កោះកុងៈ មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​អង្គការ​សហប្រជាជាតិ​បាន​ចុះ​ទៅ​ពិនិត្យ​ភាពយឺតយ៉ាវ​នៅ​ខេត្ត​កោះកុង​ក្នុង​ការ​ចុះបញ្ជី​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ជង​នៅ​តំបន់​អារ៉ែង ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​សុំ​អន្តរាគមន៍​ពី​សហគមន៍​ក្នុង​ស្រុក​ថ្មបាំង​។

ការចុះ​ទៅ​ពិនិត្យ​នោះ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​នៅ​សាលាឃុំ​ជំនាប់​ថ្មី​ជាមួយ​នឹង​តំណាង​សហគមន៍ និង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​សាលា​ខេត្ត​កោះកុង​។

លោក​ ចាន់ ដារ៉ុង អ្នក​នាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ឲ្យ​ដឹងថា ជនជាតិ​ដើម​ភាគតិច​បាន​ស្នើសុំ​ចុះបញ្ជី​ស្វ័យ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ជង​តាម​លំដាប់​លំដោយ​ពី​អាជ្ញាធរ​ថា្នក់​ឃុំ ស្រុក និង​ខេត្ត​កោះកុង​មុន​នឹង​បញ្ជូន​ទៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។ ប៉ុន្តែ​សំណើ​នោះ​ត្រូវ​បាន​ជាប់គាំង​នៅ​ថ្នាក់មូលដ្ឋាន ដោយសារ​មាន​ភាពយឺតយ៉ាវ​ពាក់ព័ន្ធ​ការពិនិត្យ​នីតិវិធី​។ ហេតុ​នេះ​រដ្ឋលេខាធិការ និង​មន្ត្រី​នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគគិច បាន​ជួបប្រជុំ​ជាមួយ​នឹង​អភិបាល​ខេត្ត​កោះកុង​ដើម្បី​ពិនិត្យ និង​សម្របសម្រួល​នីតិវិធី​ក្នុង​ការ​រៀបចំ​ចុះ​បញ្ជី​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​ការងារ​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ហ្នឹង​មាន​ការ​យឺតយ៉ាវ មិនមែន​ក្រសួង​អភិវឌ្ឍន៍​បទ​ទេ អ៊ីចឹង​ចុះ​ទៅ​ប្រជុំ​ពិភាក្សា​គ្នា ថា​តើ​ការយឺតយ៉ាវ​ហ្នឹង​ការ​បំពេញ​បែបបទ​ពី​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត​មក​ហ្នឹង វា​យឺតយ៉ាវ​ដោយសារ​មូលហេតុ​អី​?»​។

លោក​បន្ត​ថា​កិច្ចប្រជុំ​ និង​ពិនិត្យ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ ដើម្បី​សហការគ្នា​ជំរុញ​នីតិវិធី​ចុះបញ្ជី​នេះ​ឲ្យ​បាន​លឿន​។ លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ក្រោយពី​ឆ្លង​ផុត​នៅ​ថ្នាក់​មូលដ្ឋាន​រួច​ហើយ ការងារ​ចុះបញ្ជី​បន្ត​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​មិន​ចំណាយពេល​យូរ​នោះ​ទេ គឺ​នឹង​រួចរាល់​នៅ​ចន្លោះ​ពី​ ១ ​ទៅ​ ២ ​សប្តាហ៍​យ៉ាង​យូរ​។

ការចុះពិនិត្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយពី​ពលរដ្ឋ​ ១០ ​នាក់​តំណាង​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ជង​ ២០០ ​គ្រួសារ​នៅ​ភូមិ-ឃុំ​​ជំនាប់ ស្រុក​ថ្មបាំង​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី និង​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​ ៤ ​ដើម​ខែ​មេសា​កន្លង​មក​។

លោក​ វ៉ែន វ៉ន ​ជា​តំណាង​ជនជាតិ​ដើម​ភាគតិច​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​នៅ​ភូមិ​ជំនាប់ ច្រក​ឫស្សី ព្រែកស្វាយ និង​ភូមិ​កោះ​បាន​ចាប់ផ្ដើម​ដាក់​សំណើ​សុំ​ចុះបញ្ជី​ទទួល​ស្គាល់​នេះ​តាំងពី​ថ្នាក់​ភូមិ​ទៅ​កាលពី​ឆ្នាំ​ ២០១៧ ហើយ​ត្រូវ​បញ្ជូន​ទៅ​ថ្នាក់​ខេត្ត​កាលពី​ចុង​ឆ្នាំ​ ២០១៧ ​ដដែល​នោះ​។ ប៉ុន្តែ​សំណើ​ចុះបញ្ជី​របស់​សហគមន៍​ភូមិ​ជំនាប់​របស់​លោក​កំពុង​តែ​នៅ​ជាប់គាំង​ត្រឹម​ខេត្ត ខណៈ​ដែល​សំណើ​ ៣ ​ភូមិ​ទៀត​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ក្រសួង​រួច​ហើយ​កាលពី​ដើម​ឆ្នាំ​ ២០១៨ ​នេះ​។

លោក វ៉ន និយាយ​ថា​៖ «​ការសុំ​ចុះ​បញ្ជី​ទទួល​ស្គាល់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​យើង​ខ្ញុំ​បាន​ជាប់គាំង​នៅ​ខេត្ត អត់​បាន​ទៅ​ដល់​ក្រសួង​។ ខ្ញុំ​អត់​បាន​ដឹង​ពី​មូលហេតុ​ជាប់គាំង​នោះ​ដែរ​។ បើ​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​វា​អត់​មាន​បញ្ហា​អី​ទេ​។ យើង​រង់ចាំ​យូរ​ហើយ​។ សង្ឃឹម​ថា​លើក​នេះ​ចុះ​បាន​ទៅ​ចុះ​»​។

លោក​បាន​បន្ត​ថា​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន មន្ត្រី​ពី​ក្រសួង​ពី​អង្គការ​សហប្រជាជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួប​ជាមួយ​នឹង​តំណាង​ពួកលោក​ជាង​ ១០ ​នាក់​នៅ​សាលាឃុំ​ជំនាប់​ថ្មី​ដើម្បី​សម្រប​សម្រួល​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ចុះ​អត្តសញ្ញាណ​របស់​ជនជាតិ​នៅ​ភូមិ​ជំនាប់​ឲ្យ​បាន​ឆាប់​។

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ក្រុមការងារ​របស់​ខេត្ត​កំពុង​តែ​ធ្វើការ​លើ​រឿង​នេះ​។

លោក អ៊ូច ទូច នាយក​រដ្ឋបាល​សាលា​ខេត្ត​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ ខណៈ​លោក​ សុខ សុទ្ធី អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កោះកុង​អះអាង​ថា​មិន​ដឹង​បញ្ហា​នេះ​ទេ​៕