
លោកស្រី អ៊ឹង កន្ថាផាវី (ឆ្វេង) ក្នុងទិវាសេរីភាពសារព័ត៌មានកាលពីថ្ងៃទី ៣ ខែឧសភា។ រូបថត សហការី
ភ្នំពេញៈ យោងតាមរបាយការណ៍នៃការសិក្សាថ្មីមួយដែលចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា ស្ត្រីអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ពួកគេបានទទួលរងនូវសម្ពាធការងារជាពិសេសពីក្រុមគ្រួសារដែលព្រួយបារម្ហអំពីសុវត្ថិភាពរបស់ពួកគេ នៅពេលចុះទៅបំពេញការងារ ហើយពួកគេក៏ប្រឈមនឹងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការផងដែរ។ របាយការណ៍នេះចេញផ្សាយចំថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការបង្ក្រាបលើបណ្តាញព័ត៌មានឯករាជ្យ ដែលគេលើកយកមកពិភាក្សាយ៉ាងច្រើនជុំវិញបញ្ហានេះ។
ការសិក្សាដែលជាផ្នែកមួយនៃគម្រោងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានប្រព័ន្ធផ្សព្វផ្សាយ FOJO នៅសាកលវិទ្យាល័យ Linnaeus។ ក្រុមអ្នកស្រាវជ្រាវបានប្រមូលចម្លើយពីអ្នកឆ្លើយតបសរុបចំនួន ១៣១ មកពីអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាដែលតំណាងឱ្យអ្នកសារព័ត៌មានតែ ៦,៥ ភាគរយប៉ុណ្ណោះនៅក្នុងប្រទេស។
ក្រុមអ្នកស្រាវជ្រាវក៏បានរៀបចំការពិភាក្សាជាក្រុមដោយមានអ្នកចូលរួមចំនួន ៤១ នាក់ផងដែរក្នុងនោះមានអ្នកសារព័ត៌មានជាស្ត្រីចំនួន ២៣ នាក់ និងអ្នកសារព័ត៌មានជាបុរសចំនួន ១៨ នាក់។
លោក Jaldeep Katwala ដែលបានជួយធ្វើការស្រាវជ្រាវនេះឲ្យដឹងថា៖ «ការរកឃើញសំខាន់ៗមួយចំនួនគឺថាបុរសមានចំនួនច្រើនជាងស្ត្រី ដែលធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ»។
ក្នុងនោះស្ត្រីដែលកាន់តួនាទីផ្នែកគ្រប់គ្រងក៏នៅតិចជាងបុរសដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានមើលឃើញភ័ស្តុតាងនៃទិដ្ឋភាពដែលកំពុងចាប់ផ្តើមផ្លាស់ប្តូរ។
លោកថ្លែងថា៖ «ការរកឃើញសំខាន់មួយទៀត គឺថាមានសម្ពាធយ៉ាងខ្លាំងទៅលើអ្នកសារព័ត៌មានជាស្ត្រីពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ពីព្រោះពួកគេយល់ថាវាជាអាជីពមួយដ៏គ្រោះថ្នាក់»។
ក្នុងចំណោមអ្នកឆ្លើយសំណួរទាំងអស់មានតែ ៤ នាក់ប៉ុណ្ណោះ ដែលបាននិយាយថា ធ្លាប់ទទួលរងការបៀតបៀនផ្លូវភេទ ប៉ុន្តែមានការលើកឡើងអំពីបញ្ហានេះច្រើនក្នុងអំឡុងពេលកិច្ចពិភាក្សាជាក្រុមដែលធ្វើឱ្យមានការពិបាកក្នុងការផ្ទៀងផ្ទាត់ថាតើបញ្ហានេះរីករាលដាលយ៉ាងដូចម្តេច?
លោកបន្តថា៖ «វាទំនងថាការបៀតបៀនផ្លូវភេទមានអត្រាខ្ពស់ជាងអ្វីដែលបានបង្ហាញនៅក្នុងការស្ទង់មតិរបស់យើង»។ លោក Katwala បានបញ្ជាក់ថា អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺថាមានភាពខុសប្លែកគ្នាក្នុងរបៀបដែលស្ត្រីទាំងនោះបានឆ្លើយតបទៅនឹងសំណួរនៃការបៀតបៀនផ្លូវភេទនេះ បើប្រៀបធៀបទៅនឹងបុរស។
ឧទាហរណ៍អ្នកចូលរួមត្រូវបានសួរថា តើអ្នកគ្រប់គ្រងជាបុរសមានបានចាក់សោបុគ្គលិកជាស្ត្រីនៅក្នុងបន្ទប់ធ្វើការតែពីរនាក់ ហើយមានបានប្រាប់គាត់ថា ត្រូវធ្វើអ្វីដើម្បីទទួលបានការដំឡើងឋានៈទេពីព្រោះបញ្ហានេះគឺត្រូវចាត់ទុកថា ជាការយាយីផ្លូវភេទ។ ស្ត្រីចំនួន ៤០ ភាគរយឆ្លើយថាមានបើប្រៀបធៀបទៅនឹងបុរសមានតែ ២៦% ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែររដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី បានយកពេលវេលានោះគូសបញ្ជាក់អំពីការងាររបស់អ្នកសារព័ត៌មានជាស្ត្រីល្បីៗ មួយចំនួនដូចជាស្ត្រីអ្នកសារព័ត៌មានជនជាតិអាមេរិក អាហ្វ្រិក ឈ្មោះ Ida B. Wells ដែលជាអ្នកសារព័ត៌មានបែបស៊ើបអង្កេត និងស្ត្រីអ្នកសារព័ត៌មានជនជាតិអាមេរិកម្នាក់ទៀតដែលជាអ្នកកាសែត Ida B. Wells និង អ្នកកាសែតអាមេរិកឈ្មោះ Nellie Bly ដែលបានធ្វើដំណើរជុំវិញពិភពលោកក្នុងរយៈពេល ៧២ ថ្ងៃ។ ប៉ុន្តែលោកស្រីមិនបានស្គាល់អ្នកកាសែតស្រីកម្ពុជាណាម្នាក់នោះទេ។
លោកស្រីថ្លែងថា៖ «សុំទោសដែលខ្ញុំមិនបានលើកឈ្មោះអ្នកកាសែតស្រីម្នាក់ក្នុងប្រទេសកម្ពុជា»។ «ខ្ញុំបានព្យាយាមស្វែងរក ប៉ុន្តែមិនអាចរកឃើញ»។
លោកស្រី កន្ថាផាវី មិនយល់ស្របចំពោះលទ្ធផលនៅក្នុងការសិក្សាស្រាវជ្រាវនេះដែលនិយាយថា ក្រសួងរបស់លោកស្រីត្រូវបានមើលឃើញថាបានចាត់វិធានការ «តិចតួចណាស់» លើបញ្ហាស្ត្រីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដោយថ្លែងថា ក្រសួងរបស់លោកស្រីពិតជាបានយកចិត្តទុកដាក់ និងថាក្រសួងថែមទាំងចេញសេចក្តីថ្លែងការណ៍មួយនៅពេលអ្នកសារព័ត៌មានទូរទស្សន៍ហង្សមាសធ្វើអត្ថាធិប្បាយបន្ទោសទៅលើជនរងគ្រោះពាក់ព័ន្ធព័ត៌មានអំពីករណីរំលោភកាលពីខែសីហា។
ក្រសួងកិច្ចការនារីកម្រនិយាយណាស់ ហើយនៅក្នុងករណីខែសីហាក្រសួងបានចេញសេចក្តីថ្លែងការណ៍មួយសប្តាហ៍ បន្ទាប់ពីការធ្វើអត្ថាធិប្បាយនោះ ប៉ុន្តែលោកស្រី កន្ថាផាវី នៅតែច្រានចោលចំពោះលទ្ធផលរកឃើញនោះ។
លោកស្រីថា៖ «ខ្ញុំមិនដឹងថា តើអ្នកស្រាវជ្រាវរកឃើញទិន្នន័យនេះយ៉ាងដូចម្តេចទេ ប៉ុន្តែខ្ញុំសុំឲ្យមានការកែតម្រូវ»។
ក្រៅពីការពិភាក្សាជុំវិញលទ្ធផលសិក្សាវាគ្មិនបានឆ្លៀតឱកាសសង្កត់ធ្ងន់អំពីបញ្ហាកាន់តែធំខ្លាំងឡើងដែលប្រព័ន្ធផ្សព្វផ្សាយកំពុងប្រឈមមុខ។
ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតប្រចាំកម្ពុជាលោកស្រី Maria Sargren បានថ្លែងថា វាគួរឲ្យ «សោកស្តាយ» ដែលលោកស្រីបានឃើញស្ថានភាពប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាមានលក្ខណៈ «កាន់តែអាក្រក់»។
លោកស្រីបានចង្អុលបង្ហាញសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់កើនឡើងដល់ ១៤២ ពីចំណាត់ថ្នាក់ ១៣២ កាលឆ្នាំមុន។
លោកស្រីបានថ្លែងបន្តថា៖ «ខណៈទទួលស្គាល់ការខ្វះខាតស្តង់ដារនៃសន្ទទស្សន៍ណាមួយនេះជាការបង្ហាញថានៅក្នុងក្រសែភ្នែករបស់អ្នកសង្កេតការណ៍អន្តរជាតិជាច្រើន កម្ពុជាបាននិងកំពុងធ្វើដំណើរទៅរកទិសដៅខុស»។
រដ្ឋាភិបាលកាលពីឆ្នាំមុនបានចាប់ផ្តើមការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដោយបានបិទវិទ្យុជាច្រើន និងកាសែតឌឹខេមបូឌាដេលី ពាក់ព័ន្ធនឹងបំណុលពន្ធប្រមាណ ៦,៣ លានដុល្លារ ដែលមជ្ឈដ្ឋានជាច្រើនជឿថាជារឿងនយោបាយ។ ជាងនេះទៀត វិទ្យុអាស៊ីសេរីក៏ត្រូវបានបង្ខំឲ្យបិទទ្វារប្រតិបត្តិការក្នុងប្រទេសផងដែរនៅចំពេលមានការបង្ក្រាបនោះ ហើយអតីតអ្នកកាសែត ២ នាក់ទៀតរបស់វិទ្យុនេះកំពុងប្រឈមមុខនឹងបទចោទប្រកាន់ពីបទ «ចារកម្ម» ដោយគ្មានមូលដ្ឋាន។
លោក Simon Walker តំណាងប្រចាំប្រទេសរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានថ្លែងថា សន្ទស្សន៍សេរីភាពកាលពីសប្តាហ៍មុនក៏បានកត់សម្គាល់ផងដែរអំពីហានិភ័យដែលដាក់កំហិត ទៅលើសេរីភាពនៃការបញ្ចេញមតិ។
ទន្ទឹមនេះផងដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍មួយដែលមាន ៣ ទំព័រដោយអះអាងថា កម្ពុជាមានសេរីភាពសារព័ត៌មានជាងមុននៅពេលប្រៀបធៀបទៅនឹងប្រទេស «ប្រជាធិបតេយ្យ» អាស៊ានដទៃៗទៀត។
លោកបានសរសេរថា៖ «វាសំខាន់ជាងដែល [ប្រព័ន្ធផ្សព្វផ្សាយ] និយាយការពិត និងហ៊ានផ្តល់ការរិះគន់បែបស្ថាបនា ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងកសាងជាតិឲ្យមានយុត្តិធម៌ នីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពដែលជាបំណង និងចក្ខុវិស័យរបស់រដ្ឋាភិបាល»៕ PS/NS