
ទិដ្ឋភាពនៃសាលាអនុវិទ្យាល័យដងផ្លិតក្នុងខេត្តព្រះវិហារកាលពី ២ ឆ្នាំមុន។ ហុង មិនា
ភ្នំពេញៈ សិស្សចំនួន ៦០ ភាគរយក្នុងតំបន់រួមទាំងសិស្សក្នុងប្រទេសកម្ពុជាត្រូវបានដាក់នៅក្នុងប្រព័ន្ធអប់រំដែលស្ថិតនៅក្នុង «វិបត្តិនៃការរៀន» និងមិនបានផ្តល់ឲ្យពួកគេនូវជំនាញដែលពួកគេត្រូវការដើម្បីជោគជ័យ។ នេះបើតាមរបាយការណ៍ថ្មីមួយដែលចេញដោយធនាគារពិភពលោកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
ភាគរយនេះតំណាងឲ្យសិស្សសរុបចំនួន ៩៧,៩ លាននាក់ដែលសិស្សប្រហែល ៣,៥ លាននាក់ស្ថិតនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍។
របាយការណ៍នេះឲ្យដឹងថា ៤០ ភាគរយទៀត ឬចំនួន ៦៣,៨ លាននាក់នៃតំបន់អាស៊ីបូព៌ា និងសិស្សក្នុងតំបន់ប៉ាស៊ីហ្វិកត្រូវបានដាក់នៅក្នុងប្រព័ន្ធអប់រំដែលទទួលបានលទ្ធផលកំពូល ឬលទ្ធផលលើមធ្យមដូចជា ប្រទេសចិន និងវៀតណាម។
របាយការណ៍នេះបានបន្តថា៖ «ទោះយ៉ាងណារហូតដល់ ៦០ ភាគរយនៃសិស្សនៅតំបន់អាស៊ីបូព៌ា និងបាស៊ីហ្វិកកំពុងស្ថិតក្នុងប្រព័ន្ធលទ្ធផលខ្សោយ ដែលលទ្ធផលរបស់សិស្សនៅក្នុងមុខវិជ្ជាសំខាន់ៗមានកម្រិតទាប ឬមិនត្រូវបានដឹង»។
របាយការណ៍នេះបង្ហាញថា៖ «សិស្សនៅតំបន់ជនបទនៃប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឬឡាវអាចទៅធ្វើការងារស្រែចម្ការមុនពេលដើរទៅរៀនក្នុងចម្ងាយដ៏ឆ្ងាយពីផ្ទះរបស់ពួកគេទៅសាលារៀនដែលបំពាក់ដោយសម្ភារអន់ៗនៅក្នុងតំបន់ជនបទរបស់ពួកគេ ហើយអង្គុយរៀនជាមួយគ្រូដែលមិនបានត្រៀមមេរៀនជាមុន»។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន មិនអាចទាក់ទងសុំអត្ថាធិប្បាយបាន ហើយអ្នកនាំពាក្យក្រសួងលោក រស់ សាលីន ក៏មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយ។
ការសិក្សានេះបានរកឃើញថានៅក្នុងប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើតជាង ៣០ ភាគរយនៃសិស្សរៀនថ្នាក់ទី ២ មិនចេះអានអក្សរសូម្បីតែមួយពាក្យ។
លោក Amer Hasan ដែលជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធនៃរបាយការណ៍នេះបានថ្លែងថា កាលពីឆ្នាំ ២០១០ ការវាយតម្លៃអំពីការអាននៅក្នុងប្រទេសកម្ពុជាបានរកឃើញថា ៤៨ ភាគរយនៃសិស្សថ្នាក់ទី ២ មិនចេះអានអក្សរសូម្បីតែមួយពាក្យ តែចំនួននេះបានថយចុះដល់ ៣៣ ភាគរយនៅឆ្នាំ ២០១២។ ប៉ុន្តែលោកមិនអាចផ្តល់អំពីអត្រាបច្ចុប្បន្នទេ។
ទោះយ៉ាងណាលោក ជិន សំអឿន ដែលជាមន្ត្រីផ្នែកអប់រំនៅអង្គការ Action Aid បានថ្លែងថា ផ្អែកតាមការវាយតម្លៃជាតិឆ្នាំ ២០១៧ ដែលធ្វើឡើងដោយក្រសួងអប់រំតិចជាង ៥០ ភាគនៃសិស្សបឋមសិក្សាទាំងអស់មិនចេះអាន។ ប៉ុន្តែលោកបានថ្លែងថា អង្គការបច្ចុប្បន្នកំពុងធ្វើការងារដើម្បីកែលម្អ។
លោក សំអឿន ក៏មិនបានភ្ញាក់ផ្អើលផងដែរ ដែលរបាយការណ៍នេះនិយាយអំពីប្រព័ន្ធអប់រំរួមទាំងប្រព័ន្ធអប់រំក្នុងប្រទេសកម្ពុជាមិនបានផ្តល់ជំនាញដល់សិស្សដែលត្រូវការដើម្បីជោគជ័យ។ ឧទាហរណ៍លោកបានថ្លែងថា ក្រសួងអប់រំកាលពីឆ្នាំ ២០០៦ បានអនុម័តគោលនយោបាយមួយដើម្បីផ្តល់បំណិនជីវិតនៅកម្រិតបឋមសិក្សា ប៉ុន្តែនៅមានកម្រិតនៅឡើយ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថាអ្វីមួយត្រូវតែកែលម្អ ដើម្បីឲ្យសាលាអាចផ្តល់ជំនាញដល់ពួកគេ [សិស្ស] ដើម្បីជោគជ័យនៅក្នុងជីវិតពិត»។ លោកថា៖ «មានគម្លាតមួយចំនួននៅក្នុងការអនុវត្តគោលនយោបាយ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការបណ្តាញគណនេយ្យភាពសង្គម បានថ្លែងថាលោកមិនយល់ស្របដែលថាប្រព័ន្ធអប់រំក្នុងប្រទេសកម្ពុជាស្ថិតនៅចំណុចដែលកំពុងប្រឈមមុខនឹងវិបត្តិនៃការរៀនទេ បើទោះបីជា «ការអប់រំថ្នាក់បឋមសិក្សាគឺជាក្តីបារម្ភ» ព្រមទាំងបញ្ហាសមភាពអប់រំ។
លោកបានថ្លែងថា៖ «ខ្ញុំមិនយល់ស្របទាល់តែសោះជាមួយរបាយការណ៍នេះ ប៉ុន្តែខ្ញុំបានសង្កេតឃើញថាចំណេះដឹង [និង] លទ្ធផលរៀនរវាងសិស្សនៅទីប្រជុំជន និងតំបន់ជនបទមានលក្ខណៈខុសគ្នាដោយសារហេតុផលមួយចំនួននៃកត្តាគ្រួសារ ឱកាសរៀន និងគុណភាពបង្រៀន»។
លោក ជិន សំអឿន បានថ្លែងថាក្រសួងកំពុងស្ថិតនៅក្នុងដំណើរការធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់ខ្លួន។
ទោះយ៉ាងណាក្តីការសិក្សាស្រាវជ្រាវនេះលើកឡើងដែរថា ភាគច្រើននៃប្រព័ន្ធអប់រំ លទ្ធផលកម្រិតទាបដូចជាប្រព័ន្ធនៅប្រទេសកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីនបានអនុវត្តនូវកំណែទម្រង់គ្រូបង្រៀនដោយទទួលបាន «កម្រិតជោគជ័យផ្សេងៗគ្នា»៕ PS