ភ្នំពេញៈ ការ​សិក្សា​ថ្មី​មួយ​បាន​ធ្វើ​ទឡ្ហីករណ៍​ថា​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងៗ​សម្រាប់​ការ​គាំពារ​សង្គម​តាមរយៈ​ការ​ផ្តល់​ឲ្យ​នូវ​ឧបករណ៍​កសិកម្ម​ ឬ​បសុសត្វ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ផ្តល់​ប្រាក់​ទៅ​ពលរដ្ឋ​ក្រីក្រ​ខ្លាំង​នៅ​តាម​ជនបទ មិន​ត្រឹម​តែ​អាច​កាត់​បន្ថយ​ភាព​​ក្រីក្រ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជំរុញ​សេដ្ឋកិច្ច​ផង​ដែរ​។

កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ចុង​សប្តាហ៍​មុន​បាន​ចេញ​របាយការណ៍​ដែល​ប្រើប្រាស់​រូបមន្ត​ពិសេស​មួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ដើម្បី​ជំរុញ​ផល​នៃ​ការ​ផ្តល់​ «​កញ្ចប់​ការពារ​សង្គម​» ​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​មួយ​លាន​នាក់​ដែល​ក្រីក្រ​ខ្លាំង​។

លោកស្រី Stephanie Levy ដែល​ជា​អ្នក​ស្រាវជ្រាវ​នៅ​សាលា​សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ​ទីក្រុង​ឡុងដ៍ និង​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​ថ្លែង​ថា​លទ្ធផល​រកឃើញ​នេះ​បង្ហាញ​ថា​សេវា​ទាំង​នេះ​អាច​ធ្វើឲ្យ​អ្នក​ចូលរួម​ចាកចេញ​ផុត​ពី​ភាព​ក្រីក្រ​អចិន្រៃ្តយ៍ និង​លែង​ពឹង​ផ្អែក​លើ​ការ​គាំពារ​សង្គម​ទៀត​។

លោកស្រី​ថ្លែង​ថា​៖ «​ភ័ស្តុតាង​ពី​ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា​មាន​អត្ថប្រយោជន៍​ពិសេស​ពី​វិធីសាស្ត្រ​នេះ​ដែល​រួម​បញ្ចូល​ផលប៉ះពាល់​នៃ​ភាព​ក្រីក្រ​រួម​ជាមួយ​នឹង​ផលប៉ះពាល់​សេដ្ឋកិច្ច​រយៈពេល​វែង​»​។

លោក Richard Marshall អ្នក​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​សម្រាប់ UNDP ប្រចាំ​កម្ពុជា​ថា​៖ «​កញ្ចប់​ទាំង​នេះ​មាន​គោល​បំណង​ចំណាយ​សម្រាប់​ពួកគេ​ខ្លួន​ឯង​»​។

លោកស្រី Levy បន្ថែម​ថា​ទោះ​យ៉ាង​ណា​ក្តី​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​ប៉ាន់​ប្រមាណ​ថា តើ​វា​នឹង​ចំណាយ​រយៈពេល​ប៉ុន្មាន​សម្រាប់​កម្មវិធី​ទាំង​នេះ​ដើម្បី​ចំណាយ​សម្រាប់​ពួកគេ​ខ្លួនឯង ខណៈ​ពួកគេ​ត្រូវ​បាន​ឃើញ​ថា​ជា​ផល​កើត​ចេញ​ពី​ការ​វិនិយោគ​ដែល​ត្រូវ​បាន​វាស់វែង​ដោយ​កំណើន​នៅ​ក្នុង GDP និង​ផលិតភាព​កសិកម្ម​។

របាយការណ៍​នៃ​ការ​សិក្សា​នោះ​បញ្ជាក់​ថា​លទ្ធផល​នៃ​ការ​ធ្វើ​ពិសោធ​ក៏​បង្ហាញ​ផង​ដែរ អំពី​ផលប៉ះពាល់​ទាំង​លើ​ភាព​ក្រីក្រ​នឹង​កំណើន​សេដ្ឋកិច្ច​នៅ​អំឡុង​ពេល​នៃ​ការ​អនុវត្ដ​កម្មវិធី​នោះ​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​មាន​ភ័ស្តុតាង​ដែល​គាំទ្រ​ដល់​កំណើន​នៃ​ការ​ទទួល​ស្គាល់​លើ​ប្រភេទ​វិធីសាស្ត្រ​បែប​នេះ​ថា​ជា​ឧបករណ៍​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​ ប៉ុន្តែ​ពេល​ខ្លះ​យន្តការ​បញ្ចប់​ភាព​ទីទាល់​ក្រ​ដែល​ផ្អែក​លើ​កិច្ច​គាំពារ​សង្គម​តែ​មួយ​គឺ​មិន​អាច​សម្រេច​បាន​នោះ​ទេ​។

លោកស្រី Maki Kato ប្រធាន​ផ្នែក​គោល​នយោបាយ​សង្គម​របស់​អង្គការ UNICEF ប្រចាំ​កម្ពុជា​ថ្លែង​ថា​៖ «​បទពិសោធ​នៃ​យន្តការ​បញ្ចប់​ភាព​ទីទាល់​ក្រ ដែល​ផ្អែក​លើ​កិច្ចគាំពារ​សង្គម​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រសិន​បើ​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​បាន​ត្រឹមត្រូវ​...​នោះ​យន្តការ​បញ្ចប់​ភាព​ទីទាល់ក្រ​ដែល​ផ្អែក​លើ​កិច្ច​គាំពារ​សង្គម​នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​ទៅ​លើ​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​មនុស្ស​»​។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល (NGO Forum) ថ្លែង​ថា​វិធីសាស្ត្រ​បែប​នេះ​អាច​ល្អ ប៉ុន្តែ​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឱ្យ​កសិករ​កាន់​តែ​មាន​ទីផ្សារ​ច្រើន​ទៀត​។

លោកស្រី Levy បាន​ថ្លែង​ថា​ក្តីសង្ឃឹម​គឺ​ថា​ការ​សិក្សា​នេះ​អាច​ចាប់ផ្តើម​ការ​ជជែក​វែកញែក​បាន​ខណៈ​ដែល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​ថ្នាក់​ជាតិ​របស់​ខ្លួន ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​មុន​។

លោក Marshall បាន​ថ្លែង​ថា​ជំហាន​បន្ទាប់​គឺ​អភិវឌ្ឍ​គម្រោង​សាកល្បង​ដើម្បី​ឆ្លើយ​សំណួរ​អំពី​ការ​អនុវត្ត​ជាក់ស្តែង និង​អ្នក​ដែល​មាន​លក្ខណៈ​សមស្រប​ក្នុង​ការ​អនុវត្ត​នូវ​កម្មវិធី​នោះ​៕ NS/PS