ភ្នំពេញៈ ក្រសួងការងារប្រកាសយកថ្ងៃសុក្រនេះជាថ្ងៃពិភាក្សាសម្រេចចុងក្រោយពីការកំណត់តួលេខប្រាក់ឈ្នួលកម្មកររបស់ភាគីនីមួយៗដែលអាចឈានដល់ការបោះឆ្នោតសម្រេច បើគ្មានតួលេខស្របគ្នា ខណៈដែលអ្នកនាំពាក្យក្រសួងនេះអះអាងថា រដ្ឋមន្ត្រីក្រសួងការងារនឹងពិចារណាចេញប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំខាងមុខ ក្រោយពីទទួលបានលទ្ធផលនៃការបោះឆ្នោត។
ការសម្រេចបែបនេះបន្ទាប់ពីភាគីទាំង ៣ មានតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងក្រសួងការងារ ជាសមាសភាពក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានធ្វើការជួបប្រជុំពិភាក្សាចំនួន ៥ ថ្ងៃ ឬស្មើនឹង ១៨ លើករួចមកហើយចាប់តាំងពីចុងខែសីហា។
សម្រាប់លទ្ធផលប្រជុំចុងក្រោយត្រូវបានក្រសួងប្រកាសថា តួលេខនីមួយៗនៅមានគម្លាតឆ្ងាយ ទោះបីជាបានប្រជុំពិភាក្សាជាលក្ខណៈផ្ទៃក្នុង លក្ខណៈទ្វេភាគី និងជាលក្ខណៈត្រីភាគីជាច្រើនលើកក៏ដោយ។ ជំហរចុងក្រោយភាគីនិយោជកកំណត់យកតួលេខ ១៨៦ ដុល្លារ រីឯជំហររបស់ភាគីសហជីព ១៩៥ ដុល្លារ ខណៈតួលេខរបស់ក្រសួង ១៨៧ ដុល្លារដែលតួលេខផ្អែកលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា នៅពេលភាគីនីមួយៗប្រជុំជាច្រើនលើក និងបានបញ្ជាក់នូវគោលជំហរចុងក្រោយរបស់ខ្លួនក៏ដោយ ប៉ុន្តែបើគោលជំហរចុងក្រោយនៃភាគីនីមួយៗខុសគ្នានឹងត្រូវលើកឲ្យមានកិច្ចប្រជុំមួយផ្សេងទៀត ដើម្បីឲ្យមានការបោះឆ្នោត ឬមួយក៏ពិភាក្សាជាចុងក្រោយម្តងទៀត។
លោកបន្ថែមថា តាមការគ្រោងទុក តួលេខចុងក្រោយរបស់ភាគីនីមួយៗនេះនឹងត្រូវយកមកសម្របសម្រួលក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅថ្ងៃទី ២០ នេះ។ បើសិនជាមិនមានការឯកភាពគ្នាលើតួលេខណាមួយទេនឹងចាប់ផ្តើមដំណើរការបោះឆ្នោតលើតួលេខទាំង ៣ តែម្តង បន្ទាប់មកនឹងយកលទ្ធផលបោះឆ្នោតនេះដាក់ឱ្យលោកអ៊ិត សំហេង សម្រេច។
លោកបញ្ជាក់ថា៖ «យោងទៅលើនីតិវិធីដែលបានឯកភាពគ្នា និងមានចែងនៅក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ប្រសិនជានៅថ្ងៃទី ២០ នៅតែមិនមានការឯកភាពគ្នា នោះគឺក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងធ្វើការបោះឆ្នោតលើតួលេខទាំងនោះ។ តួលេខដែលទទួលបានសំឡេងច្រើននឹងក្លាយជាតួលេខផ្លូវការសម្រាប់ផ្តល់ជាអនុសាសន៍ដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិចារណា និងសម្រេចចេញប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២០»។
ក្រៅពីតួលេខទាំង ៣ មានលក្ខណៈខុសគ្នាភាគីខាងសហជីពក៏បានលើកសំណើជាច្រើនចំណុចឲ្យក្រសួងពិចារណាសម្រាប់ផ្តល់ជាអត្ថប្រយោជន៍ដល់កម្មករផងដែរ។ សំណើមានដូចជាការផ្តល់អាហារថ្ងៃត្រង់ ឬប្រាក់ថ្លៃអាហារ ១ ដុល្លារ ការផ្តល់ជាមធ្យោបាយដឹកជញ្ជូនកម្មករប្រកបដោយសុវត្ថិភាពជាបន្ទុករបស់និយោជក។ សុំរក្សាថ្ងៃឈប់សម្រាកមួយចំនួនមកវិញ និងការពង្រីកវិសាលភាពប្រាក់ឈ្នួលអប្បបរមាលើវិស័យមួយចំនួនដូចជា វិស័យទេសចរណ៍ សេវាកម្ម និងសំណង់ជាដើម។
អ្នកស្រី យ៉ាង សាមាន វ័យ ២៨ ឆ្នាំជាកម្មការិនីរោងចក្រប្រមាណ ១៣ ឆ្នាំមកហើយនោះ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បើឆ្នាំ ២០២០ ប្រាក់ខែអប្បបរមានេះអាចឡើងត្រឹម ៥ ទៅ ៦ ដុល្លារតាមតួលេខរបស់ក្រសួងការងារ និងនិយោជកមែននោះ វាមិនអាចឲ្យកម្មករដូចអ្នកស្រីទទួលបានអត្ថប្រយោជន៍ពីការដំឡើងនេះទេ។
ការអះអាងដូច្នេះដោយអ្នកស្រីសំអាងថាគ្រាន់តែអំឡុងពេលចរចាប្រាក់ឈ្នួលដែលកម្មករមិនទាន់ទាំងទទួលបានផងតាមបណ្តាផ្ទះជួលរបស់កម្មករ ចាប់ផ្តើមដំឡើងថ្លៃបន្ទប់ចន្លោះពី ៥ ទៅ ១០ ដុល្លារបាត់ទៅហើយដែលធ្វើឲ្យកម្មករនៅតែបន្តខ្វះខាត។
អ្នកស្រីអះអាងថា ជាទូទៅកម្មកររោងចក្រម្នាក់ៗ ក៏ដូចជាអ្នកស្រីផ្ទាល់អាចទទួលបានប្រាក់ឈ្នួលប្រចាំខែរបស់ខ្លួនក្នុង ១ ខែៗ ចន្លោះពី ១៨២ ដុល្លារ ទៅ ២៥០ ដុល្លារបូករួមទាំងប្រាក់អត្ថប្រយោជន៍ និងប្រាក់បន្ថែមម៉ោងផ្សេងៗ។ បើផាត់ការចំណាយប្រចាំថ្ងៃទៅអាចឲ្យកម្មករសល់ប្រមាណ ៥០ ដុល្លារប៉ុណ្ណោះក្នុង ១ ខែសម្រាប់ទុកបង្ការពេលមានជំងឺ ឬផ្ញើទៅផ្ទះ ខណៈកម្មករមួយចំនួនស្ទើរតែមិនសល់ផង។
ស្ត្រីរូបនេះបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់សម្តេចតេជោ [ហ៊ុន សែន] និងកិត្តិព្រឹទ្ធបណ្ឌិត [ប៊ុន រ៉ានី] ខ្ញុំសង្ឃឹមថា ពួកគាត់នឹងមើលឃើញពីទុក្ខលំបាករបស់កម្មករយើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា។ ព្រោះអីរាល់ថ្ងៃប្រាក់ខែកម្មករទាំងអស់មិនទាន់មាន [ភាព] សមរម្យទេ។ ខ្ញុំសង្ឃឹមថាគាត់នឹងពិនិត្យមើលឡើងវិញរាល់រោងចក្រទាំងអស់ដែលកំពុងអនុវត្តច្បាប់ទាំងឡាយ ហើយការទាមទារ ១៩៥ ដុល្លារហ្នឹង បើចុះ ១ ដុល្លារ ២ ដុល្លារអីទៀតបានហើយ»។
លោក ណាង សុធី អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាតំណាងអង្គការវិជ្ជាជីវៈរបស់និយោជកប្រាប់ថា៖ «ពីលទ្ធផលដែលយើងយោងខាងលើ នឹងឈានទៅដល់ការបោះឆ្នោតហើយ។ យល់ហើយតួលេខរដ្ឋាភិបាល ១៨៧ ដុល្លារ និយោជក ១៨៦ ដូច្នេះសំឡេង ៣៣ ភាគរយពី ២ ភាគីគឺថាប្រហែលជាសហជីពមិនអាចសម្រេចតាមចិត្តគាត់ចង់បាននោះទេ។ គឺចង់ ឬមិនចង់គឺតួលេខនេះប្រហែលជា ១៨៧ ដុល្លារ»។
លោក ទុន សុភ័ណ អ្នកសម្របសម្រួលនៃអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំកម្ពុជា និយាយថាវាមិនខុសទេចំពោះតួលេខដែលក្រសួងដាក់ចេញនេះ ព្រោះថាបើអត្រាកំណើន ៤ ភាគរយដែលបានគណនាតាមលក្ខណៈបច្ចេកទេស កម្មករអាចទទួលបានប្រមាណជាង ៧ ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលឆ្នាំមុនពីលើ ១៨២ ដុល្លារ។
លោកថា៖ «យើងឃើញតួលេខប្រាក់ឈ្នួលក្នុងវិស័យកាត់ដេររយៈពេល ៥ ឆ្នាំចុងក្រោយនេះគឺឡើងគំហុកមែនទែន អ៊ីចឹងវាអាចទប់ទល់នឹងការដំឡើងថ្លៃទំនិញដែលអាចជួយ (កម្មករ) ខ្លះបាន។ ទាក់ទងទៅនឹងការជួលផ្ទះជួលអី បើរដ្ឋាភិបាលនៅបន្ត (អន្តរាគមន៍) ខ្ញុំគិតថាប្រាក់ឈ្នួលដែលកម្មករបានពិតប្រាកដគឺប្រាក់ដែលកើនពិតប្រាកដមានន័យថា បើឡើងមែន ប៉ុន្តែថ្លៃជួលផ្ទះ ថ្លៃទឹកភ្លើងនៅតែកើនមិនបានដល់កម្មករទេ»៕