ភ្នំពេញៈ ការ​ស្ទង់​មតិ​មួយ​​រក​ឃើញ​ថា​ ពលរដ្ឋ​កម្ពុជា​ជាង​ ៧០ ភាគរយ​ មាន​ការ​ពេញ​ចិត្ត ទៅ​លើ​ការ​ដឹក​នាំ​ប្រទេស​ជាតិ​ ហើយ​ថា ​កម្ពុជា​កំពុង​ដើរ​លើ​ទិស​ដៅ​ត្រឹមត្រូវ ខណៈ​ដែល​មនុស្ស​ភាគ​ច្រើន អះអាង​ថា ​ពួក​គេ​មាន​ភាព​ប្រសើរជាង​មុន​ផ្នែក​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល ​៥​ ឆ្នាំ​ចុងក្រោយ។ ការ​ស្ទង់​មតិ​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​វិទ្យា​​ស្ថាន​​បណ្តុះ​បណ្តាល និង​ស្រាវ​​ជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅ​កាត់​ CDRI ដែល​មាន​ចំណងជើង​ថា «យុវជន ​និ​ងម​នុស្ស​ជំ​​នាន់មុននៅកម្ពុជា៖​ ទំនាក់​ទំន​ង​រវាង​ទាំង ​២ ជំនាន់ ​​និង​ទស្សនៈ​សង្គម និង​នយោបាយ» ដែល​ត្រូវ​បាន​បោះ​ពុម្ពផ្សាយ​កាល​ពី​ខែ​មីនា ហើយ​ត្រូវ​បាន​សម្ពោ​ធ​កាល​ពី​សប្ដាហ៍​មុន។

ការ​ស្រាវ​ជ្រាវ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​មើល​លើ​យុវជន​​ជំនាន់​ថ្មី​ ព្រម​ទាំង​លើ​ឥទ្ធិ​ពល​ និង​សារៈ​សំខាន់​របស់​យុវជន​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​ និង​​នយោបាយ​នៅ​កម្ពុជា។

របាយការណ៍​​ស្ទង់​មតិ​សរ​សេ​​រ​​​ថា​៖ «អ្នក​ឆ្លើយ​សម្ភាស ៧១ ភាគ​រយមាន​ការ​ពេញ​ចិត្ត​ជារួម​នឹង​ការ​ដឹក​នាំ​ប្រទេស​ជាតិ។ យោបល់​នេះ​ឃើញ​មាន​សឹង​តែ​​ដូច​គ្នា​ក្នុង​ចំណោម​យុវ​ជន និង​​មនុស្ស​ជំនាន់​មុន​ ព្រោះ​មាន​យុវជន​​ ៧០% និងមនុស្ស​ជំនា​ន់​មុន ៧២% យល់​ស្រប​ថា ប្រទេ​ស​​ជាតិ​កំពុង​ដើរ​លើ​ផ្លូវ​ត្រឹម​ត្រូវ។ មាន​អ្នក​រស់​នៅ​ជន​បទ ​(៧៤​%​​)​ ច្រើនជាង​អ្នក​រស់​នៅ​ទី​ប្រ​ជុំជន (៦៤%) ដែល​ពេញ​ចិត្ត​នឹង​ទិស​ដៅ​របស់​ប្រទេស​ជាតិ»។

នៅ​ពេល​សួរ​ថា​ តើ​អ្នក​យល់​ស្រប​ដែរ​ថា ស្ថាន​ភាព​សេដ្ឋកិច្ច​ ប្រជា​ជន​កម្ពុ​ជានា​​បច្ចុប្បន្ន​ល្អ ប្រសើរជាង​កាល​ពី ៥​ ឆ្នាំ​មុន? «អ្នក​ឆ្លើយ​សម្ភាស ​(៨៧%) យល់​​ថា​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ប្រជា​ជន​កម្ពុជា​នា​បច្ចុប្បន្ន​ល្អ​ប្រសើរ​ជាង​កាលពី ៥ ឆ្នាំ​មុន។ មតិ​យោបល់​នេះ ឃើញ​មាន​​ប្រ​​ហាក់​ប្រហែល​គ្នាក្នុង​ចំណោ​ម​ យុវជន​ និង​មនុស្ស​ជំនាន់​មុន បុរស​ និង​ស្រ្តី និង​អ្នក​រស់​នៅ​ជន​​បទ ​និង​អ្នក​រស់​នៅ​ទីប្រជុំ​ជន។ យុវជន ​៩០% មនុស្ស​ជំនាន់​មុន ៨៦% បុរស ៨៦% ស្រ្តី ៨៨​% អ្នក​រស់​នៅ​ជន​បទ​ ៨៩​​% និង ​អ្នក​រស់​នៅ​​ទីប្រ​ជុំ​ជន ៨២​% ​យល់​​ថា​​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ប្រជា​ជន​កម្ពុជា​នា​បច្ចុប្បន្ន​ល្អ​ប្រសើរ​ជាង​កាល​ពី ៥ ​ឆ្នាំ​មុន»។​

ការ​ស្ទង់​មតិ​ត្រូវបាន​ធ្វើ​ឡើង​ ដោយ​មាន​ការ​សម្ភាស​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន ​៦ រួមមាន​បាត់​ដំបង កំពត ស្ទឹង​ត្រែ​ង ស្វាយ​រៀង កំពង់​ចាម និង​ភ្នំពេ​ញ ចាប់​ពី​ខែ​តុលា ​ឆ្នាំ ២០១៧ ដល់​​ខែ​មករា ឆ្នាំ ​២០១៨។ អ្នកស្រាវជ្រាវ​បាន​សម្ភាស​ផ្ទាល់​ជា​មួយ​មនុស្ស​ចំនួន​ ១ ៦០០ ​នាក់ នៅ​ក្នុង​ភូមិ​ចំនួន​ ១០១ ភូមិ។

របាយការណ៍​​សរសេរ​ថា៖ «យើង​បាន​សួរ​អ្នក​ឆ្លើ​យ​សំណួ​រ​ ថា ​តើ​ពួក​គេ​ផ្ដល់​តម្លៃ​ និង​ជឿ ជាក់​លើ​ការ​បោះ​ឆ្នោត​ដែរ​ឬ​ទេ?​ ភាគ​ច្រើន​លើស​លប់​នៃប្រជា​​ជ​​​ន​កម្ពុជា ​(៩៩%) យល់​ថា ​វា​ជា​កាតព្វកិច្ច​របស់​ប្រជាពល​រដ្ឋ​ក្នុ​ង​​ការ​ចូល​រួម​បោះ​ឆ្នោត។ អ្នក​ឆ្លើ​យ​សំណួរ​ស្ទើរ​តែ​ទាំង​អស់​ យល់​ស្រប​ទៅ​លើ​ឃ្លា​ដែល​សរសេរ​ថា «ខ្ញុំ​មាន​កាតព្វកិច្ច​ទៅ​បោះ​ឆ្នោត»។ទស្សនៈ​នេះ​ត្រូវ​បាន​យ​ល់​ឃើញ​ដោយ​មនុស្ស​ទាំង​ ២ ភេ​​ទ​ទាំង​នៅ​ទីក្រុង ​និង​ជនបទ»។

ពួក​គេ​បន្ថែម​ថា មនុស្ស​ជាច្រើន​​យល់​ស្របខ្លាំង​​ថា សន្លឹ​ក​​​ឆ្នោត​មាន​ឥទ្ធិ​ពល​ខ្លាំង​ ទៅ​លើ​ទិស​ដៅ​នៃ​ការ​ដឹក​នាំ​ប្រទេស។ យុវជន និង​មនុស្ស​​ជំនាន់​មុន​​ មាន​ទស្សនៈ​ស្ទើរ​តែ​ដូច​គ្នា​ ទាក់​ទង​នឹង​ការ​បោះឆ្នោត និង​ទិស​ដៅនៃ​ការ​ដឹក​នាំ​ប្រទេស។ ប៉ុន្តែ​នៅ​ពេល​សួរ​ពាក់​ព័ន្ធ​នឹង​កា​​រ​សម្រេចចិត្ត​វិញពួក​គេ​និយា​យ​​ថា​ គ្រួសារ​គឺ​ជា​កត្តា​សំខាន់​ នៅ​​ក្នុង​ការ​យល់​ឃើញ​លើ​​រឿង​នយោបាយ ហើយ​កត្តា​សំខាន់​ បន្ទាប់​គឺ​អ្នក​នយោបាយ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ការ​ស្ទង់​មតិ​​រក​ឃើញ​ថា ជា​ង​​ពាក់​កណ្ដាល​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​ពេញ​ចិត្ត​នឹង​ការ ដឹកនាំ​របស់រដ្ឋាភិបាល ​ក្នុង​ការរក្សា​នូវ​ស្ថិរភាព​នយោបាយ ប៉ុន្តែពួក​គេ​មិន​សូវ​ពេញ​ចិត្ត​ជាមួយ​ការ​គាំពារ​រ​បស់​រដ្ឋាភិបា​ល​ សម្រាប់​អ្នក​ក្រីក្រ និង​ការ​បង្កើត​ការងារ​សម្រាប់​យុវជន។

អ្ន​ក​ឆ្លើយ​សំណួរ​បាន​ផ្ដល់​អាទិភាព​លើ​ការ​ទទួល​បាន​សេវា​សុខភាព ដោយ​យល់​ថា ​វា​ជា​អាទិភាព​សំខាន់​បំផុត ហើយ​អាទិភាព​បន្ទាប់​ គឺ​បញ្ហា​សេដ្ឋកិច្ច និង​ការងារ បរិស្ថាន ភាព​ក្រីក្រ និង​ការ​បាត់​បង់​ដីធ្លី។ ទាំង​អ្នក​រស់​នៅ​ទីក្រុង ​និង​ជន​បទសុទ្ធ​តែ​មាន​សុទិដ្ឋិនិយ​ម ​អំពី​អនាគត​របស់​ប្រទេស​កម្ពុជា។

លោក សុខ ទូច​ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ​ថ្លែង​ថា លោក​មិន​អាច​បញ្ចេញ​មតិ​យោបល់​លើ​ការ​ស្រាវ​ជ្រាវ​នេះ​ទេដោយ​សារ​វា​ជា​ការ​ស្រាវ​ជ្រាវ​​បែប​វិទ្យាសាស្ត្រ។

លោក ឡៅ ម៉ុងហៃ អ្នក​វិភា​គ​នយោបាយ​យល់​ថា កម្រ​ង​សំណួរ​ពាក់​ព័ន្ធ​នឹង​ទិសដៅ​របស់​ប្រទេស​កម្ពុជា​ស្ដាប់​ទៅ​ ហាក់​ដូច​ជា​មាន​ភាព​ទូលំទូលាយ​ពេក ហើយ​ចម្លើយ​តប​អាច​មិន​បញ្ជាក់​ពី​ការ​ពេញ​ចិត្ត​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ទៅ​លើ​រដ្ឋាភិបាល។

លោក​ថា​ ការស្រាវ​ជ្រាវ​បែប​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ IRI កាលពី​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣ ដោយ​ពេល​នោះ​ ក៏មាន​ការ​រក​ឃើញ​ថា ការ​ដឹកនាំប្រទេស​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ​ដែរ។

លោក​ថា៖ «ប៉ុន្តែ​លទ្ធផលនៃ​ការ​បោះ​ឆ្នោតនៅ​ពេល​នោះ​ មិនដូច​ទៅ​នឹង​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​​នោះ​ទេ»។

ប៉ុន្តែ​លោក​ថា សំណួរ​ពាក់​ព័ន្ធនឹង​បញ្ហា​ជាក់​លាក់​ អំពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​សម្រាប់​អ្នក​ក្រ​ និង​ការងារ​របស់​យុវជន​ហាក់​បង្ហាញ​ពី​ភាព​ជាក់​ស្ដែង​នៅ​ក្នុង​សង្គម។ លោក មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម​ថ្លែង​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​វា​អាស្រ័យ​លើ​ការ​ជ្រើស​រើស​សំណាក។

លោក​ថ្លែង​ថា៖ «ប្រ​​សិន​បើ​សំណាក​ត្រូវ​បាន​ជ្រើស​​រើស​ត្រឹម​ត្រូវ​ តាម​បែប​វិទ្យាសាស្ត្រ ចម្លើយ​របស់​អ្នក​ឆ្លើយ​សំណួរ​ អាច​បញ្ជាក់​ពី​ការ​ពិត​បាន។ តែ​ពេល​ខ្លះ​ មនុស្ស​ដែល​ត្រូវ​បាន​សួរ​មិន​អាច​និយាយ​ការពិត​បា​ន​ឬ​មិន​អាច​រិះ​គន់​រដ្ឋាភិបាល»។

ចំពោះ​ការ​ដឹកនាំ​ប្រទេស​វិញ លោក​យល់​ថា ស្ថានការណ៍​បច្ចុប្បន្ន​នេះ ​មិន​អាក្រក់​ពេក​ទេ។ ចំណុច​អាក្រក់​នៅ​លើ​រឿង​នយោបាយ ​គឺ​ការ​រំលាយអតីត​​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជាង​ ៣ ​លាន​នាក់ ហើយ​ការ​រំលាយ​នោះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ផ្សេងៗ​។ «ក្រៅ​ពី​នេះ យើង​ឃើញ​ថា ជាទូទៅ​​មាន​ភាព​​វិជ្ជមាន។ វា​ដូច​ជា​ពាក្យ​ស្លោក​ខ្មែរ​ថា គុណ ១ សំពៅ ​ទោស ១ ​ចូល​ទៅ រលាយ​គ្មាន​សល់»៕