ភ្នំពេញៈ ​ការឧបត្ថម្ភ​ថវិកា​សម្រាប់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ក្នុង​ខែកុម្ភៈ មាន​ការថយចុះ​យ៉ាងខ្លាំង បើ​ប្រៀបធៀប​នឹង​ការឧបត្ថម្ភ​នៅក្នុង​ខែមករា​ដើមឆ្នាំ​ ២០២១ ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ចេញ​ថ្ងៃទី​ ១៧ ​មីនា​ ស្តីពី​ការបរិច្ចាគ​ដែល​មូលនិធិ​គន្ធបុប្ផា​ទទួលបាន​ក្នុង​ខែកុម្ភៈ​ឱ្យ​ដឹងថា ក្នុង​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ នេះ មូលនិធិ​គន្ធបុប្ផា​ទទួលបាន​ការបរិច្ចាគ​សរុប​តែ​ចំនួន ៣០៤ ៣១៨ ១០០ ​រៀល និង ១៨៩ ០១៨ ដុល្លារ​អាមេរិក ខណៈ​នៅក្នុង​ខែ​មករា ឆ្នាំ​ ២០២១ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានទទួល​ថវិកា​បរិច្ចាគ​សរុប​រហូតដល់ ២ ៣០៥ ០៨៥ ៦០០ ​រៀល និង ២ ៤៦០ ០២០ ​ដុល្លារ​អាមេរិក​។

ប្រភព​អ្នកចូលរួម​បរិច្ចាគ​ក្នុង​ខែកុម្ភៈ​សរុប​ចំនួន​តែ ៥ ៣៦៥ រូប​ ដែល​រួមមាន​សមាជិក​កិត្តិយស ៤ ​រូប សមាជិក​គាំទ្រ ៤ ៦៩៨ រូប សប្បុរសជន​ផ្សេងៗ ៦៦៣ រូប និង​ថវិកា​ទទួលបាន​ពី​ហឹប​បរិច្ចាគ​នៅតាម​គោលដៅ​ចំនួន ៣ ​ទីតាំង​។ ប៉ុន្តែ​សប្បុរសជន​ដែល​ចូលរួម​ក្នុង​ខែមករា​មាន​សរុប​ចំនួន​រហូតដល់ ១៦ ០៩៧ រូប​ដែល​មាន​សមាជិក​កិត្តិយស ២៤ ​រូប សមាជិក​គាំទ្រ​ ១៥ ២៥៧ រូប និង​សប្បុរសជន​ផ្សេងៗ ៨១៦ រូប ពី​ការកាត់​កម្រៃ​សំបុត្រ​ចូល​ទស្សនា​នា​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២០ និង​ថវិកា​ទទួលបាន​ពី​ហឹប​បរិច្ចាគ​នៅ​តាម​គោលដៅ​ចំនួន​ ៤ ​ទីតាំង​។

«​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ក៏​សូម​លើកទឹកចិត្ត​សប្បុរសជន ទាំង​ក្នុង និង​ក្រៅប្រទេស​ឱ្យ​បន្ត​ចូលរួម​បរិច្ចាគ​ជា​៖ (១) សមាជិក​កិត្តិយស ដោយ​បរិច្ចាគ​ចាប់ពី ២០ ០០០ ០០០ (​ម្ភៃ​លាន​) ​រៀល​/៥ ០០០ (​ប្រាំ​ពាន់​) ដុល្លារ​អាមេរិក​ក្នុង​ ១ ​ឆ្នាំ​ឬ (២) សមាជិក​គាំទ្រ ដោយ​បរិច្ចាគ​ចាប់ពី​ ៥ ០០០ (​ប្រាំ​ពាន់​) ​រៀល​ក្នុង​ ១ ​ខែ​/៦០ ០០០ (​ហុកសិប​ពាន់​) ​រៀល​ក្នុង​ ១ ​ឆ្នាំ​»​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បន្តថា ការបន្ត​បរិច្ចាគ​ថវិកា​ក្នុង​ស្មារតី ខ្មែរ​ជួយ​ខ្មែរ​នេះ គឺ​បាន​ទ្រទ្រង់ និង​ធានា​ឱ្យបាន​នូវ​កិច្ចដំណើរការ​ប្រកប​ដោយ​ចីរភាព ប្រសិទ្ធភាព និង​គុណភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់​។ «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ទាំងអស់​ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​បរិច្ចាគ​ថវិកា​សម្រាប់​ទ្រទ្រង់ និង​ធានា​នូវ​កិច្ចដំណើរការ​ប្រកប​ដោយ​ចីរភាព​ប្រសិទ្ធភាព និង​គុណភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ៥ ទីតាំង​សំដៅ​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ និង​ទារក​នៅ​កម្ពុជា​»​។

ជាមួយគ្នា​នោះ លេខាធិការ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៏​បាន​លើកទឹកចិត្ត​សប្បុរសជន​នានា​ឱ្យ​បន្ត​ចូលរួម​បរិច្ចាគ តាមរយៈ​មធ្យោបាយ​បរិច្ចាគ​ដោយ​ឥតគិតថ្លៃ​សេវា​ជាមួយ​ធនាគារ ABA ធនាគារ ACLEDA, Canadia, Chip Mong, Sathapana ធនាគារ​ឯកទេស Wing និង ភ្នាក់ងារ True Money ឬ​តាមរយៈ​ទូរស័ព្ទ​លេខ ០៦១ ៧០ ១១១១»៕

វីដេអូ៖