ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លិចបំផ្លាញក្នុងអំឡុងសង្គ្រាមស៊ីវិល និងទឹកជំនន់ត្រូវបានការកែលម្អជាថ្មី។
ផ្លូវថ្នល់ និងស្ពាននៅតាមជនបទដែលរងការខូចខាត មិនត្រឹមតែជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរាំងស្ទះដល់ការធ្វើចរាចរណ៍របស់អ្នកភូមិផងដែរ ខណៈពួកគាត់នៅតំបន់ដាច់ស្រយាល គឺពឹងផ្អែកលើការប្រើប្រាស់ស្ពានចាស់ទ្រុឌទ្រោមដែលអាចបង្កឱ្យមានគ្រោះថ្នាក់។
ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញទាំងនោះ កម្ពុជាបានស្នើសុំជំនួយពីរដ្ឋាភិបាលជប៉ុន និងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ឱ្យមានការជួសជុលស្ដារឡើងវិញនូវស្ពានសរុបចំនួន ៧ នៅក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ។ ក្នុងនោះរួមមានស្ពានពាមទេ ស្ពានព្រែកឆ្លូង ស្ពានអន្លង់ឃ្លេ ស្ពានព្រែកឫស្សី និងស្ពានសណ្តាន់។
ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) គឺជាកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងរដ្ឋាភិបាល និងអង្គការដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍសហគមន៍ពិភពលោក។
ODAs របស់ជប៉ុនផ្តោតលើវិស័យសំខាន់ចំនួន ៣ គឺកិច្ចសហប្រតិបត្តិការបច្ចេកទេស កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់ជំនួយឥតសំណង។
នៅកម្ពុជា ប្រទេសជប៉ុន បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅឆ្នាំ ១៩៦៨ ហើយគម្រោងតូចធំជាច្រើន ត្រូវបានបញ្ចប់។
ការជួសជុលស្តារឡើងវិញនូវស្ពានទាំង ៧ បានចាប់ផ្តើមនៅឆ្នាំ ២០១៧ និងបានបញ្ចប់វិញកាលពីឆ្នាំមុន បាននិងកំពុងរួមចំណែកយ៉ាងធំធេងដល់ការធ្វើចរាចរណ៍របស់ប្រជាជន និងការដឹកជញ្ជូនផលិតផលកសិកម្មនៅតាមបណ្តាខេត្តនានា និងបានក្លាយជាបណ្តាញដឹកជញ្ជូនដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ពានចំនួន ៥ ក្នុងចំណោមស្ពានទាំង ៧ ខាងលើត្រូវបានតភ្ជាប់ទៅនឹងផ្លូវជាតិលេខ ៧៣ នៅផ្នែកភាគខាងត្បូងនៃខេត្តក្រចេះ ជាផ្លូវដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នែកគមនាគមន៍ រវាងតំបន់ទីប្រជុំជន និងខេត្តនានាស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ហើយស្ពានគោលដៅទាំង ៥ ខាងលើ ត្រូវបានប្រើប្រាស់ដោយរថយន្តដឹកទំនិញចំណុះលើសពី ១៥ តោន ចំនួនប្រមាណ ១៦០ គ្រឿងក្នុងថ្ងៃ។
ទោះយ៉ាងនេះក្តី ស្ពានទាំងអស់ដែលបានប្រើប្រាស់កន្លងមក ប្រឈមមុខនឹងហានិភ័យខ្ពស់បាក់ស្រុតដោយសារទឹកជំនន់ និងអាយុកាលកាន់តែចាស់។
ស្ពានចំនួន ២ ផ្សេងទៀត គឺស្ពានបាបោងលេខ ១ និងស្ពានបាបោងលេខ ២ មានទីតាំងស្ថិតនៅត្រើយខាងកើតនៃដងទន្លេមេគង្គ នៅប៉ែកខាងត្បូងនៃខេត្តព្រៃវែង។ ស្ពានទាំង ២ នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ១១ ដែលតភ្ជាប់រាជធានីភ្នំពេញ និងតំបន់ខាងត្បូងរាជធានីភ្នំពេញ តាមរយៈផ្លូវសេដ្ឋកិច្ចសំខាន់ៗ ដូចជាផ្លូវជាតិលេខ ១ និងលេខ ៧ ជាដើម មានតួនាទីសំខាន់ក្នុងការដឹកជញ្ជូន និងចែកចាយផលិតផល ព្រមទាំងមុខទំនិញនានានៅក្នុងស្រុក និងទៅក្រៅប្រទេស។
លោក ចៅ នន់ អាយុ ៦២ ឆ្នាំ ជាមេឃុំបាបោង បានមានប្រសាសន៍ដោយធ្វើការធានានូវសុវត្ថិភាពរបស់ប្រជាជនរស់នៅជិតខាងដូច្នេះថា៖ «ស្ពានបេតុងដែលត្រូវបានសាងសង់ឡើងវិញនៅពេលនេះ គឺកាលពីមុនធ្វើពីដែក ហើយពីមុននោះទៀត វាបានធ្វើពីឈើ។ នៅពេលមានទឹកជំនន់កើតឡើងនៅរដូវវស្សាម្តងៗ គេពុំអាចឆ្លងកាត់ស្ពាននេះបានឡើយ តែស្ពានថ្មីនេះមើលទៅរឹងមាំណាស់ ហើយយើងក៏មិនចាំបាច់ព្រួយបារម្ភអំពីការបាក់ទៀតដែរ។
ម្យ៉ាងទៀត នៅពេលសាងសង់ឡើងវិញ រាល់គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់មីនពីសម័យសង្គ្រាមស៊ីវិល ត្រូវបានបោសសម្អាតផងដែរ ដូច្នេះយើងខ្ញុំអាចរស់នៅដោយពុំបាច់បារម្ភអ្វីទៀតឡើយ»។
លោក ហេង វុត្ថា អាយុ ៣៩ ឆ្នាំ ដែលជាប្រធានវិស្វករក្នុងការងារសាងសង់សាឡើងវិញនូវស្ពានទាំង ២ នេះ បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា មានអ្នកស្រុកជាច្រើនរំពឹងថា នឹងមានការដឹកជញ្ជូនយ៉ាងរលូន ហើយការរស់នៅរបស់ពួកគាត់ក៏កាន់តែប្រសើរ។ ចំនួនប្រជាជនដែលមករស់នៅក្នុងតំបន់ជុំវិញស្ពានក៏កំពុងតែកើនឡើង ហើយក៏មានផ្ទះថ្មីៗកំពុងចាប់ផ្តើមសាងសង់ផងដែរ។ លោករំពឹងថា ស្ពានទាំង ២ នេះ នឹងនាំឱ្យមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចក្នុងតំបន់នេះ។ ភាពងាយស្រួលនៃការដឹកជញ្ជូនក៏ផ្តល់នូវអត្ថប្រយោជន៍ដល់វិស័យកសិកម្មផងដែរ»។
ការជួសជុលស្ពានទាំង ៧ នេះបាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកភូមិ។ ការជួសជុលស្ពានចាស់ទំហំតូចចង្អៀត គឺបានជួយកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីទឹកជំនន់ ជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ធ្វើឱ្យការធ្វើដំណើរ និងចរាចរណ៍ទំនិញបានលឿនជាងមុននៅទូទាំងខេត្ត និងបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់នេះ។
លោក សន វិចិត្រ អាយុ ៣០ ឆ្នាំ ជានាយកសាលាបឋមសិក្សាបាបោងបានលើកឡើងថា៖ «កាលនៅជាស្ពានដែកដែលទំហំតូចចង្អៀតនោះ គឺមានគ្រោះថ្នាក់ចរាចរណ៍លើស្ពាននៅរដូវវស្សានៅពេលមានភ្លៀងធ្លាក់ ដែលនាំឱ្យរអិល ក៏ប៉ុន្តែឥឡូវនេះ សិស្សានុសិស្សអាចទៅរៀននៅវិទ្យាល័យក្នុងខេត្តបានដោយសុវត្ថិភាពជាមួយស្ពានថ្មីនេះ ដែលអាចជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ជាងមុន»។
លោក ជ្រូ ហឿន អាយុ ៥០ ឆ្នាំ នាយកអនុវិទ្យាល័យបាបោង ក្នុងតំបន់នោះថ្លែងថា៖ «ឥឡូវគុណភាព និងសុវត្ថិភាពស្ពាន គឺល្អប្រសើរ។ សិស្សានុសិស្សអាចធ្វើដំណើរទៅសាលារៀនដោយប្រើប្រាស់ស្ពាននេះ ពេលនេះពួកគេអាចធ្វើដំណើរដោយសុវត្ថិភាព»។
លោក លី ស៊ីធា អាយុ ៣២ ឆ្នាំ បានលើកឡើងដោយក្តីរីករាយថា៖ «កាលពីមុន ទោះបីយើងអាចប្រមូលផលស្រូវបានច្រើន តែយើងមិនអាចដឹកជញ្ជូនដោយរថយន្តដឹកទំនិញធុនធំៗបានទេ (ដោយសារបញ្ហាស្ពាន) ប៉ុន្តែឥឡូវនេះ យើងអាចដឹកជញ្ជូនវាបានភ្លាម»។
ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ដែលបានជួយកាត់បន្ថយភាពក្រីក្រ ជួយលើកស្ទួយសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសេវាកម្មសង្គមនៅខេត្តព្រៃវែង និងក្រចេះ។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះចាំបាច់ គឺត្រូវមានការការពារពីអ្នកប្រើប្រាស់ទាំងអស់ ពីព្រោះវាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនាពេលអនាគត៕