដែល​ហៅថា ឱវាទបាតិមោក្ខ និង​ព្រឹត្តិការណ៍​ទី​ ២ គឺ​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ដែល​ព្រះពុទ្ធអង្គ​ទ្រង់​ប្រកាស​ដាក់​ព្រះជន្មាយុ​សង្ខារ​នៅ​ចំពោះមុខ​មារ​៕