ព្រះសីហនុៈ គម្រោង​អភិវឌ្ឍន៍​ និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជាតិ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ប្រវែង​ ២៧ ​គីឡូម៉ែត្រ​ ដែល​នឹង​ជួយ​លើកកម្ពស់​សោភណភាព តាមរយៈ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការរំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​នោះ គិត​មកទល់​ពេល​នេះ​សម្រេចបាន​ ៩៣,៤២% ​ហើយ​។ ​នេះ​បើតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៃ​ក្រសួង​​សាធារណការ និង​ដឹកជញ្ជូន​​កាលពី​ថ្ងៃទី​ ៦ កុម្ភៈ​។

ក្នុង​ដំណើរ​ចុះទៅ​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​ស្ដារ​អូរ​ប្រឡាយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ និង​ស្ថានីយ​បូមទឹក​ក្នុង​ខេត្ត​ព្រះសីហនុ​ពីថ្ងៃ​ទី​ ៦ កុម្ភៈ លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា គោលបំណង​នៃ​ការស្តារ​អូរ​ប្រឡាយ​ធម្មជាតិ​សំខាន់ៗ​ក្នុង​ខេត្ត​នេះ គឺ​ដើម្បី​ការពារ​ជំនន់​ទឹកភ្លៀង​នៅតាម​តំបន់​ងាយ​រងគ្រោះ​ក្នុង​ទីក្រុង​។ ​ជាមួយ​គ្នា​នេះ​ក៏​នឹង​រៀបចំ​កសាង​ប្រព័ន្ធ​ប្រឡាយទឹក​នៅ​ទីក្រុង​មួយ​នេះ​ឱ្យមាន​បរិស្ថាន​ស្អាត​ និង​អនាម័យ​ល្អ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ថែមទៀត​ផងដែរ​។

បើតាម​លោក ស៊ុន ចាន់ថុល គម្រោង​នេះ​សាងសង់​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះទឹក​កខ្វក់ និង​ក្រុមហ៊ុន​ BUCG ​ក្នុងនោះ​រួមមាន​បឹង​ព្រែកទប់ ស្ថានីយ​បូម​អេម៉ារីអូ ស្ថានីយ​បូម​មុខ​សាលាខេត្ត និង​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កាកសំណល់​ក្រុងព្រះសីហនុ​ជាដើម​។

នៅពេល​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់បន្ថែម​ពីថ្ងៃ​ទី​ ៧ កុម្ភៈ លោក ហ៊ាង សុទ្ធាយុត្តិ មន្ត្រី​នាំពាក្យ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​នេះ​មិនបាន​ឆ្លើយតប​ទេ​។ ក៏ប៉ុន្តែ​តាម​របាយការណ៍​ក្រសួង កិច្ចការ​នេះ​សម្រេច​បាន​ ៩៣,៤២ ​ភាគរយ​ហើយ តែ​មិនបាន​បញ្ជាក់​ថា​នឹង​បញ្ចប់​នៅពេលណា​ទេ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​​បានឱ្យដឹង​ពីថ្ងៃ​ ៧ កុម្ភៈ​ថា នៅក្នុង​ក្រុងព្រះសីហនុ​កន្លងមក​បាន​ជួបប្រទះ​ជំនន់​ទឹកភ្លៀង​លិច​​តាម​តំបន់​មួយចំនួន​នៅ​តំបន់​ទំនាប​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​ផ្ទះសំបែង​​ពលរដ្ឋ​ក្នុង​តំបន់​នោះ​។

បើតាម​លោក ភារម្យ មូលហេតុ​​នៃ​ការលិចលង់​នេះ​ទី​១ គឺ​អូរប្រឡាយ​មួយចំនួន​មាន​ការគោក​រាក់ និង​រួម​តូច​ដោយ​កន្លែង​។

រីឯ​មួយចំនួន​ទៀត​ត្រូវបាន​ពលរដ្ឋ​សាងសង់​សំណង់ និង​របង​នៅលើ​ដី​ចំណី​ប្រឡាយ​ដែល​ធ្វើឱ្យ​លំហូ​ទឹក​ហូរ​មិនបាន​លឿន​ដោយសារ​កន្លែង​ខ្លះ​រួម​តូច​។

ចំណែក​ទីតាំង​មួយចំនួន​ទៀត​​ជា​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ដែល​ពីមុន​ជា​ទី​ទំនាប​អាច​ជួយ​រំដោះ​ទឹកបាន​មួយ​ចំនួនធំ ត្រូវ​បាន​​ពលរដ្ឋ​ចាក់ដី​បំពេញ​សម្រាប់​សង់​សំណង់​ផ្សេងៗ​ដោយសារ​មាន​កំណើន​នៃ​ការអភិវឌ្ឍ​ក្នុង​ខេត្ត​។ ​ឯ​បញ្ហា​មួយទៀត​ពាក់ព័ន្ធ​នឹង​កាកសំណល់​ផ្សេងៗ​ដែល​ធ្លាក់ចូល​អូរប្រឡាយ​ក៏​ជា​ឧបសគ្គ​ធ្វើឱ្យ​លំហូរ​ទឹក​មិន​រលូន​ផងដែរ​។

លោក ភារម្យ បាន​ថ្លែងថា​៖ «​ពេល​យើង​ស្តារ​អូរប្រឡាយ​សំខាន់ៗ​ក្នុង​ខេត្ត​នេះ​យើង​ឃើញ​ថា ប្រព័ន្ធ​លំហូរ​ទឹក​ហូរ​បាន​លឿន​។ ​នៅពេល​មាន​ភ្លៀង​ពី​មធ្យម​ទៅ​ខ្លាំង​ក៏ដោយ ក៏​យើង​ឃើញ​ថា កន្លែង​ដែល​ទំនាប​នៅមាន​លិច​ខ្លះ ប៉ុន្តែ​មិន​លិច​យូរ​ទេ ព្រោះ​លំហូរ​ទឹកបាន​លឿន ក៏​​បាន​រំដោះ​កន្លែង​លិចលង់​បាន​លឿន​ដូចគ្នា​»​។ លោក​បាន​ថា ​គម្រោង​អភិវឌ្ឍន៍ និង​ស្ដារ​អូរប្រឡាយ​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​ ៩ ខែ ធ្នូ ឆ្នាំ​ ២០២០​។

លោក ស្រេង វ៉ាន់លី មន្ដ្រី​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំខេត្ត​ព្រះសីហនុ​ឱ្យដឹង​ដែរ​ថា នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​​បាន​ធ្វើឱ្យ​មាន​ការជន់លិច​ក្រុង​ដោយសារ​អូរ​ ឬ​ប្រឡាយ​តូច​​ចង្អៀត និង​មានផ្ទះ​ពលរដ្ឋ​ខ្លះ​​សង់​លើ​ប្រឡាយ និង​អូរ​ទាំងនោះ​ដែល​ជា​ហេតុ​ធ្វើឱ្យ​ការរំដោះ​ទឹក​មិនបាន​លឿន​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា ការស្តារ​អូរ​ប្រឡាយ​នេះ វា​ល្អ បើទោះបី​មាន​ផលប៉ះពាល់​ដល់​ពលរដ្ឋ​មួយចំនួន​​ដែល​រស់​នៅលើ​ ឬ​ចំណី​ដី​អូរ​​ប្រឡាយ​ក៏ដោយ ប៉ុន្តែ​រដ្ឋបាលខេត្ត​ក៏បានផ្តល់​ដី​មួយចំនួន​ដល់​អ្នក​ដែល​មិនមាន​ដី​រស់នៅ​»​។

ទោះជា​យ៉ាងណា​លោក វ៉ាន់លី ថ្លែង​ថា នៅមាន​កន្លែង​ខ្លះ​ក៏​អនុវត្ត​មិនបាន​ស្មើភាព​គ្នា​ដែរ​ពីព្រោះ​នៅតែ​ឃើញ​មាន​ការរំលោភ​យក​អូរ និង​ប្រឡាយ​ដដែល​។ ការងារ​នេះ​អាជ្ញាធរ គួរ​ស្តារ​អូរ និង​ប្រឡាយ​ឱ្យមាន​ភាពស្មើគ្នា​ទៅ​តាម​ផែនការ និង​ប្លង់គោល​ដែល​បាន​កំណត់​៕

វីដេអូ៖