ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី ២ ខែមេសា សមត្ថកិច្ចបានឃាត់ម៉ូតូចំនួន៦៥ គ្រឿង និងរថយន្តចំនួន ៦គ្រឿង ដែលបើកបរលើសម៉ោងកំណត់ដែលមានចែងនៅក្នុងបម្រាមគោចរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈម្ចាស់យានយន្តតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង១៤ថ្ងៃ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៣ មេសា នេះថា ក្នុងប្រតិបត្តិការយប់ថ្ងៃទី ២ មេសា ដោយមានការចូលរួមដោយផ្ទាល់ពីស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត និងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចុះពិនិត្យស្ទើរគ្រប់ទីតាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកថា៖«ជាក់ស្តែងចុះពិនិត្យគោលដៅសរុបមាន ៣១គោលដៅ គោលដៅចល័ត(កម្លាំងចល័ត) ១៧ គោលដៅ ហើយយប់មិញសរុបជារួមយើងធ្វើការឃាត់ម៉ូតូ ៦៥គ្រឿង និងរថយន្ត ៦ គ្រឿង ចំណែកមនុស្ស ណែនាំឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ»។ លោកថា បន្ទាប់ពីម្ចាស់យានយន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃហើយ អាចទៅយកម៉ូតូ និងរថយន្តនៅតាមទីតាំងដែលបានឃាត់ទុក។

បើតាមលោក សុខសីហា ក្នុងប្រតិបត្តិការយប់មិញក៏មានករណីលើកលែងមួយចំនួនផងដែរ ចំពោះអ្នកធ្វើដំណើរដែលភ្ជាប់មកជាមួយឯកសារគ្រប់គ្រាន់ដែលបញ្ជាក់ពីម៉ោងការងារវេនយប់ និងឯកសារផ្សេងៗ ខណៈម្ចាស់យានយន្តដែលត្រូវបានឃាត់ពុំមានឯកសារបញ្ជាក់ឡើយ។

លោកបានគូសបញ្ជាក់ថា នៅយប់ថ្ងៃទី៣ មេសា នេះ សមត្ថកិច្ចនឹងបន្តចុះអនុវត្តតាមបម្រាមគោចរឱ្យម៉ឺងម៉ាត់ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ បានហាមការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ចាប់ពីចន្លោះ ម៉ោង ៨ យប់ ដល់ ម៉ោង ៥ ទៀបភ្លឺ រយៈពេល ២ សប្តាហ៍ ចាប់ពី ថ្ងៃទី១ ដល់ ថ្ងៃទី ១៤ ខែមេសា ២០២១៕