ភ្នំពេញៈ មន្ត្រី​ក្រសួង​មហាផ្ទៃ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ជួបប្រជុំគ្នា​កាលពី​ម្សិលមិញ​ពិភាក្សា​គ្នា​លើ​ក្ដីកង្វល់​សុំ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​អះអាង​ថា ច្បាប់​នេះ​ប៉ះពាល់​ដល់​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ការងារ​នានា​។

លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​ដែល​បាន​ធ្វើឡើង​កាលពី​ម្សិលមិញ​ដោយ​ហេតុ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ស្នើ​ធ្វើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​។

លោក ប៊ុន ហុន ថ្លែង​ថា​៖ «​យើង​អញ្ជើញ​តំណាង​អង្គការ​សង្គម​ស៊ីវិល (​មក​ពិភាក្សា​) ​គឺ​យើង​ចង់ដឹង​ឲ្យ​ច្បាស់​ថា តើ​សំណើ​របស់​គាត់​ដែល​បានលើកឡើង​ទាំង​ ១៧ ​មាត្រា​នោះ គាត់​មាន​មូលដ្ឋាន​ស្នើ​កែ​របៀប​ម៉េច​ខ្លះ ពីព្រោះ​ថា សំណើ​ដែល​យើង​ទទួល​ក៏​មាន​ចំណុច​ខ្លះ​ក៏​យើង​មិន​យល់​ដែរ​ ដូច្នេះ​ហើយ​បាន​ជា​យើង​ស្នើ​ឲ្យ​គាត់​មក​ជួប​ផ្ទាល់​គ្នា​ ដើម្បី​ឲ្យ​គាត់​ពន្យល់​ថា​គាត់​ចង់បាន​របៀប​ម៉េច ហើយ​កែសម្រួល​យ៉ាងម៉េច​វិញ ហើយ​ការអនុវត្ត​កន្លងមក​មាន​ការលំបាក​យ៉ាងម៉េច​ខ្លះ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​គាត់ (​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​) នៅ​មិន​ទាន់​ច្បាស់​នូវ​ខ្លឹមសារ​ដែល​គាត់​ចង់​កែ​នៅឡើយ​ទេ​។ អង្គការ​គាត់​មិនទាន់​បាន​ឯកភាព​គ្នា ហើយ​គាត់​មិន​ទាន់​ឲ្យ​ខ្លឹមសារ​ថា តើ​ត្រូវ​កែ​របៀប​ម៉េច​ដូច្នេះ កិច្ចប្រជុំ​ព្រឹក​ (​ម្សិលមិញ​) ​យើង​ស្នើ​ឲ្យ​គាត់​ពិនិត្យ​ពិចារណា​ផ្ទៃក្នុង​ឡើង​វិញ​ ដើម្បី​បានជា​ខ្លឹមសារ​រួម​មួយ​សម្រាប់​ឲ្យ​យើង​ខ្ញុំ​ពិនិត្យ​ពិចារណា និង​ធ្វើ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​»​។

លោក ប៊ុន ហុន ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​នោះ​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា និង​ជជែក​គ្នា​បាន​ ៤ ​មាត្រា​ដែល​មាត្រា​ទាំងនោះ​ផ្តោត​ទៅ​លើ​វិសាលភាព និង​និយមន័យ​នៃ​ច្បាប់​អព្យាក្រឹតភាព និង​ការធ្វើ​របាយការណ៍​សកម្មភាព និង​ហិរញ្ញវត្ថុ​។

លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នោះ​ពុំទាន់​បាន​ទទួល​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ​»​។

លោក យឿង សុធារ៉ា ប្រធាន​ផ្នែក​កសាង​បណ្តាញ​ភាព​ជា​​ដៃគូ និង​ការតស៊ូ​មតិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា បាន​ឲ្យ​ដឹងថា​នៅក្នុង​កិច្ចពិភាក្សា​នោះ​ពិតជា​មាន​ការខ្វែង​គំនិត​គ្នា​រវាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​លើ​ពាក្យពេចន៍​នឹង​ខ្លឹមសារ​នៃ​មាត្រា​ដែល​ពួកគេ​បាន​ស្នើសុំ​វិសោធនកម្ម​ហើយ​ពួកគេ​នឹង​ធ្វើតាម​ការស្នើសុំ​របស់​ក្រសួង​មហាផ្ទៃ​ដែល​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ពិគ្រោះ​យោបល់ និង​ឯកភាព​គ្នា​ផ្ទៃក្នុង​ទៅលើ​ខ្លឹមសារ និង​សំណើ​មុន​ពេល​មក​ជជែក​គ្នា​ជាមួយ​ក្រសួងមហាផ្ទៃ​ជាថ្មី​ម្តងទៀត​។

លោក សុធារ៉ា ថ្លែងថា​៖ «​មាន​មាត្រា​ខ្លះ មាន​ការយល់​ខុសគ្នា យើង​មិនទាន់​បាន​ខ្លឹមសារ​ច្បាស់លាស់ និង​មិនទាន់​បាន​ផ្លែផ្កា​អី​ច្បាស់លាស់​ទេ ​ដូច្នេះ​ការជជែក​លើក​ទៅ​ពេល​ក្រោយ​ទៀត​គឺ​ក្រោយ​បុណ្យ​​អុំទូក​»​។

លោក ស៊ឹង សែនករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែងថា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ប្រឈម​មុខ​ការរឹតត្បិត​សិទិ្ធ​សេរីភាព និង​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​របស់​ពួកគេ​។

លោក​ ប៊ុន ហុន បាន​អះអាង​ថា​ចាប់តាំងពី​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​ ២០១៥ ​មក​រាជរដ្ឋាភិបាល​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ គឺជា​ដៃគូ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម ហើយ​រាជរដ្ឋាភិបាល​មិន​ដែល​បង្កបញ្ហា​លំបាក​ទៅ​ដល់​អង្គការ​សង្គម​ស៊ីវិល​ដូច​ការចោទប្រកាន់​នោះទេ​។

យោងតាម​របាយការណ៍​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៨ មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​មាន​ចំនួន​សរុប ៥ ៥២៣ ដែល​ក្នុងនោះ​សមាគម​មាន​ចំនួន ២ ២៩៧ ​សមាគម ហើយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជាង ២ ០០០ ​ស្ថាប័ន​ប៉ុណ្ណោះ ​ដែល​បានធ្វើ​សកម្មភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕